ប្រទេសថៃ ៖ Influencer កាន់ ចមផ្លាំង បានក្លាយជាបុគ្គលល្បីល្បាញ និងទទួលការសរសើរលើកតម្កើងយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃស្ទើរមួយប្រទេស ក្រោយចេញមុខធ្វើសកម្មភាពឈ្លានពាននៅតំបន់ព្រំដែនកម្ពុជា-ថៃ មិនថាការជីកលេណដ្ឋានក្បែរប្រាសាទបុរាណ ផ្គត់ផ្គង់សម្ភារៈកងទ័ព ធ្វើបន្ទប់ទឹក បញ្ជូនរថយន្តដឹកលាម.កមកព្រំដែន បើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ ប៉ុន្តែសមាជិកព្រឹទ្ធសភា និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកជាការបំពា.នសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយបុគ្គលនេះក៏រងការរិះគ.ន់ពីមហាជនផងដែរពាក់ព័ន្ធនឹងការរៃអង្គាសប្រាក់ពីពលរដ្ឋមកចំណាយខុសគោលដៅ ។
អ្នកនិពន្ធថៃដ៏ល្បី លោក សារ៉ាវុធ ហេងសាវ៉ាត បានបង្ហោះសារក្នុងហ្វេសប៊ុកថា សង្គមអាចល្អប្រសើរបានដោយពុំចាំបាច់ចាត់ទុក Influencer កាន់ ចមផ្លាំង ជាវីរៈបុរស ដោយលោកនិយាយពីតួនាទីរបស់ កាន់ ចមផ្លាំង ដែលពលរដ្ឋថៃចាត់ទុកជាវីរៈបុរស និងសួរសំណួរពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការថែទាំពលរដ្ឋ ។ អ្នកនិពន្ធរូបនេះលើកជាគំនិតថា ជំនួសឱ្យការពឹងផ្អែកលើបុគ្គលដែលតាំងខ្លួនជាអ្នកលះបង់ដើម្បីជាតិ ប្រទេសថៃគួរបង្កើតប្រព័ន្ធថាមពលប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចំណាយប្រាក់ពន្ធយ៉ាងមានតម្លៃដើម្បីដោះស្រាយបញ្ហាប្រកបដោយនិរន្តរភាព ។
លោក សារ៉ាវុធ លើកឡើងពីតារាសម្តែងជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Henning When ធ្លាប់និយាយថា នៅអាល្លឺម៉ង់គ្មានការរៃអង្គាសថវិកាទេ ពលរដ្ឋបង់ពន្ធឱ្យរដ្ឋ ការរៃអង្គាសថវិកា គឺជាការបរាជ័យនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាល ។ រីឯខ្លួនលោកយល់ថា ការផ្តល់ថវិការបស់ពលរដ្ឋថៃជាទឹកចិត្តចំពោះសង្គម ប៉ុន្តែបើសង្គមណារៃអង្គាសថវិកា ឬអ្នកទទួលថវិកាពីពលរដ្ឋមានអំណាចនោះ វាជាបញ្ហាគួរឱ្យចោទសួរទៅស្ថាប័នរដ្ឋាភិបាលដែលមានតួនាទីសម្រាលទុក្ខលំបាក និងផ្តល់សេចក្តីសុខឱ្យពលរដ្ឋ តើកំពុងធ្វើអ្វី? ពីព្រោះពួកគេបានប្រមូលពន្ធពីពលរដ្ឋដើម្បីធ្វើសកម្មភាពទាំងនេះ ។ អ្នកប្រកបអាជីវកម្មដើម្បីសង្គមប្រាប់ទៅ កាន់ ចមផ្លាំង មិនបាច់ធ្វើសកម្មភាពបែបនេះទេ បើរដ្ឋាភិបាលបំពេញតួនាទីល្អគ្រប់គ្រាន់ ។
