សហរដ្ឋអាមេរិក ៖ 1X Technologies ជាក្រុមហ៊ុនបច្ចេកវិទ្យានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញមនុស្សយន្ត Humanoid ដ៏ឆ្លាតវៃអាចធ្វើការងារផ្ទះគ្រប់បែបយ៉ាងតាមបញ្ជាដើម្បីសម្រួលដល់ម្ចាស់ផ្ទះ ប៉ុន្តែតម្លៃវិញមិនថោកទេ ដែលមនុស្សយន្តនេះឈ្មោះ «NEO» មានកម្ពស់១ម៉ែត្រ៦៧ មានតម្លៃ២ម៉ឺនដុល្លារ ។ ការបង្ហាញមនុស្សយន្តនេះធ្វើឱ្យមនុស្សជាច្រើនចង់ទិញវាយកទៅប្រើប្រាស់ ខណៈអ្នកខ្លះទៀតបារម្ភពីសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។
«ក្រុមហ៊ុន 1X Technologies មានគម្រោងលក់មនុស្សយន្តឆ្លាតវៃនៅសហរដ្ឋអាមេរិកនាដើមឆ្នាំ២០២៦ ក្នុងតម្លៃ២ម៉ឺនដុល្លារ ឬអាចបង់ក្នុងប្រព័ន្ធសមាជិកប្រចាំខែ ចំនួន៤៩៩ដុល្លារ ។ មនុស្សយន្ត Humanoid អាចធ្វើការងារផ្ទះគ្រប់យ៉ាង ដែលវាធ្លាប់ជាក្តីសុបិនរបស់ពលរដ្ឋអាមេរិកពីមុនមក ទើបក្រុមហ៊ុនបច្ចេកវិទ្យាស្រាវជ្រាវពីការផលិត ពេលនេះ មនុស្សយន្ត Humanoid ឈ្មោះ «NEO» បានបង្ហាញរូបរាងពិតប្រាកដហើយ» ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Bernt Bornich ជា CEO របស់ក្រុមហ៊ុន 1X Technologies ។.jpg)
ក្រុមហ៊ុនបើកឱ្យអតិថិជនកុម្ម៉ង់ទិញជាមុនចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ អតិថិជនត្រូវកក់ប្រាក់មុនចំនួន២០០ដុល្លារ ។ មនុស្សយន្ត NEO ត្រូវបានផលិតឡើងដើម្បីជួយធ្វើការងារផ្ទះផ្សេងៗ ដូចជា ៖ បើកទ្វារផ្ទះទទួលភ្ញៀវ ឬទទួលម្ចាស់ផ្ទះត្រឡប់ពីធ្វើការ, ជួយរើសវត្ថុនានា, ដើរបិទភ្លើងតាមបន្ទប់ផ្សេងៗពេលយប់ និងធ្វើការងារក្នុងផ្ទះបាយ វានឹងមានសមត្ថភាពខ្លាំងឡើងនៅពេលអាប់ឌេត Software ។

គុណសម្បត្តិនៃការធ្វើការងារផ្ទះរបស់មនុស្សយន្ត គឺម្ចាស់ផ្ទះអាចបញ្ជាវាឱ្យធ្វើការងារជុំវិញផ្ទះ រួមទាំងអាចដាស់តឿនពេលវេលាទៅម្ចាស់ផ្ទះដើម្បីធ្វើការងារអ្វីមួយឱ្យរួចរាល់ ។ ម្ចាស់អាចត្រួតពិនិត្យវាធ្វើការតាម App ទូរស័ព្ទ តាមរយៈកាមេរ៉ាបំពាក់លើមុខមនុស្សយន្ត ដែលកាមេរ៉ានេះនឹងថតរូបភាពកន្លែងណាដែលវាមើលឃើញ ។ រីឯការងារខ្លះដែលវាពុំអាចធ្វើបាន គឺម្ចាស់អាចណាត់ជួបអ្នកជំនាញរបស់ក្រុមហ៊ុនផលិតដើម្បីអាប់ឌេត Software ឱ្យវាអាចធ្វើការបន្ថែមទៀត ។.jpg)
ក្រុមហ៊ុនផលិតបានប្រើប្រាស់បច្ចេកវិទ្យា AI លើរូបភាពនិងសំឡេង ដើម្បីជួយឱ្យមនុស្សយន្តអាចចងចាំសំឡេងម្ចាស់ផ្ទះ និងឆ្លើយតបពេលមានអ្នកណាម្នាក់ហៅ ។ បច្ចេកវិទ្យា AI ក៏ជួយបង្កើនប្រសិទ្ធភាពពេលធ្វើការក្នុងផ្ទះបាយផងដែរ ដូចជា ៖ ចងចាំគ្រឿងផ្សំ និងបន្លែផ្សេងៗសម្រាប់ចម្អិនអាហារ, ណែនាំមុខម្ហូប និងអាចតុបតែងខ្លួនវាដោយស្វ័យប្រវត្តិពេលម្ចាស់ប្រើឱ្យធ្វើការច្រើនម៉ោង ។

អ្នកបានឃើញរូបរាងវា សរសើរពីគុណសម្បត្តិ និងកុម្ម៉ង់ទិញពីក្រុមហ៊ុន ដោយសារចង់ដឹងតើវាអាចធ្វើការងារផ្ទះបានច្រើនកម្រិតណា ប៉ុន្តែអ្នកខ្លះទៀតបែរជាបារម្ភពីបច្ចេកវិទ្យា AI បំពាក់លើមនុស្សយន្តធ្វើការងារផ្ទះ ។ ពួកគេសួរថា តើគួរធ្វើដូចម្តេចពេលវាមានបញ្ហា ឬមិនស្តាប់បញ្ជា ហើយក៏សម្លាប់ម្ចាស់ពេលកំពុងសម្រាន្តលក់ ៕










