មនុស្សជាច្រើនយល់ថាការយំ ជាសញ្ញានៃភាពទន់ខ្សោយ ឬបង្ហាញការអស់ទ្រាំ ប៉ុន្តែការពិត យំ គឺជាចម្លើយផ្លូវអារម្មណ៍ពីធម្មជាតិរបស់មនុស្ស ដែលមានតួនាទីជួយសម្រួលអារម្មណ៍ កាត់បន្ថយស្ត្រេស និងធ្វើឲ្យផ្លូវចិត្តប្រសើរឡើងវិញ។ បើតាមអត្ថបទមួយពី CNA Lifestyle បានលើកឡើងថា ការយំអាចជាវិធីមួយក្នុងការថែរក្សាសុខភាពផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាពបំផុត។
ធ្លាប់អត់ពេលអត់សប្បាយចិត្តរត់ទៅយំ ពេលយំរួចមានអារម្មណ៍ថាដូចដកបន្លាចេញពីទ្រូង? នេះមកពីពេលអ្នកយំមិនត្រឹមតែបញ្ចេញទឹកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែជាប្រតិកម្មរវាងផ្លូវរាងកាយ និងផ្លូវចិត្តជាផងដែរ។ ទឹកភ្នែកនោះមានសារធាតុស្ត្រេសដូចជា cortisol និង prolactin ដែលរាងកាយចង់បញ្ចេញចេញ។ បន្ទាប់ពីយំរួច បេះដូងនឹងចាប់ផ្តើមលោតយឺត ហើយការដកដង្ហើមបានវែងជាងមុន ពេលនោះអារម្មណ៍ធូរស្រាលនឹងវិលមកវិញ ដែលមិនមែនជាអារម្មណ៍ចៃដន្យឡើយ តែជាផលវិទ្យាសាស្ត្ររបស់រាងកាយបន្ទាប់ពីយំរួច។
មនុស្សយំដោយសារអារម្មណ៍ជាច្រើនប្រភេទ រាប់ទាំងការយំពេលសោកស្តាយ ការឈឺចាប់ ឬបាត់បង់អ្វីមួយ។ ប៉ុន្តែនៅពេលខ្លះ មនុស្សក៏អាចយំនៅពេលមានអារម្មណ៍រីករាយ ឬសប្បាយចិត្តខ្លាំងពេកផងដែរ។ អ្នកជំនាញបញ្ជាក់ថា ពេលមនុស្សប្រើអារម្មណ៍ខ្លាំងពេក នោះ ប្រព័ន្ធផ្លូវចិត្តនឹងប្រើទឹកភ្នែកដើម្បីបញ្ចេញអារម្មណ៍ដែលស្ទះក្នុងចិត្តនោះចេញមក។
ជាទូទៅការសិក្សាបង្ហាញថា ស្ត្រីតែងតែយំញឹកជាងបុរស ដែលនេះមិនមែនដោយសារកត្តាជីវសាស្រ្តប៉ុណ្ណោះទេ វាក៏ដោយសារវប្បធម៌សង្គម ដែលធ្វើឲ្យបុរសតែងតែត្រូវស្ទាក់ស្ទើរក្នុងការបង្ហាញអារម្មណ៍ ខុសពីមនុស្សស្រីដែលងាយបង្ហាញអារម្មណ៍ និងទឹកភ្នែក។ ប៉ុន្តែការទប់ទឹកភ្នែកយូរអាចនាំឲ្យមានអារម្មណ៍កាន់តែតានតឹង ឬអស់កម្លាំងផ្លូវចិត្ត។ អ្នកជំនាញផ្លូវចិត្តណែនាំថា ការអនុញ្ញាតឲ្យខ្លួនឯងយំពេលត្រូវការ មិនមែនជារឿងគួរអៀនខ្មាស់ទេ តែជាផ្នែកមួយនៃការថែរក្សាផ្លូវចិត្តឲ្យមានស្ថេរភាព។
បន្ថែមពីនេះ ការទប់យំជាបន្តបន្ទាប់ក៏អាចនាំឲ្យមានបញ្ហាផ្លូវចិត្ត និងរាងកាយផងដែរ ដូចជា ឈឺក្បាល សាច់ដុំតានតឹង ឬមានអារម្មណ៍អស់កម្លាំង ដែលវាអាចបណ្ដាលឲ្យខួរក្បាលគិតច្រើន ឬងាយខឹងជាងមុន។
ទោះជាយ៉ាងណា បើទោះបីជាការយំមានសារៈប្រយោជន៍ក៏ដោយ ប៉ុន្តែប្រសិនបើអ្នកយំញឹកញាប់ពេក ហើយយំដោយគ្មានមូលហេតុ ឬមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ នោះវាអាចជាសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ឬភាពតានតឹងយូរ។ ក្នុងករណីនេះ អ្នកគួរប្រញាប់ពិភាក្សាជាមួយអ្នកជំនាញផ្លូវចិត្ត ដើម្បីទទួលបានជំនួយ។
សូមរំលឹកថា ការយំមិនមែនជាវិធីតែមួយគត់ដែលជួយរក្សាផ្លូវចិត្តឲ្យនឹងនរនោះទេ ប៉ុន្តែនៅមានសកម្មភាពផ្សេងទៀតដែលអាចជួយកាត់បន្ថយសម្ពាធផ្លូវចិត្តបានមួយកម្រិតផងដែរ ដូចជា ការហាត់ប្រាណ សរសេរចំណាំ បង្ហាញអារម្មណ៍តាមសិល្បៈ ឬនិយាយជាមួយមិត្តភក្តិជាដើម។ អ្វីដែលសំខាន់គឺត្រូវពីស្គាល់អារម្មណ៍របស់ខ្លួន និងទទួលស្គាល់វា ដើម្បីរកវិធីសមរម្យក្នុងការដោះស្រាយ៕