អ្នកនាង ដេននីក្វាន់ ម្តាយរបស់ ល្អហួស បានបង្ហាញថាតារាចម្រៀង ណុប បាយ៉ារិទ្ធ គឺជាអាយដលរបស់ខ្លួនខណៈបទចម្រៀងមួយចំនួនរបស់លោកប៉ុន្មានបទនេះគឺជាបទសំណព្វចិត្ត។ ជាមួយនឹងការស្រលាញ់នេះលោក ណុប បាយ៉ារិទ្ធ បានឆ្លើយតបដោយក្តីរំភើបជាមួយនឹងការជូនពរ។
ថ្មីៗនេះ អ្នកនាង ដេននី ក្វាន់ ស្រាប់តែបង្ហោះរូបលោក ណុប បាយ៉ារិទ្ធ ជាសាធារណៈតែម្តងជាមួយនឹងការបញ្ជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថាតារាចម្រៀងប្រុសដែលជាអាយដលរបស់ខ្លួនគឺជាតារាប្រុសមិនចេះចាស់រូបនេះ។ អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា «មានFanរបស់ខ្ញុំជាច្រើនសួរខ្ញុំថាតើតារាចម្រៀងប្រុសរូបណាជាIdolរបស់ខ្ញុំ? ចា៎ បងប្រុស Nop Bayyareth ជាIdol របស់ខ្ញុំ ឱ្យតែបទចំរៀងមនោសញ្ចេតនា ដឹងតែខ្ញុំស្តាប់បទគាត់ហើយ ក្នុងនោះមានបទ. 1.ឃុំចិត្ត 2. យូរយ៉ាងណាក៏ចាំ 3.ព្រួយនឹកម្ចាស់ស្នេហ៍ 4.បំណងល្អពីសង្សារអូន 5.ស្រលាញ់ស្ទើរលេប 6. បេះដូងខ្វះគ្នា 7. រាត្រីបាត់អូន 8. យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា 9. ត្រូវការកម្លាំងចិត្ត 10.សង្សារលេងៗ ហើយនៅមានបទជាច្រើនទៀត»។
ការបង្ហាញពីអាយដលក្នុងចិត្តរបស់ម្តាយល្អហួស បានជំរុញឱ្យសាម៉ីខ្លួនគឺលោក ណុប បាយ៉ារិទ្ធ បានថ្លែងអំណរគុណចំពោះការស្រលាញ់នេះ។ លោកបានចែករំលែកខ្លឹមសារការបង្ហោះខាងលើនេះជាមួយនឹងសម្តីថា «អរគុណប្អូនស្រីសម្រាប់ ការស្រលាញ់ចូលចិត្តស្តាប់នៅចម្រៀងរបស់ខ្ញុំកន្លងមក ជូនពរប្អូនមានសំណាងល្អ មានសុភមង្គល»។
ងាកទៅកាន់ទស្សនិកជនវិញក៏បានបញ្ចេញមតិក្នុងការបង្ហោះរបស់អ្នកនាង ដេននី ក្វាន់ ដែរថាបទចម្រៀងដែលនាងបានបញ្ជាក់ខាងលើនេះសុទ្ធសឹងតែជាបទដែលពួកគេចូលចិត្តស្តាប់ដូចគ្នា។
គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះលោក ណុប បាយ៉ារិទ្ធ បានសហការជាមួយនឹងសិស្សប្អូនរបស់ខ្លួនទៅលើបទល្បីកាលពីមុនដោយមានការបញ្ជូលស្ទីលថ្មីជាក់ស្តែងដូចជាបទ «បំណងល្អពីសង្សារអូន»ជាមួយនឹងតារាចម្រៀង លីម តិចម៉េង ខណៈបង្ហើបស្នាដៃមួយទៀតអាចសហការជាមួយនឹង នាង ដាវីន៕