ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលនិវត្តន៍ពីការងារកងទ័ពកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវស្តេចថៃប្រគល់តំណែងថ្មីធ្វើជាអង្គរក្សពិសេសបាននិយាយក្នុងកម្មវិធីមួយថា បានបំពេញតួនាទីល្អបំផុតសម្រាប់ប្រទេសជាតិនាពេលកន្លងមក ។ ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ និងផ្តាំផ្ញើទៅកាន់កងទ័ពថៃតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវប្រឹងប្រែងបំពេញតួនាទី និងស្មោះត្រង់ចំពោះជាតិ ។
លោក ប៊ុនស៊ីន ផាកក្លាង បានចូលនិវត្តន៍ពីតួនាទីជាមេបញ្ជាការយោធភូមិភាគ២កាលពីថ្ងៃទី៣០ ខែកញ្ញា លោកបានចូលរួមកម្មវិធីមួយឈ្មោះ «ពីកូនកសិករក្លាយជាកងទ័ពបំពេញភារកិច្ចការពារទឹកដី» នៅវិទ្យាស្ថានធីវ៉ា (TVA Institute) ដោយក្នុងកម្មវិធី លោកនិយាយថា ចាប់ពីពេលនេះ លោកពុំមែនជាមេបញ្ជាការកងទ័ពទៀតទេ គឺគ្រាន់តែជាពូម្នាក់ប៉ុណ្ណោះ ។ លោកមកចូលរួមកម្មវិធីដោយសារគ្មានការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ លោកមិនមែនមកដើម្បីផលប្រយោជន៍ ប៉ុន្តែដើម្បីពលរដ្ឋថៃ ។
កងទ័ពយោធភូមិភាគ២គ្រប់អង្គភាពបានបំពេញភារកិច្ចតាមព្រះរាជតំរិះរបស់ព្រះមហាក្សត្រថៃ រួមទាំងចូលរួមក្នុងគម្រោងកសិកម្មដែលបង្កើតឡើងដោយព្រះមហាក្សត្រនៅតំបន់ខៅយ៉ៃ ។ ក្រោយចូលនិវត្តន៍ពីការងារកងទ័ព លោក ប៊ុនស៊ីន នឹងធ្វើជាទីប្រឹក្សារបស់មេបញ្ជាការកងទ័ពជើងគោក និងអង្គរក្សពិសេសព្រះមហាក្សត្រ ពេលទំនេរ លោកនឹងចូលរួមក្នុងគម្រោងកសិកម្មដែលជាគម្រោងល្អសម្រាប់ពលរដ្ឋថៃទូទាំងប្រទេស ។
ក្រោយពីបញ្ចប់កម្មវិធីនៅវិទ្យាស្ថានធីវ៉ា លោក ប៊ុនស៊ីន ក៏បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានដែលសាកសួរពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយលោកនិយាយថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ ។ ចាប់ពីពេលនេះ លោកនឹងធ្វើជាទីប្រឹក្សាកងទ័ព និងមេបញ្ជាការទ័ព ដោយផ្តល់ការណែនាំផ្សេងៗដែលកងទ័ពមានចម្ងល់ ។.jpg)
ក្រៅពីនេះ លោកនឹងជួបពលរដ្ឋនៅតំបន់ផ្សេងៗដូចមុន លោកមានការងារច្រើនត្រូវបំពេញ ដូចជា ៖ រៀបចំកម្មវិធីរត់កីឡានៅភ្នំទ្រព្យ ។ រីឯមេបញ្ជាការយោធភូមិភាគ២ថ្មី លោក វីរៈយុទ្ធ រ៉ាក់ស៊ីន គឺជាមិត្តភក្តិរបស់លោក និងធ្វើការងារជាមួយគ្នាពេលថៃប៉ះទង្គិចជាមួយកម្ពុជា ។ លោក វីរៈយុទ្ធ ដឹងពីតួនាទីត្រូវធ្វើអ្វី ចំណែកលោកវិញបានបំពេញការងារសម្រាប់ជាតិយ៉ាងល្អនាពេលកន្លងមក ។ លោក ប៊ុនស៊ីន ក៏បានផ្តាំផ្ញើទៅកាន់កងទ័ពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវបំពេញភារកិច្ចឱ្យល្អ និងស្មោះត្រង់ចំពោះជាតិ ។
គួរបញ្ជាក់ថា លោក ប៊ុនស៊ីន គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃទូទាំងប្រទេស ក៏ដូចជាស្តេចថៃសព្វប្រទ័យចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពាននេះធ្វើជាអង្គរក្សពិសេស ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចថៃមើលឃើញថា លោក ប៊ុនស៊ីន គ្មានចំណេះដឹងផ្នែកសេដ្ឋកិច្ច ដឹងតែធ្វើសង្គ្រាម លោករស់នៅព្រំដែនស្ទើរមួយជីវិត ពុំយល់ដឹងពីផលប៉ះពាល់សេដ្ឋកិច្ចថៃដោយសារការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីរបស់កងទ័ព ៕










