ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានអនុម័តថវិកាប្រមាណ១ពាន់៥រយលានរីងហ្គីត (ឬជាង៣២០លានដុល្លារ) ដើម្បីសាងសង់របងនៅតាមបណ្តោយព្រំដែនរដ្ឋ Kelantan ជាមួយប្រទេសថៃ ដោយម៉ាឡេស៊ីរំពឹងថា របងព្រំដែនម៉ាឡេស៊ី-ថៃនឹងជួយទប់ស្កាត់ការជួ.ញដូរមនុស្ស លួចឆ្លងដែនខុសច្បាប់ ជួញដូរថ្នាំញៀន និងជារបងការពារទឹកជំនន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។
តាមការលើកឡើងរបស់មេបញ្ជាការប៉ូលិសរដ្ឋ Kelantan គម្រោងសាងសង់របងព្រំដែនម៉ាឡេស៊ី-ថៃ គឺមានការអនុម័តពីក្រុមប្រឹក្សាសន្តិសុខជាតិ ដែលបច្ចុប្បន្ន គម្រោងសាងសង់របងព្រំដែននេះស្ថិតក្នុងដំណាក់កាលដេញថ្លៃ និងរៀបចំកិច្ចសន្យា ។ របងព្រំដែននឹងចាប់ផ្តើមសាងសង់ចាប់ពីតំបន់ទុមផាត រហូតដល់តំបន់តាន់ម៉ារ៉ក ។
កាលពីថ្ងៃទី១៣ ខែតុលា កន្លងមក មេបញ្ជាការប៉ូលិសរដ្ឋ Kelantan និយាយថា ការសាងសង់របងនៅតាមមាត់ទន្លេហ្គោលក ក្នុងតំបន់រ៉ាន់តៅប៉ាន់យាំង និងតំបន់ប៉ាស៊ីម៉ាស គឺមានភាពចាំបាច់ជាយុទ្ធសាស្ត្រ មិនមែនគ្រាន់តែជាជម្រើសទៀតទេ ដោយសារទីតាំងភូមិសាស្ត្រទន្លេហ្គោលក មានសភាពតូចចង្អៀតនិងទឹករាក់ ទើបធ្វើឱ្យពិបាកគ្រប់គ្រងសុវត្ថិភាព ។ ជាមួយគ្នានេះ របងព្រំដែននឹងជួយទប់ស្កាត់ការលួចដឹកទំនិញខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងជួយការពារទឹកជំនន់ ។
គម្រោងសាងសង់របងព្រំដែនម៉ាឡេស៊ី-ថៃ គឺស្ថិតក្នុងផែនការពង្រឹងសន្តិសុខព្រំដែនដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីកាលពីចុងឆ្នាំ២០២៤ កន្លងមក ក្រោយពីម៉ាឡេស៊ីមានបញ្ហាការលួចលក់ទំនិញខុសច្បាប់ ជួញដូរថ្នាំញៀន និងលួចឆ្លងដែនខុសច្បាប់តាមព្រំដែនម៉ាឡេស៊ី-ថៃជាបន្តបន្ទាប់ ។
គួរបញ្ជាក់ថា ម៉ាឡេស៊ីមានគម្រោងសាងសង់របងព្រំដែនជាមួយថៃ ដោយសារការលួចដឹកទំនិញខុសច្បាប់កើនឡើងខ្លាំង ដូចជា ប្រេងឥន្ធនៈ ថ្នាំញៀន និងជួញដូរមនុស្ស ហើយរបងនេះនឹងទប់ស្កាត់ក្រុមធ្វើសកម្មភាពបះបោរនៅថៃ ដែលតែងតែឆ្លងដែនទៅម៉ាឡេស៊ីរកកន្លែងសុវត្ថិភាព ។ ការជួញដូរមនុស្ស រត់ពន្ធថ្នាំញៀន និងអាវុធ គឺជាបទឧក្រិដ្ឋដែលកើតឡើងនៅតាមបណ្តោយព្រំដែនម៉ាឡេស៊ី-ថៃជាយូរមកហើយ ៕