ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានជជែកផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយស្នើឱ្យអាមេរិកបញ្ចុះពន្ធទំនិញថៃបន្ថែមទៀតក្នុងអត្រាក្រោម១៩% ។ នាយករដ្ឋមន្ត្រីថៃថា ការចរចាពន្ធទំនិញជាមួយប្រធានាធិបតីអាមេរិកនៅកូរ៉េខាងត្បូងមានសញ្ញាល្អសម្រាប់ថៃ និងរង់ចាំដំណាក់កាលចុងក្រោយមុនពេលចុះហត្ថលេខាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

បន្ទាប់ពីជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump ក្រោយចូលរួមអាហារពេលល្ងាចជាមួយមេដឹកនាំសេដ្ឋកិច្ច APEC កាលពីថ្ងៃទី២៩ ខែតុលា នៅសណ្ឋាគារ Commodore Hotel ទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង លោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា លោកបានអរគុណប្រធានាធិបតីអាមេរិកដែលសម្របសម្រួល និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ព្រមទាំងនិយាយថា ពេលនេះ កម្ពុជាបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ខណៈថៃត្រៀមខ្លួនអនុវត្តតាមការកំណត់ក្នុងកិច្ចព្រមព្រៀងដើម្បីឱ្យភាគីទាំងពីរសម្រេចលទ្ធផលឆាប់បំផុត ។

នាយករដ្ឋមន្ត្រីថៃបន្តថា លោកបានជជែកជាមួយលោក Trump ឱ្យបញ្ចុះពន្ធទំនិញថៃបន្ថែមទៀតក្នុងអត្រាក្រោម១៩% ភាគីទាំងពីរនឹងជជែកគ្នាបន្តពីការបញ្ចុះពន្ធទំនិញ ហើយការចរចាពន្ធទំនិញជាមួយអាមេរិកមានសញ្ញាល្អ និងរង់ចាំដំណាក់កាលចុងក្រោយមុនពេលចុះហត្ថលេខាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ មុនពេលចុះហត្ថលេខាពាណិជ្ជកម្ម លោក Anutin បានសុំឱ្យលោក Trump ជួយគាំទ្រថៃទទួលបានលក្ខខណ្ឌល្អជាងនេះ ខណៈថៃធ្វើជាមិត្តជាមួយអាមេរិកជាប្រទេសមហាអំណាចរហូតមក ខណៈលោក Trump យល់ព្រមយករឿងនេះទៅជជែកជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិក ថាតើគួរធ្វើដូចម្តេចឱ្យថៃទទួលបានប្រយោជន៍ច្រើន ។

នាយករដ្ឋមន្ត្រីថៃបានជជែករឿងពន្ធទំនិញជាមួយលោក Trump ម្តងហើយពេលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា បន្ទាប់មក ពេលចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង លោកក៏បានជជែករឿងពន្ធទំនិញជាមួយលោក Trump ម្តងទៀត ។ លោក Trump មានការងារច្រើនត្រូវបំពេញ ទើបនាយករដ្ឋមន្ត្រីថៃជជែករឿងពន្ធនេះឡើងវិញ រីឯលោក Trump យល់ព្រម ដែលនេះជាសញ្ញាល្អសម្រាប់ថៃ ។

នាយករដ្ឋមន្ត្រីថៃបានព្យាយាមធ្វើឱ្យប្រទេសនានាចាប់អារម្មណ៍ធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ក្នុងអំឡុងពេលលោកចូលរូមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី និងកិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង ដោយបានជជែកជាមួយមេដឹកនាំបណ្តាប្រទេសអាស៊ាន, នាយករដ្ឋមន្ត្រីកាណាដា, ប្រធានាធិបតីចិន, ប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីអាមេរិក ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៥ អាមេរិកបានបញ្ចុះពន្ធទំនិញនាំចូលពីប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន នូវអត្រាពន្ធស្មើគ្នា គឺ១៩% ខណៈវៀតណាមត្រូវអាមេរិកដាក់ពន្ធ២០%, ឡាវ៤០%, បង់ក្លាដែស២០%, ស្រីលង្ការ២០%, មីយ៉ាន់ម៉ា៤០% និងសិង្ហបុរី១០% ។ ពន្ធថ្មី១៩% ដែលអាមេរិកដាក់លើថៃនិងកម្ពុជានេះ ធ្វើឡើងក្រោយពេលប្រទេសទាំងពីរយល់ព្រមអនុវត្តបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា តាមសំណើរបស់លោក Trump និងមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ៕