នៅប្រទេសថៃមានពលរដ្ឋកើតទុក្ខមិនសុខចិត្តច្រើន ទើបធ្វើឱ្យ កាន់ ចមផ្លាំង ក្លាយជាវីរៈបុរស វាបណ្តាលមកពី កាន់ ចមផ្លាំង តាំងចិត្តចង់ដោះស្រាយបញ្ហាសង្គម ដែលអ្នកនិពន្ធថៃយល់ថា ជារឿងល្អ ប៉ុន្តែពេល កាន់ ចមផ្លាំង ធ្វើសកម្មភាពបានមួយរយៈ គឺប្រយោជន៍របស់ពលរដ្ឋចាប់ផ្តើមឡូកឡំជាមួយប្រយោជន៍របស់ Influencer ។ បុគ្គលនេះត្រូវបានលើកតម្កើងជាវីរៈបុរសដោយសារព្យាយាមធ្វើសកម្មភាពនៅព្រំដែន និងរៃអង្គាសប្រាក់ពីពលរដ្ឋ ដែលពលរដ្ឋគួរផ្តោតការសង្ឃឹមទៅលើរដ្ឋាភិបាលវិញ ដោយមិនចាំបាច់ផ្តល់ប្រាក់ទៅឱ្យបុគ្គលនេះដើម្បីជួយពលរដ្ឋដូចគ្នា ។
កាន់ ចមផ្លាំង បានក្លាយជាវីរៈបុរស និងមានអ្នកគាំទ្រយ៉ាងច្រើនដោយសារយល់ថាបុគ្គលនេះលះបង់ដើម្បីជាតិ ជាពិសេស ការប្រើប្រាស់បណ្តាញសង្គមកាន់តែធ្វើឱ្យបុគ្គលនេះមានចំនួនអ្នកតាមដាន និងទទួលបានការគាំទ្រខ្លាំងឡើង ។ សង្គមថៃគួរសង្ឃឹមលើការដោះស្រាយបញ្ហាយូរអង្វែងជាងនេះ ដោយកុំចាត់ទុកអ្នកណាម្នាក់ជាវីរៈបុរស ឬដោះស្រាយបញ្ហារបស់ពលរដ្ឋដោយរៃអង្គាសប្រាក់ពីពលរដ្ឋ វាជាតួនាទីរបស់រដ្ឋាភិបាលត្រូវកំណត់គោលនយោបាយដោះស្រាយបញ្ហានានា ។
បើរដ្ឋាភិបាលថៃអាចដោះស្រាយបញ្ហានោះនឹងគ្មានអ្នកណាម្នាក់ក្លាយជាវីរៈបុរសទេ ហើយពលរដ្ឋនឹងបង់ពន្ធជូនរដ្ឋដើម្បីឱ្យរដ្ឋសម្រាលទុក្ខ និងផ្តល់សេចក្តីសុខដោយតម្លាភាព ប្រសិទ្ធភាព ល្អជាងគាំទ្របុគ្គលណាម្នាក់ជាវីរៈបុរស ពីព្រោះវាមិនមែនជាតួនាទីរបស់បុគ្គលនោះ ។ យើងត្រូវការប្រព័ន្ធថាមពលដែលមានប្រជាធិបតេយ្យ អាចត្រួតពិនិត្យចំនួនថវិកាដោយតម្លាភាព គ្មានពុករលួយ និងបង្កើនប្រសិទ្ធការចំណាយប្រាក់ពន្ធរបស់ពលរដ្ឋ ។
ការពឹងផ្អែកលើបុគ្គលណាម្នាក់ដែលពលរដ្ឋចាត់ទុកជាវីរៈបុរសខ្លាំងពេក នឹងធ្វើឱ្យយើងបន្ថយការសង្ឃឹមលើរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាល ។ អ្នកនិពន្ធថៃរូបនេះជឿថា ប្រទេសថៃនឹងល្អលើសនេះច្រើន ហើយទុក្ខលំបាករបស់ពលរដ្ឋនឹងធ្លាក់ចុះ ដោយមិនចាំបាច់មាន កាន់ ចមផ្លាំង មកលះបង់ដើម្បីជាតិរហូតនឿយហត់បែកញើសដូចសព្វថ្ងៃនេះ ។
គួរបញ្ជាក់ថា កាន់ ចមផ្លាំង បានរងនូវការរិះគន់ពីអ្នកនយោបាយថៃ ដោយសារប្រកាសរៃអង្គាសប្រាក់ពីពលរដ្ឋយកមកចំណាយផ្សេងៗនៅព្រំដែនកម្ពុជា-ថៃខុសគោលដៅ ហើយពុំបញ្ជាក់ច្បាស់លាស់ពីចំនួនប្រាក់ឱ្យមហាជនដឹងឮ ។ រីឯ កាន់ ចមផ្លាំង សំណូមពរកុំឱ្យពលរដ្ឋថៃរិះគន់វាយប្រហារគ្នាឯងរឿងការរៃអង្គាសប្រាក់ ខ្លួនខ្មាស់អៀនពលរដ្ឋខ្មែរខ្លាំងណាស់ ៕