ប្រទេសឡាវ ៖ ប្រទេសឡាវបានរងឥទ្ធិពលខ្យល់ព្យុះប៊ូឡូយ (Bualoi) ធ្វើឱ្យពលរដ្ឋបាត់ប.ង់ជីវិតយ៉ាងហោចណាស់៣នាក់នៅខេត្តសាយសំបួរ ខណៈផ្លូវជាច្រើន និងលំនៅឋានពលរដ្ឋរាប់រយខ្នងនៅភាគកណ្តាល និងខាងជើងប្រទេស ខូចខាតខ្ទេចខ្ទីដោយសារទឹកហូរខ្លាំង និងការបាក់ដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។
.jpg)
ក្រោយពីខ្យល់ព្យុះប៊ូឡូយបានបោកបក់មកលើប្រទេសវៀតណាម និងឡាវ កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងមក បានធ្វើឱ្យតំបន់ជាច្រើនរបស់ប្រទេសទាំងពីររងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេស នៅតំបន់កណ្តាលរបស់ឡាវ ។ បើតាមសេចក្តីរាយការណ៍ចុងក្រោយ គឺមានពលរដ្ឋឡាវស្លាប់ដោយសារខ្យល់ព្យុះនេះ យ៉ាងហោចណាស់៣នាក់ ។
កាលពីថ្ងៃទី៣០ ខែកញ្ញា លោក ផ្លយខាំ រុងប៊ុនយួង អភិបាលខេត្តសាយសំបួរ បាននាំមន្ត្រីពាក់ព័ន្ធទៅពិនិត្យមើលការខូចខាតដោយសារខ្យល់ព្យុះប៊ូឡូយ នៅភូមិករហៃ ស្រុកអនុវង្ស ដែលរងឥទ្ធិពលខ្យល់ព្យុះជាបន្តបន្ទាប់តាំងពីយប់ថ្ងៃទី២៩ ខែកញ្ញា ។ ទឹកបានហូរយ៉ាងខ្លាំងចូលលំនៅឋានពលរដ្ឋបណ្តាលឱ្យខូចខាតចំនួន២ខ្នង ខណៈមនុស្សរស់នៅក្នុងលំនៅឋានទាំងនេះស្លាប់៣នាក់ ហើយទឹកជំនន់បានហូរផ្តាច់ផ្លូវជាច្រើនរហូតពុំអាចធ្វើចរាចរណ៍បាន ។
ក្រៅពីការខូចខាតនៅខេត្តសាយសំបួរ ឥទ្ធិពលខ្យល់ព្យុះនេះបានធ្វើឱ្យមានទឹកជំនន់ បាក់ដី បំផ្លាញផ្លូវជាច្រើន អគារ និងលំនៅឋានពលរដ្ឋរាប់រយខ្នងទៀតនៅបណ្តាខេត្តរបស់ឡាវជាច្រើននៅភាគកណ្តាល និងខាងជើង រួមទាំងទីក្រុងហ្លួងព្រះបាង ទីក្រុងវៀងចន្ទន៍ ។
ផ្លូវ១ខ្សែដែលតភ្ជាប់ពីទីក្រុងវាំងវៀន ទៅកាន់ទីក្រុងហ្លួងព្រះបាង ត្រូវបានទឹកហូរកាត់ផ្តាច់ ខណៈផ្លូវទើបធ្វើថ្មីតភ្ជាប់ទីក្រុងហុងសា ខេត្តសាយបូរី កាត់តាមទីក្រុងឈៀងមេន ទៅកាន់ទីក្រុងហ្លួងព្រះបាង ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់ ហើយពលរដ្ឋឡាវចូលចិត្តធ្វើដំណើរតាមផ្លូវនេះ គឺបានបាក់ដីបិទផ្លូវពុំអាចបើកបររថយន្តឆ្លងកាត់ ។
ចំណែកជណ្តើរថ្មឡើងទៅកាន់វត្តភូសិ នៅទីក្រុងហ្លួងព្រះបាង ត្រូវបានដើមឈើនៅសងខាងបាក់រលំសង្កត់ធ្វើឱ្យដាច់ចរន្តអគ្គិសនី ។ ដូចគ្នានេះ លំនៅឋានពលរដ្ឋជាច្រើនខ្នងទៀតនៅខេត្តឈៀងខ្វាង និងខេត្តហួផាន់ បានខូចខាតដោយសារដីបាក់សង្កត់ ៕










