បរទេស៖ ថ្មីៗនេះមានរឿងរ៉ាវដ៏ល្បីកក្រើកមួយត្រូវបានចែករំលែកពាសពេញអុីនធើណេត ទាក់ទងនឹងវីដេអូដែលនិយាយអំពីស្រ្តីអាថ៌កំបាំងម្នាក់បង្ហាញខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy របស់អាមេរិក ជាមួយនឹងលិខិតឆ្លងដែនពីប្រទេសមួយមានឈ្មោះថា “Torenza” ដែលជាក់ស្ដែងវាគ្មាននៅលើផែនទីពិភពលោកនោះទេ។
វីដេអូនេះ បានជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការងឿងឆ្ងល់ជាខ្លាំង ថាតើស្ដ្រីខាងលើពិតជាឆ្លងភព ឬឆ្លងពេលវេលាមែនដែរឬទេ? ហើយតើរឿងរ៉ាវនេះ ជាការពិតឬមួយយ៉ាងណា?
យោងតាមសារព័ត៌មានអន្តរជាតិ NDTV របស់ឥណ្ឌា ដែលបានចុះផ្សាយកាលពីសប្ដាហ៍មុនបានឲ្យដឹងថា វីដេអូមួយបានដែលបានលេចចេញនៅលើអ៊ីនធឺណិត បានចាប់ផ្តើមរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា TikTok, X និង Reddit ជាដើម ដោយវាបានបង្ហាញថា មន្រ្តីសន្តិសុខនៅអាកាសយានដ្ឋានកំពុងសាកសួរស្ត្រីម្នាក់ដែលមានលិខិតឆ្លងដែនរបស់ប្រទេសឈ្មោះ “Torenza” និងក៏ជាសញ្ជាតិរបស់នាង។

វីដេអូរបស់ស្ដ្រីឆ្លងពេលវេលាខាងលើនេះទទួលបានអ្នកចូលទស្សនារហូតដល់រាប់លានដងក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃ។ មនុស្សជាច្រើនបានប្រៀបធៀបរឿងរ៉ាវនេះទៅនឹងរឿងព្រេងចំណាស់មួយ ដែលមានចំណងជើងថា “Man from Taured ឬ បុរសដែលមកពីប្រទេសធ័ររ៉េត” ជាអ្នកធ្វើដំណើរអាថ៌កំបាំងម្នាក់ ដែលគេចោ.ទថាមកពីប្រទេសមួយដែលគ្មានអ្នកធ្លាប់ស្គាល់ទាល់តែសោះ កាលពីទសវត្សរ៍ឆ្នាំ 1950 ។
គួរបញ្ជាក់ថា ជុំវិញពាក្យចចាមអារ៉ាមរបស់ស្រ្តីខាងលើ គឺមិនមានកំណត់ត្រាណាមួយបញ្ជាក់ពីប្រទេសមួយដែលមានឈ្មោះថា Torenza នៅក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ ឬមូលដ្ឋានទិន្នន័យអន្តរជាតិនោះទេ។
អ្នកជំនាញបាននិយាយថា វាទំនងជាការបោកបញ្ឆោតរបស់បុគ្គល ឬក្រុមមនុស្សណាមួយដែលប្រឌិតរឿងរ៉ាវចម្លែកផ្សេងៗ ដើម្បីផ្សព្វផ្សាយវាទៅលើតាមអ៊ីនធឺណិតដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ។ ចំណែកអ្នកវិភាគលើប្រព័ន្ធផ្សព្វផ្សាយម្នាក់បាននិយាយថា៖ «វាមើលទៅគួរឲ្យជឿ ព្រោះវាបានប្រើទម្រង់នៃរបាយការណ៍ព័ត៌មានពិតនិងឯកសារដែលមើលទៅមានលក្ខណៈផ្លូវការ»។ ប៉ុន្តែទោះជាយ៉ាងណា វាត្រូវបានបកស្រាយថាគ្រាន់តែជាវីដេអូបំភាន់នៅតាមអុីនធឺណេតប៉ុណ្ណោះ។
ជុំវិញករណីប្រទេស “Torenza” ឥឡូវនេះ ត្រូវបានចាត់ចូលជាប្រភេទនៃទេវកថាអ៊ីនធឺណិត ជាមួយនឹងរឿងប្រឌិតផ្សេងៗទៀត ដែលធ្វើឱ្យមនុស្សពិបាកបែងចែករវាងការពិតនិងរឿងប្រឌិត។ ខណៈដែលវីដេអូរឿងប្រឌិតនេះ បានទាក់ទាញឲ្យមនុស្សរាប់លាននាក់ចូលទស្សនា វាបានក្លាយជាការក្រើនរំលឹកដ៏សំខាន់មួយ ក្នុងការដែលមនុស្សគួរពិចារណាឲ្យច្បាស់លាស់ជាមុនសិន មុននឹងធ្វើការរំលែកអ្វីមួយនៅលើអុីនធឺណេត៕