ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ថៃ បុគ្គល ប៊ុនស៊ីន ផាកក្លាង បានប្រាប់នាយករដ្ឋមន្ត្រីរបស់ខ្លួនទទួលខុសត្រូវក្នុងការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ដែលកងទ័ពថៃបានយកបន្លាលួសមកព័ទ្ធដីលំនៅឋាន ដីផ្លូវ និងដីចម្ការរបស់ពលរដ្ឋខ្មែរដោយខុសច្បាប់ ហើយបុគ្គលនេះថា ការបណ្តេញពលរដ្ឋខ្មែរអាចធ្វើបានច្រើនវិធី ប៉ុន្តែនាយករដ្ឋមន្ត្រីត្រូវពិភាក្សាជាមួយកងទ័ពគ្រប់ជាន់ថ្នាក់ដើម្បីកុំឱ្យប៉ះពាល់ទំនាក់ទំនងអន្តរជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

នៅថ្ងៃទី២០ ខែតុលា បុគ្គល ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ បានធ្វើដំណើរមកសាកលវិទ្យាល័យបច្ចេកវិទ្យាមួយនៅទីក្រុងបាងកក ដើម្បីចូលរួមគម្រោងរួមកម្លាំងគ្នាបង្កើតថាមពល ក្រោមប្រធានបទ «ការពិតពីព្រំដែនថៃ» ដែលមាននិស្សិត និងពលរដ្ឋជាច្រើនមកចូលរួម ។ បុគ្គល ប៊ុនស៊ីន បាននិយាយពីថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាកន្លងមក ព្រមទាំងសរសើរកងទ័ពដែលចូលរួមឈ្លានពាន ។

បុគ្គលនេះបន្តថា បន្ទាប់ពីចូលនិវត្តន៍ពីការងារកងទ័ព ខ្លួនត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យតែងតាំងជាអង្គរក្សពិសេស ខណៈកងទ័ពជើងគោកបានតែងតាំងខ្លួនជាទីប្រឹក្សាមេបញ្ជាកងទ័ពជើងគោក ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខ ។ បច្ចុប្បន្ន ខ្លួនមានភារកិច្ចសំខាន់ គឺចូលរួមកម្មវិធីផ្សេងៗជួបជាមួយពលរដ្ឋ និងនិស្សិតសាកលវិទ្យាល័យ ។

ឆ្លើយតបនឹងសំណួររបស់អ្នកចូលរួមដែលសួរថា បើពលរដ្ឋខ្មែរមិនព្រមចាកចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់តាមការទាមទាររបស់ថៃ តើថៃមានវិធីបែបណាដើម្បីបណ្តេញពលរដ្ឋខ្មែរ និងចំណាយពេលយូរប៉ុនណា? បុគ្គល ប៊ុនស៊ីន ថានាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ត្រូវតែទទួលខុសត្រូវក្នុងការបណ្តេញពលរដ្ឋខ្មែរ ។ នាយករដ្ឋមន្ត្រីថៃត្រូវចេញបញ្ជាទៅក្រសួងនានាឱ្យចាត់វិធានការបណ្តេញពលរដ្ឋខ្មែរ ប៉ុន្តែចាត់វិធានការបែបណា គឺអាស្រ័យលើនាយករដ្ឋមន្ត្រី និងមន្ត្រីស្ថិតក្រោមបញ្ជានាយករដ្ឋមន្ត្រី ។

ការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ អាចធ្វើបានច្រើនវិធី ហើយនាយករដ្ឋមន្ត្រីថៃមិនអាចធ្វើខ្លួនឯងដោយគ្មានការពិភាក្សាជាមួយកងទ័ពគ្រប់ជាន់ថ្នាក់ទេ ពីព្រោះប៉ះពាល់ទំនាក់ទំនងអន្តរជាតិ ។ បច្ចុប្បន្ន កងទ័ពថៃកំពុងចាត់វិធានការគ្រប់តំបន់ និងសូមឱ្យពលរដ្ឋផ្តល់កម្លាំងចិត្តដល់កងទ័ពធ្វើសកម្មភាពនៅព្រំដែន បើមិនសម្រេចដូចការគ្រោងទុក ត្រូវរៀបចំផែនការបន្ទាន់ដើម្បីទទួលបានជោគជ័យ ។

គួរបញ្ជាក់ថា ប៊ុនស៊ីន ផាកក្លាង គឺជាបុគ្គលញុះញង់ឱ្យពលរដ្ឋថៃគាំទ្រកងទ័ពធ្វើសង្គ្រាមឈ្លានពានកម្ពុជា រហូតដល់ស្តេចថៃសព្វព្រះទ័យយ៉ាងខ្លាំងតែងតាំងឱ្យធ្វើជាអង្គរក្សពិសេស ពីព្រោះកន្លងមក បុគ្គលនេះបានរាយការណ៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទៅស្តេចដោយផ្ទាល់ ។ ទោះជាឈប់កាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ប៉ុន្តែពលរដ្ឋថៃនៅតែសរសើរបុគ្គលនេះ និងរិះគន់លោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មី គ្មានជំហរម៉ឺងម៉ាត់ជាមួយកម្ពុជា ។

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីគោលជំហរមិនព្រមបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ ហើយក៏គ្មានការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ តាមការទាមទាររបស់ថៃឡើយ ។ រីឯរដ្ឋាភិបាលថៃបានដាក់លក្ខខណ្ឌចំនួន៤ សម្រាប់កម្ពុជា រួមមាន ៖ ១-ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែន (ថៃចង់មានន័យថា ឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងតំបន់ផ្សេងទៀតតាមព្រំដែនដែលថៃថាជារបស់ខ្លួន) ៕