ប្រទេសថៃ ៖ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC និងកិច្ចប្រជុំពាក់ព័ន្ធ ហើយលោកគ្រោងជជែកជាមួយបណ្តាមេដឹកនាំប្រទេសមហាអំណាចលើពិភពលោក ដូចជា ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping ក៏ដូចជាមេដឹកនាំប្រទេសផ្សេងទៀតដើម្បីបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ថៃក្រោយបញ្ចប់កិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៩ ខែតុលា ។

នៅថ្ងៃទី២៩ ខែតុលា មុនឡើងយន្តហោះទៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣២ នាយករដ្ឋមន្ត្រីថៃ លោក Anutin បាននិយាយនៅអាកាសយានដ្ឋានដនមឿងថា ថៃនឹងទទួលបានផលប្រយោជន៍ពីកិច្ចប្រជុំនេះ ពីព្រោះលោកនឹងជួបមេដឹកនាំប្រទេសជាច្រើន រួមមាន ៖ ចិន កាណាដា កូរ៉េខាងត្បូង ព្រុយណេ និងអាចជួបជប៉ុន ។ លោកសង្ឃឹមនឹងជួបប្រធានាធិបតីអាមេរិក លោក Donald Trump ម្តងទៀត ពីព្រោះកន្លែងអង្គុយតាមតួអក្សរ គឺអក្សរ T (Thailand) និងអង្ករ U (United States) នៅជាប់គ្នា ដែលនេះជាឱកាសជជែកដើម្បីបង្កើនឱកាសពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីអាមេរិក ។
លោកនឹងជួបប្រធាធិបតីចិន លោក Xi Jinping ផងដែរ ដើម្បីឱ្យចិនជួយទិញអង្ករថៃចំនួន៥សែនតោនសម្រាប់បង្កើនប្រាក់ចំណូលជាតិ ។ ចំណែកការជួបមេដឹកនាំកូរ៉េខាងត្បូងដើម្បីពិភាក្សាពីថៃនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពីប្រធានបទបង្ក្រាបការឆបោកអនឡាញ គឺលោកបានប្រកាសក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីរួចហើយថា ថៃនឹងរៀបចំកិច្ចប្រជុំជាមួយប្រទេសនានាសហការបង្ក្រាបការឆបោកអនឡាញ ដែលបច្ចុប្បន្ន រាលដាលពេញពិភពលោក ។
នាយករដ្ឋមន្ត្រីថៃ លោក Anutin បានចាកចេញពីប្រទេសថៃនាវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣២ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានបទសំខាន់គឺ «Building a Sustainable Tomorrow» ។ ក្រៅពីនេះ លោកនឹងចូលរួមកិច្ចប្រជុំកំពូលអ្នកជំនួញ APEC ប្រចាំឆ្នាំ២០២៥ ព្រមទាំងពិភាក្សាទ្វេភាគីជាមួយមេដឹកនាំសេដ្ឋកិច្ច APEC និងវិស័យធុរកិច្ច ។
នាយករដ្ឋមន្ត្រីថៃប្រឹងប្រែងរឹតចំណងមិត្តភាពជាមួយអាមេរិកឡើងវិញក្រោយពីទំនាក់ទំនងរវាងប្រទេសទាំងពីរឃ្លាតឆ្លាតពីគ្នា ហើយលោកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រ ដែលធ្វើសង្គមថៃបារម្ភពីការប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន ។
.png)
គួរបញ្ជាក់ថា កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅឆ្នាំ២០២៥ រៀបចំឡើងនៅក្រោមគោលគំនិត៣សំខាន់ៗ រួមមាន ៖ Connect, Innovate និង Prosper ដើម្បីភ្ជាប់តំបន់ជាមួយការច្នៃប្រឌិត និងជំរុញការរីកចម្រើនរួមគ្នា ៕










