តារារ៉េប យូហៃ និងតារាចម្រៀង រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកគាំទ្រចាប់បានថាអ្នកទាំងពីរពាក់មួកក្នុងស្ទីលនិងពណ៌តែមួយ។ នេះបានជំរុញឱ្យអ្នកគាំទ្រកាន់តែសង្ស័យចំពោះទំនាក់ទំនងបន្ទាប់ពីចាប់បានជាច្រើនដងបើទោះបីជាពួកគេមិនបាននិយាយចេញមក។
កាលពីពេលថ្មីៗនេះមានគណនីទិកតុកមួយ បានបង្ហាញពីរូបភាពរបស់ ហ្សាណា ក្នុងសំលៀកបំពាក់ពណ៌សជាមួយនឹងមួកពណ៌សដែលតារាចម្រៀងរូបនេះទើបតែបង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ បន្ទាប់មកអ្នកគាំទ្របានបង្ហាញរូបភាពរបស់ យូហៃ ដែលពាក់មួកក្នុងស្ទីលតែមួយដែល ហ្សាណា បានបង្ហោះបើទោះបីជាមិនបង្ហាញរូបភាពច្បាស់លាស់និងឃើញទាំងស្រុងប៉ុន្តែគេជឿថាគឺជាមួកតែមួយ។
ក្នុងការបង្ហោះនោះអ្នកគាំទ្របានលើកឡើងថាពួកគេមិនចង់គិតច្រើនពីទំនាក់ទំនងរវាង យូហៃ និង ហ្សាណា នោះទេប៉ុន្តែបន្ទាប់ពីឃើញបែបនេះហើយធ្វើឱ្យមិនគិតនិងមិនចាប់គូអ្នកទាំងពីរមិនបាន។ លើសពីនេះអ្នកគាំទ្រក៏មានចម្ងល់ថាមួកដែលអ្នកទាំងពីរពាក់ជារបស់អ្នកណាឱ្យប្រាកដព្រោះមានរូបថតមួយដែលថតជុំគ្នាជាមួយនឹងតារាចម្រៀងផ្សេងទៀតបានបង្ហាញថា ហ្សាណា ជាអ្នកពាក់មួកនោះ។
នេះមិនមែនជាលើកទីមួយនោះទេដែលអ្នកគាំទ្រចាប់បានពីភាពស្រដៀងគ្នានៃសម្ភារៈរបស់ យូហៃ និង ហ្សាណា ដោយកាលពីកន្លងមកនេះអ្នកទាំងពីរក៏មានរបស់របរហាក់ដូចជាត្រូវគ្នាច្រើន។ យ៉ាងណាមិញក៏មានការលើកឡើងមួយផ្នែកទៀតដែរថា នេះអាចជារឿងចៃដន្យឬអាចនិយាយថាដោយសារតែសិល្បករមានទំនាក់ទំនងជិតស្និទ្ធដោយសារតែស្ថិតក្នុងក្រុមហ៊ុនតែមួយទើបធ្វើឱ្យមានរូបភាពនេះលេចចេញមក។
យ៉ាងណាមិញ ចំពោះទំនាក់ទំនងរបស់ យូហៃ និង ហ្សាណា នៅតែមិនភាពស្រពិចស្រពិល ត្រឹមតែជាមិត្តរួមការងារឬលើសពីនេះនោះទេព្រោះអ្នកទាំងពីរហាក់បណ្តោយរូបភាពទៅតាមការសង្ស័យរបស់អ្នកគាំទ្រជារឿយៗ៕