សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធចំពោះការលើកឡើងថា ចិននឹងដណ្តើមយកតៃវ៉ាន់នៅឆ្នាំ២០២៧ ពីព្រោះចិនដឹងយ៉ាងច្បាស់ កងទ័ពអាមេរិកមានអំណាចខ្លាំង ។ លោកមានទំនុកចិត្តលើទំនាក់ទំនងដ៏ល្អជាមួយលោក Xi Jinping ប្រធានាធិបតីចិន មុនពេលមេដឹកនាំប្រទេសមហាអំណាចទាំង២រូបជួបគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនាចុងខែតុលា នៅប្រទេសកូរ៉េខាងត្បូង ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Trump និយាយថា អាមេរិកមានទំនាក់ទំនងល្អជាមួយចិន ទើបលោកជឿជាក់លើចិនមិនឈ្លានពានតៃវ៉ាន់ទេ ។ លោក Trump និយាយបែបនេះក្រោយពីមានមតិមួយចំនួនលើកឡើងថា លោក Xi ប្រធានាធិបតីចិននឹងព្យាយាមដណ្តើមយកតៃវ៉ាន់នៅឆ្នាំ២០២៧ ។
មតិនានាថា លោក Xi ប្រធានាធិបតីចិននឹងវាយដណ្តើមយកតៃវ៉ាន់ ដែលចិនតែងតែអះអាងជាទឹកដីរបស់ខ្លួន ប៉ុន្តែលោក Trump ថា តៃវ៉ាន់លែងជាកែវភ្នែករបស់ចិនទៀតហើយ វាគ្មានអ្វីកើតឡើងទេ ។ ប៉ុន្តែលោកពុំបាននិយាយឱ្យច្បាស់លាស់ តើលោកនឹងសម្រេចឱ្យអាមេរិកប្រើប្រាស់កម្លាំងទ័ពការពារតៃវ៉ាន់ឬយ៉ាងណា ដោយគ្រាន់តែនិយាយថា ចិនដឹងច្បាស់ពីអាមេរិកមានអំណាចកងទ័ពខ្លាំងបំផុតលើពិភពលោក គ្មានប្រទេសណាហ៊ានទេ ប្រធានាធិបតីចិនមិនធ្វើបែបនេះឡើយ យើងកំពុងមានទំនាក់ទំនងល្អរឿងតៃវ៉ាន់ និងប្រធានបទផ្សេងៗ ។.png)
លោក Trump នឹងជួបលោក Xi ជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូងនាចុងខែតុលានេះក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ហើយគោលបំណងសំខាន់របស់លោក Trump គឺធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពជាមួយចិន ។ លោក Trump ចង់មានទំនាក់ទំនងល្ពជាមួយចិន និងចូលចិត្តទំនាក់ទំនងរវាងលោកជាមួយប្រធានាធិបតីចិន លោកនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននាដើមឆ្នាំ២០២៦ តាមការអញ្ជើញរបស់លោក Xi ។
.png)
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់តែទីក្រុងប៉េកាំងប៉ុណ្ណោះ មិនទទួលស្គាល់តៃវ៉ាន់ ប៉ុន្តែច្បាប់របស់អាមេរិកតម្រូវឱ្យផ្តល់ជំនួយសព្វាវុធដល់តៃវ៉ាន់ដើម្បីការពារខ្លួន ទើបទីក្រុងវ៉ាស៊ីនតោនអនុវត្តគោលនយោបាយមិនច្បាស់លាស់ ថាតើអាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពការពារតៃវ៉ាន់ឬអត់ ។ កន្លងមក អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយដដែលៗពីការបញ្ជាឱ្យកងទ័ពអាមេរិកជួយការពារតៃវ៉ាន់ ប្រសិនបើចិនឈ្លានពាន ៕










