តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping បាននិយាយរាក់ទាក់គ្នាបន្តិចក្រោយចាប់ដៃនិងថតរូបជាមួយគ្នា មុនពេលមដឹកនាំប្រទេសមហាអំណាចទាំង២រូបចាប់ផ្តើមប្រជុំទ្វេភាគីក្នុងបន្ទប់ដោយពុំអនុញ្ញាតឱ្យក្រុមសារព័ត៌មានចូល ដែលការជួបគ្នានេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ ។ ការជួបគ្នាលើកនេះត្រូវបានរំពឹងថា នឹងជជែកពីប្រធានបទជាច្រើន ជាពិសេស បញ្ហាពន្ធទំនិញ និងជម្លោះពាណិជ្ជកម្មដ៏តានតឹងរវាងប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5e7WPBGzoo4ziC6mwu5mcY5LBvY_lufEdgL5taUZOw2cPWfVIUVopwtbwVKzFf-OaRMJmmbWs7bv3RlnK69XZ9i2tZVTMLdZXlp_Fm0F8OawTGmk58VbkmrYsLBWIx_oSFsKF8_QBIkZCAE2HQqLw4yD1WsgK8T_C676CnaS4ROc-Tf3lu3o5QoTkhhLN/s760/image_2025-10-30_11-30-19%20(2).png
សារព័ត៌មានអន្តរជាតិនានាបានថតរូបភាពប្រធានាធិបតីអាមេរិក លោក Trump និងប្រធានាធិបតីចិន លោក Xi ជួបគ្នាម្តងទៀតក្នុងរយៈពេល៦ឆ្នាំ នៅមូលដ្ឋានទ័ពអាកាសគីមហេ ទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូង ។ ក្នុងឱកាសនេះ លោក Trump បានទទួលស្វាគមន៍លោក Xi ក្នុងលក្ខណៈមិត្តភាព និងសរសើរប្រធានាធិបតីចិនថា លោក Xi ជាមនុស្សពូកែចរចា បន្ទាប់មក មេដឹកនាំប្រទេសមហាអំណាចទាំងពីរក៏ចូលរួមប្រជុំជាសម្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvVvdT7GNfhI2CqdfWB4vs0O6-c9rM4rYbofl-n7IyBXxP6WV-wCJvWWSbtKtkt3ZCr3_G0dubgN6Iy5avuyERwzIoHwwfY-sYGSZZCRjzLzP9DvewER6dxrtyoYKHqhnYoT1JsimDAelY0gYYAt9V_yp35ssrn12OYeMCFUTaW45k7F2wm0e2L3rKA2s/s1024/image_2025-10-30_11-30-18.png

ចំណែកប្រធានាធិបតីចិន លោក Xi បានថ្លែងមុនចូលរួមប្រជុំជាផ្លូវការជាមួយលោក Trump ថា ដោយសារចិននិងអាមេរិកមានលក្ខខណៈប្រទេសខុសគ្នា ទើបវាជារឿងធម្មតាដែលមហាអំណាចទាំងពីរលើពិភពលោកមានការខ្វែងគំនិត ឬមានជម្លោះកើតឡើងម្តងម្កាល ប៉ុន្តែប្រទេសទាំងពីរគួរបន្តដំណើរក្នុងទិសដៅត្រឹមត្រូវ និងជួយជំរុញកប៉ាល់ធំនៃសម្ព័ន្ធភាពអាមេរិក-ចិនបន្តដំណើរទៅមុខ ។ លោក Xi ក៏បានសរសេរប្រធានាធិបតីអាមេរិកដែរថា មានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព ជាពិសេស ជំរុញឱ្យមានបទឈប់បាញ់នៅតំបន់កាហ្សា រួមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងកីឡាឡាំពួរ ។

ប្រទេសនានារំពឹងថា មេដឹកនាំមហាអំណាចទាំងពីរនឹងជជែកជាច្រើនប្រធានបទ ដូចជា ៖ បញ្ហាពន្ធទំនិញ, ការលួចនាំចូលថ្នាំញៀន Fentanil ដែលបានសម្លាប់ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ, គ្រប់គ្រងការនាំចេញរ៉ែកម្រ (Rare Earth) របស់ចិន និងបញ្ហាចិននាំចូលសណ្តែកសៀងអាមេរិក ។ ក្រៅនេះ ក៏ជជែកពីប្រធានបទគ្រប់គ្រងការនាំចេញ Semiconductor របស់អាមេរិក, បញ្ហាសន្តិសុខ ជាពិសេស សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងគោលជំហររបស់អាមេរិកចំពោះតៃវ៉ាន់, ថ្លៃកំពង់ផែសម្រាប់កប៉ាល់ចិនចូលចតនៅកំពង់ផែអាមេរិក និងកិច្ចព្រមព្រៀងទិញ TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv6chKIubMjQnfLlRcv1tE3pYbhw5NlUv-FiNaNM0byi7-VebJ_3k-yjczz04vjWdChXPJaku0QS4wFnklJeR6ljDjOiKUqYVuULBtTIHNSuaq1V8prglHQAjujI6fvvZ9LDBI1oCS-tpGQNDWEX8tmUK4gytAC7KDFmJ9IU8eRB5RjecMjyadPQajeX5F/s760/image_2025-10-30_11-30-19.png

តាមការសន្និដ្ឋានរបស់អន្តរជាតិ គឺការជួបគ្នាលើកនេះរបស់មេដឹកនាំមហាអំណាចទាំងពីរអាចចរចាពីការបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយលោក Trump បានថ្លែងមុនកិច្ចប្រជុំជាមួយចិនថា យើងមានគម្រោងចរចាគ្នា អាមេរិកត្រៀមខ្លួនរួចហើយក្នុងការព្រមព្រៀងជាមួយចិនជាច្រើនរឿង ហើយយើងនឹងបន្ថែមការព្រមព្រៀងលើរឿងជាច្រើនទៀតនាពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGO4jrp-c-hH8bcAhC3wtXbxjE4Bm9_G4aiTTxN3_1mCD6juw8rXnVlgcZS053_iFSKhV8tyDICJLv318gscojy9uetG6CAHjuN-eiM6qn9FbJ7sNOVnGGBn0enUUo5xyh7sGAz8MFqMBDuiB755YpXyJu4vz2Mq1Azej35ACFYS8mq2MNs-hKLJuFjFU/s2000/image_2025-10-30_11-30-18%20(2).png

គួរបញ្ជាក់ថា លោក Trump បានចុះ MOU រ៉ែកម្រជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីជាបន្តបន្ទាប់ពេលអាមេរិកកំពុងមានជម្លោះពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនលំដាប់ទី១ លើពិភពលោក ។ ក្រោយចិនរឹតត្បិតលើការនាំចេញរ៉ែកម្រដ៏សំខាន់របស់ខ្លួន លោក Trump ក៏បានដំឡើងពន្ធទំនិញចិនបន្ថែម១០០% ដែលអត្រាពន្ធថ្មីខ្ពស់នេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលការដំឡើងពន្ធធ្វើឱ្យចិនខឹងសម្បារ និងព្រមានសងសឹកវិញ ។ ទោះយ៉ាងណា មន្រ្តីអាមេរិកនិងចិនបានស្កាត់ជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយភាពតានតឹងមុនឈានដល់ជំនួបរវាងលោក Trump និងលោក Xi ៕