រាជធានីភ្នំពេញ៖ អគារមួយដែលអតីតសណ្ឋាគារអង្គរមានជ័យមានអាយុកាល ៧៥ឆ្នាំ និងបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនោះ នឹងត្រូវក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើការរុះរើ និងវា.យកម្ទេចចោលក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបង្ការការបា.ក់រលំបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋជាយកថាហេតុ។
យោងតាមការជូនដំណឹងរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលលើការងាររុះរើ វាយរំលំអគារទ្រុឌទ្រោម បានដឹកនាំក្រុមការងារចុះពិនិត្យលើការងាររុះរើអគារសណ្ឋាគារអង្គរមានជ័យ ដែលស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងវិថីកម្ពជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ការចុះពិនិត្យនេះ គឺដើម្បីវាយតម្លៃផែនការអនុវត្តន៍ការងាររុះរើអគារឲ្យប្រព្រឹត្តទៅតាមសុវត្ថិភាព និងស្តង់ដារបច្ចេកទេស។
ទាក់ទងនឹងសកម្មភាពខាងលើនេះ គឺជាការអនុវត្តក្រោយរដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹង និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ និង ម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅ និងប្រកបរបរអាជីវកម្មលើអគារនេះ ឲ្យធ្វើការចាកចេញដើម្បីបង្ការការបាក់រលំ ឬគ្រោះថ្នាក់ជាយថាហេតុ។
ជាលទ្ធផលពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ ដោយសារតែអគារដ៏ចំណាស់នេះ ខ្វះការថែទាំ និងខ្វះការជួសជុលត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស អស់រយៈពេលជាយូរឆ្នាំមកហើយ។
សូមជម្រាបថា សំណង់អគារខាងលើនេះ គឺជាអតីតសណ្ឋាគារអង្គរមានជ័យ ដែលមានបន្ទប់ស្នាក់ប្រមាណ 100បន្ទប់។ តាមការសន្និដ្ឋានអគារនេះទំនងជាបានសាងសង់ឡើងនៅចន្លោះទស្សវត្តន៍ ១៩៥០ ស្ថិតត្រង់ចំណុចកែងមហាវិថីព្រះមុនីវង្សនិងកម្ពុជាក្រោម ដំណាលគ្នានឹងសណ្ឋាគារវិមានសុខាល័យ (Hotel Sukhalay)។

បើតាមឯកសារមួយចំនួនបានបង្ហាញថា ក្រោយឆ្នាំ ១៩៧៩ ផ្នែកខាងលើអគារនេះត្រូវបានប្រើប្រាស់ជាលំនៅដ្ឋានរបស់ពលរដ្ ចំណែកផ្នែកខាងក្រោមនៃអគារ ត្រូវបានប្រើប្រាស់ជាទីតាំងធ្វើអាជីវកម្ម និងត្រូវបានផ្លាស់មុខងារជាច្រើនលើកច្រើនសារ។
រហូតមកដល់ឆ្នាំ ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានកោះហៅប្រជាជនដែលកំពុងស្នាក់នៅឲ្យចូលរួមប្រជុំពិភាក្សារកដំណោះស្រាយដើម្បីចាកចេញ ដោយសារសភាពទ្រុឌទ្រោមនៃគ្រឿងបង្គុំស្ថាបត្យកម្មសណ្ឋាគារប្រវត្តិសាស្រ្តនេះ។ ហើយគិតមកដល់បច្ចុប្បន្ន ក្រោយមានការសម្រុះសម្រួល និងការផ្ដល់ដំណោះស្រាយឲ្យពលរដ្ឋប្រមាណជា ៦០គ្រួសារបានរើចាកចេញអស់ អាជ្ញាធរបាននឹងវា.យរំលំអគារនេះក្នុងពេលឆាប់ៗ៕