បវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា Mealyann Nita Saing រួមទាំងបេក្ខភាពផ្សេងទៀតមានការភ័យស្លន់ស្លោរយ៉ាងខ្លាំងនៅអំឡុងការប្រកួតនៅប្រទេសហ្វីលីពីនដោយបានជួបហេតុការណ៍គ្រោះរញ្ជួយដីរហូតដល់៦.៩រ៉ិចទ័រ។ ទោះជាយ៉ាងណា តាមរយៈវីដេអូដែល Mealyann បង្ហោះគឺនាងមានសុខសុវត្ថិភាព។
កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ក្នុងអំឡុងពេលការប្រកួតក្នុងកម្មវិធី Miss Asia Pacific International ឯប្រទេសហ្វីលីពីន បេក្ខភាពជាច្រើនរូបដែលកំពុងតែដើរលើឆាក រួមទាំងអ្នករៀបចំកម្មវិធី អ្នកចូលរួមទស្សនា បានរត់ភ័យស្លន់ស្លោរដោយសារគ្រោះរញ្ជួយដី។ ដើម្បីសុវត្ថិភាពបេក្ខភាពទាំងអស់បានចាកចេញពីអាគារខ្ពស់មករកទីសុវត្ថិភាពខណៈដែលមានបេក្ខភាពខ្លះភ័យខ្លាំងនឹងហេតុការណ៍នេះពេកមានជាការយំទៀតផង។

សម្រាប់ Mealyann Nita Saing ដែលតំណាងឱ្យកម្ពុជាក្នុងការប្រកួតក៏បានបង្ហោះនៅលើបណ្តាញសង្គមប្រាប់មកកាន់អ្នកគាំទ្រពីហេតុការណ៍នេះនិងបញ្ជាក់ថានាងនិងបេក្ខភាពផ្សេងទៀតគឺមានសុវត្ថិភាពហើយប៉ុន្តែគឺមានជាការភ័យយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានដួលរលំជញ្ជាំងផ្ទះ និងអគារ ក្នុងខេត្តភាគកណ្តាលប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងជាច្រើននាក់ទៀតរងរបួស ខណៈដែលការរញ្ជួយខ្លាំងបានផ្តាច់ចរន្តអគ្គិសនី។ ចំណុចកណ្តាលនៃការរញ្ជួយដីដែលកើតឡើងក្នុងតំបន់គឺប្រហែល ១៧គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Bogo ដែលជាទីក្រុងឆ្នេរសមុទ្រដែលមានមនុស្សប្រហែល ៩០,០០០ នាក់នៅក្នុងខេត្ត Cebu ។.png)
ងាកមកកាន់ Mealyann Nita Saing វិញក្នុងការប្រកួត Miss Asia Pacific International ទទួលបានពានរង្វាន់ Miss Eventologie Award អំឡុងពេលចូលកងប្រកួតខណៈវគ្គផ្តាច់ព្រ័ត្រកម្មវិធីនេះគឺប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥៕










