ភាពយន្ដ «Overdo» របស់ Zhang Linghe និង Wang Churan បានបញ្ចប់ការថតជាផ្លូវការហើយ។ អំឡុងពេលការងារចុងក្រោយ អ្នកគាំទ្ររបស់តារាប្រុសរូបនេះមកពីខេត្ត Jiangsu បានរៀបចំសកម្មភាពគាំទ្រ ដើម្បីបង្ហាញការគាំទ្រដល់ Idol របស់ពួកគេ។
ជាការឆ្លើយតបទៅកាន់អ្នកគាំទ្រ Zhang Linghe ក៏បានរៀបចំអាហារ ភេសជ្ជៈ និងអំណោយ ដើម្បីផ្ញើជូនអ្នកដែលគាំទ្រលោកផងដែរ។ ពាក្យគន្លឹះ Zhang Linghe អញ្ជើញអ្នកគាំទ្រញ៉ាំពេញមួយថ្ងៃ បានកើនឡើងដល់កំពូលនៃការស្វែងរក និងការពិភាក្សានៅលើវេទិកា Weibo ។ នៅវេលាថ្ងៃត្រង់ Zhang Linghe បានកុម្ម៉ង់អាហារសម្រន់ ភេសជ្ជៈស្រស់ ទឹកដោះគោ និងបានចែកស្រោមសំបុត្រសំណាងដល់អ្នកគាំទ្រ។ នៅពេលរសៀល លោកបានបន្តផ្ញើកូនសោរអនុស្សាវរីយ៍ ផ្លែឈើ ស្ករគ្រាប់ នំព្រះខែដែលរចនាតាមតម្រូវការ។ នៅពេលអាហារពេលល្ងាច បន្ទាប់ពីក្រុមផលិតភាពយន្តបានបញ្ចប់ពិធីលាគ្នា Zhang Linghe បានរៀបចំពិធីជប់លៀងមួយសម្រាប់សហគមន៍អ្នកគាំទ្រ។
តារាសម្តែងវ័យ២៧ឆ្នាំរូបនេះបានបញ្ជាទិញអាហារពេលល្ងាចចំនួន ១,៦០០ រួមទាំងប្រអប់អាហារថ្ងៃត្រង់ជាច្រើនពាន់ប្រអប់ថែមទៀត។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគាំទ្របានលាតត្រដាងថា Zhang Linghe បានរៀបចំអំណោយ និងអាហារសម្រន់យ៉ាងតិច ១០ មុខដែលធានាថាអ្នកគាំទ្រដែលបានមកគាំទ្រពិធីបិទភាពយន្តនឹងមានអាហារឆ្ងាញ់ៗ ភេសជ្ជៈ និងអំណោយយកទៅផ្ទះ។
ការគិតគូរ និងការលះបង់របស់ Zhang Linghe ទទួលបានការសរសើរយ៉ាងច្រើនពីសាធារណជន។ មនុស្សគ្រប់គ្នាជឿថាការស្រលាញ់ពីភាគីទាំងពីរមានតម្លៃណាស់ ហើយជាកត្តាសម្រាប់ទំនាក់ទំនងយូរអង្វែង។
បច្ចុប្បន្ន Zhang Linghe បានបញ្ចប់ការថតឈុតឆាកក្នុងរឿង «Overdo» ដែលរឿងនេះគឺជាគម្រោងភាពយន្តបែបមនោសញ្ចេតនាបន្តពីរឿង «Too Late to Say I Love You»។ ខ្សែភាពយន្តនេះបានចេញផ្សាយឈុតខ្លីដំបូងរបស់ខ្លួនក្នុងអំឡុងពេលសន្និសីទផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្មទាក់ទាញ នៃវេទិកា iQiyi ។ Zhang Linghe និង Wang Churan បានធ្វើឱ្យផ្ទុះនូវភាពស្រស់ស្អាត និងភាពស៊ីចង្វាក់គ្នារបស់ពួកគេ ដោយសន្យាថានឹងនាំមកនូវឥទ្ធិពលថ្មីដល់ទីផ្សារស្នេហារបស់តារាចិន៕