ប្រទេសថៃ ៖ ក្រោយពីស្តេច និងរដ្ឋាភិបាលថៃប្រគល់អំណាចពេញលេញឱ្យកងទ័ពធ្វើសកម្មភាពឈ្លានពានតាមអំពើចិត្តនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោមហេតុផលកម្ពុជាល្មើសអធិបតេយ្យ កងទ័ពថៃក៏បិទព្រំដែនជាមួយកម្ពុជាកាលពីចុងខែមិថុនា ឆ្នាំ២០២៥ ជាឯកតោភាគី ។ ក្រុមជ្រុលនិយមថៃដែលតែងតែញុះញង់តាមបណ្តាញសង្គម ព្យាយាមផ្សាយព័ត៌មានបំភ្លៃការពិតបានជំរុញឱ្យកងទ័ពបិទព្រំដែនជារៀងរហូត ដើម្បីឱ្យពលរដ្ឋកម្ពុជាអត់ឃ្លានដោយសារគ្មានការនាំចូលចំណីអាហារ និងទំនិញថៃ ប៉ុន្តែបែរជាធ្វើឱ្យពលរដ្ឋថៃអត់ឃ្លាន ដាច់ពោះស្លា.ប់ទៅវិញក្រោយពីគ្មានចំណូលសោះ ។
សង្គ្រាម៥ថ្ងៃរវាងកម្ពុជា-ថៃ គឺកើតឡើងដោយសារកងទ័ពថៃបាញ់រំលោភចូលទឹកដីកម្ពុជា ខណៈកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួន ។ កងទ័ពឈ្លានពានថៃបានប្រើប្រាស់យន្តហោះចម្បាំង Gripen, F-16 ទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពកម្ពុជា និងពលរដ្ឋស្លូតត្រង់ ថែមទាំងប្រើប្រាស់ផ្សែងពុល គ្រាប់បែកចង្កោម និងអាវុធគ្រប់ប្រភេទ ប៉ុន្តែផ្សាយព័ត៌មានបំភ្លៃប្រាប់ពិភពលោក ថាខ្លួនរងគ្រោះ និងត្រូវការសន្តិភាព ដើម្បីឱ្យពិភពលោកទទួលស្គាល់កម្ពុជាឈ្លានពាន ។ ការកុហករបស់ថៃគ្មានប្រយោជន៍ឡើយ ព្រោះពិភពលោកមិនជឿថា ប្រទេសតូចទៅឈ្លានពានប្រទេសធំដែលមានអាវុធទំនើបៗ និងពលរដ្ឋច្រើនជាងនោះទេ ។
រហូតមកដល់ខែតុលា រដ្ឋាភិបាល និងកងទ័ពថៃសម្រេចបិទព្រំដែនបន្តទៀតដើម្បីដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា ដោយសារយល់ថា កម្ពុជាពឹងផ្អែកលើថៃទាំងស្រុងតាមរយៈការនាំចូលចំណីអាហារ និងទំនិញ ។ ដូចគ្នានេះ ពលរដ្ឋថៃជ្រុលនិយមគាំទ្រឱ្យបិទព្រំដែនកាន់តែយូរ ថែមទាំងធ្វើរបងការពារការឆ្លងដែនខុសច្បាប់ ប៉ុន្តែតាំងពីបិទព្រំដែនមក គឺពលរដ្ឋថៃខ្លួនឯងរងផលប៉ះពាល់ខ្លាំងទៅវិញ ជាពិសេស អ្នកនៅព្រំដែនដែលពឹងផ្អែកលើចំណូលពីការលក់ដូរអាហារឱ្យភ្ញៀវទេសចរខ្មែរ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ គឺអាជីវករថៃនៅព្រំដែនអង្វរឱ្យកងទ័ពចាត់ការរឿងព្រំដែនឱ្យចប់ឆាប់ៗ ព្រោះមិនចង់ដាច់ពោះស្លាប់ដោយសារគ្មានភ្ញៀវទេសចរខ្មែរទិញទំនិញ ។ ការបិទព្រំដែនធ្វើឱ្យខ្លួន និងអាជីវករផ្សេងទៀតបាត់ចំណូលរហូតដល់៩០% ត្រូវគេរឹបអូសរថយន្តដោយសារគ្មានលុយបង់រំលស់ ដោយអាជីវកររូបនេះចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យ និងទាមទារឱ្យធ្វើរបងព្រំដែនកុំឱ្យជម្លោះអូសបន្លាយពេលយូរ ។
ទីតាំងលក់សាច់ជ្រូក និងសាច់គោស្រស់-ក្រៀមនៅឃុំខូកតាខៀន ស្រុកកាបឈើ ខេត្តសុរិន្ទ មានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំងក្រោយពីកងទ័ពថៃបិទព្រំដែនជាឯកតោភាគីរយៈពេលជាង៣ខែ ។ មុនពេលជម្លោះព្រំដែនកម្ពុជា-ថៃ អតិថិជនដែលមកទិញសាច់ជ្រូក និងសាច់គោភាគច្រើន គឺជាអតិថិជនខ្មែរដែលទៅលេងប្រទេសថៃ ដែលធ្វើឱ្យអាជីវករថៃទទួលបានចំណូលខ្ពស់ពីការលក់ដូរយកប្រាក់បង់រំលោះរថយន្ត ប៉ុន្តែជម្លោះព្រំដែនធ្វើឱ្យបាត់បង់អតិថិជនខ្មែរ និងត្រូវរឹបអូសរថយន្ត ។
អាជីវករថៃលក់សាច់ស្រស់ និងស្រាច់ក្រៀម អ្នកស្រី សុផាន់សា និយាយថា ការលក់ធ្លាក់ចុះរហូតដល់៩០% ដោយសារអតិថិជនភាគច្រើនមកពីកម្ពុជាដែលមកលេង និងព្យាបាលជំងឺនៅខេត្តសុរិន្ទ ។ អតិថិជនកម្ពុជាម្នាក់ៗទិញសាច់ជាច្រើនគីឡូ ហើយក្នុង១ថ្ងៃ ខ្លួនរកចំណូលបានជាង២ម៉ឺនបាត (ឬជាង៦០០ដុល្លារ) ប៉ុន្តែបច្ចុប្បន្ន ចំណូលធ្លាក់មកត្រឹម១ពាន់បាតប៉ុណ្ណោះបានពីការលក់ឱ្យជនជាតិថៃដូចគ្នា ។
អាជីវកររូបនេះពុំទុកចិត្តស្ថានការណ៍ព្រំដែន និងបារម្ភអាចមានការប៉ះទង្គិចនៅថ្ងៃទី១០ ខែតុលា បើជម្លោះនៅតែអូសបន្លាយបែបនេះ អាជីវករលំបាកណាស់ ព្រោះត្រូវចំណាយផ្សេងៗ និងសងបំណុលរាល់ខែ ។ ដូច្នេះ ចង់ឱ្យកងទ័ពចាត់ការរឿងព្រំដែនឱ្យចប់ឆាប់ៗដើម្បីឱ្យអតិថិជនខ្មែរមកទិញសាច់ដូចមុន ។ ក្រៅពីនេះ គាំទ្រឱ្យកងទ័ពធ្វើរបងព្រំដែនកុំឱ្យសង្គ្រាមអូសបន្លាយដល់ក្មេងជំនាន់ក្រោយ ៕