ពិតជាមិនចោលសន្ដានភូតកុហកមែន! ក្រោយក្រសួងការពារជាតិកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពព្រំដែននៅតំបន់អានសេះថាមានការផ្ទុះអាវុ.ធច្រើនគ្រាប់ពីសំណាក់ភាគីថៃបា.ញ់មកលើមូលដ្ឋានទ័ពកម្ពុជា អ្នកនាំពាក្យកងទ័ពជើងគោកថៃបានចេញមកច្រានចោលព័ត៌មាននោះភ្លាមៗ និងថែមទាំងថ្កោលទោសកម្ពុជាចំពោះការបា.ញ់បង្កហេតុមកលើថៃមុន។
តាមរយៈការចេញផ្សាយរបស់ Khaosod នារសៀលថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2025 មុននេះបន្តិចបានឲ្យដឹងថា លោក Winthai Suvaree អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ (RTA) បានប្រកាសជាសាធារណៈថា នៅចន្លោះម៉ោងប្រហែល 12:00 ដល់ 12:30 រសៀល RTA បានទទួលរបាយការណ៍ពីបញ្ជាការដ្ឋានកងទ័ពជើងគោកទី 2 ដែលបញ្ជាក់ថាទាហានកម្ពុជាបានប្រើអាវុធធុនតូច និងគ្រាប់បែកដៃបា.ញ់ និងគប់ចូលទៅក្នុងមូលដ្ឋានកងកម្លាំងថៃក្បែរតំបន់ ច្រលអានសេះ ដែលថៃបានហៅថា Chong Ahn Ma ។ បច្ចុប្បន្នកងកម្លាំងសុរាណារីកំពុងមានភាពប្រុងប្រយ័ត្នខ្ពស់ ហើយនឹងបើកការសងសឹកវិញទៅតាមស្ថានភាពប្រសិនបើមានការបញ្ជា។
បន្ថែមពីនោះ អ្នកនាំពាក្យកងទ័ពបានព្យាយាមនិយាយបំភ្លើសនៅចំពោះមុខសារព័ត៌មានថា ភាគីកម្ពុជាតែងតែនាំក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នកម្ពុជា (IOT) ទៅត្រួតពិនិត្យតំបន់នេះ។ ដូច្នេះហើយ ទើបគេសង្ស័យថា ទង្វើបង្កើតស្ថានការណ៍នេះ គឺជាការញុះញង់ឱ្យភាគីថៃ សងសឹក និងវាយប្រហារទៅវិញ ដើម្បីគេអាចយករឿងនេះធ្វើជាភស្តុតាង សម្រាប់ជូនដំណឹងដល់ IOT នៅខាងកម្ពុជាថា ភាគីថៃបានបំពានលើកិច្ចព្រមព្រៀងឈប់បា.ញ់មែន។
ដោយឡែកងាកមកខាងកម្ពុជា ក្រសួងការពារជាតិបានធ្វើកំណត់ហេតុផ្ទុះអាវុ.ធយ៉ាងច្បាស់លាស់ ដោយបង្ហាញថា កាលពីវេលាម៉ោង 11:52 ព្រឹក ថ្ងៃទី27 ខែកញ្ញា យោធាថៃបានចាប់ផ្តើមធ្វើការបា.ញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបា.ញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃ ជាច្រើនគ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារសូមគូសបញ្ជាក់ថា នៅក្នុងស្ថានការណ៍ដ៏ផុយស្រួល ដែលភាគីថៃកំពុងបង្កហេតុញុះញង់ឲ្យមានអំពើហិង្សានេះ កងកម្លាំងកម្ពុជានឹងតាមដានលើការវិវត្តន៍ថ្មីៗដោយប្រុងប្រយ័ត្នបំផុតជាបន្ត យកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដីពីសត្រូវដែលមានបំណងឈ្លានពាន៕










