កញ្ញា សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 និងកញ្ញា Waree Ngamkham Miss earth Thailand 2025 បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបវរកញ្ញាទាំងពីររូបប្រាស្រ័យទាក់ទងគ្នាដោយស្នាមញញឹមហើយថែមទាំងបានថតរូបជាមួយគ្នាផងដែរ។ ឃើញរូបភាពបែបនេះអ្នកគាំទ្រជាច្រើននិយាយដោយប្រយោលថាបវរកញ្ញាស្ថាប័នផ្សេងមិនជាបញ្ហានោះទេលើកឡើងតែបវរកញ្ញាមកពីស្ថាប័នរបស់តាណាវ៉ាត់។
ដូចអ្នកតាមដានមួយចំនួនជ្រាបមកហើយថា សារ៉ាន់ គីមឡាង បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Earth 2025 នៅលើទឹកដីប្រទេសហ្វីលីពីន។ យ៉ាងណាវត្តមានរបស់នាងដែលតំណាងឱ្យប្រទេសចូលរួមក្នុងការប្រកួតនេះហាក់មិនសូវជាផុសផុលទទួលបានការគាំទ្រខ្លាំងនោះទេ។

ទោះយ៉ាងណា អ្នកគាំទ្រជាច្រើនជាពិសេសផេកគាំទ្របវរកញ្ញាបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តទៅកាន់ សារ៉ាន់ គីមឡាង ខណៈទស្សនិកជនបានសម្លឹងឃើញថា Miss Earth Cambodia 2025 ប្រើប្រាស់ភាសាបរទេសបានល្អចំណែកឯកម្ពស់វិញគឺមិនឱ្យចាញ់បេក្ខភាពផ្សេងនោះទេ។ បន្ទាប់ពីទៅដល់ទឹកដី ហ្វីលីពីន គីមឡាង មានទំនាក់ទំនងជាមួយនឹងបវរកញ្ញាជាច្រើនរូបទៀតប្រកបដោយស្នាមញញឹម។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ មានការចែករំលែកនៅលើបណ្តាញសង្គមដោយគេបានឃើញ Miss earth Thailand 2025 រាក់ទាក់ជាមួយនឹង គីមឡាង ប្រកបដោយស្នាមញញឹមក្នុងនាមជាបវរកញ្ញាដែលតំណាងប្រទេសរៀងៗខ្លួនដោយមិនឱ្យឡូកឡំជាមួយនឹងជម្លោះរវាងប្រទេសទាំងពីរឡើយ។ បវរកញ្ញាខ្មែរនិងថៃក៏បានថតរូបជាមួយគ្នាផងដែរ។ ក្រោយពីទស្សនិកជនឃើញ គីមឡាង និង Waree រាក់ទាក់គ្នាបែបនេះហើយអ្នកគាំទ្រក៏បង្ហាញការសប្បាយចិត្តដូចគ្នា។
ជាមួយនឹងការតំណាងប្រទេសរបស់ សារ៉ាន់ គីមឡាង អ្នកគាំទ្រក៏រំពឹងថារូបនាងអាចបើកទ្វារឱ្យកម្ពុជាចូល TOP នៅក្នុងការប្រកួត Miss Earth ។ កាលពីឆ្នាំមុនអ្នកតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីនេះគឺ រដ្ឋា ភីយ៉ាដែត ប៉ុន្តែនាងទទួលបានចំណាត់ថ្នាក់ចូល TOP ឡើយ។ គូសបញ្ជាក់ថា សារ៉ាន់ គីមឡាង គឺជា Miss Cosmo Cambodia Radiant Elegance 2025 ហើយត្រូវបានជ្រើសរើសឱ្យក្លាយជា Miss Earth Cambodia 2025 ៕










