ប្រទេសហ្វីលីពីន ៖ ចំនួនពលរដ្ឋហ្វីលីពីនដែលបានស្លា.ប់ដោយសារការវាយប្រ.ហារយ៉ាងខ្លាំងក្លារបស់ខ្យល់ព្យុះបួឡយ (Bualoi) បានកើនឡើងរហូតដល់១១នាក់ បើគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ និងមានពលរដ្ឋហ្វីលីពីនបាត់ខ្លួនចំនួន១៤នាក់ ដែលភ្នាក់ងារសង្គ្រោះព្យាយាមស្វែងរក ។ ខ្យល់ព្យុះនេះកំពុងតែផ្លាស់ទីឆ្ពោះទៅវៀតណាមបន្តទៀត ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងខាងជើងប្រទេស ។
ព្យុះបួឡយបានបោកបក់មកលើកោះតូចៗនៅភាគកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៦ ខែកញ្ញា ដែលបង្កជាទឹកជំនន់នៅលើកោះភ្លាមៗ ខណៈដើមឈើ បង្គោលភ្លើង និងផ្ទះសម្បែងពលរដ្ឋហ្វីលីពីន បានដួលរលំ និងប៉ើងដំបូលខ្ចាត់ខ្ចាយ ។ ឥទ្ធិពលខ្យល់ព្យុះធ្វើឱ្យពលរដ្ឋហ្វីលីពីនជម្លៀសចេញពីផ្ទះទៅកាន់កន្លែងសុវត្ថិភាពរហូតដល់៤សែននាក់ ។ ក្រៅពីនេះ មានពលរដ្ឋបាត់ខ្លួន១៤នាក់នៅភាគកណ្តាលប្រទេស ខណៈពលរដ្ឋជាង២សែននាក់បានស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ។
ប្រទេសហ្វីលីពីនបានប្រឈមនឹងការវាយប្រហាររបស់ខ្យល់ព្យុះបួឡយ បន្ទាប់ពីខ្យល់ព្យុះរ៉ាកាសាដែលទើបតែបោកបក់មកលើភាគខាងជើងហ្វីលីពីនកាលពីសប្តាហ៍ទី៣ ខែកញ្ញា បណ្តាលឱ្យពលរដ្ឋស្លាប់២នាក់ ។
ដោយឡែក ឧតុនិយមវៀតណាមបញ្ជាក់ថា កាលពីវេលាម៉ោង៤ភ្លឺ ថ្ងៃទី២៧ ខែកញ្ញានេះ ខ្យល់ព្យុះបួឡយបានផ្លាស់ទីមកសមុទ្រចិនខាងត្បូង ស្ថិតនៅឆ្ងាយពីប្រជុំកោះប៉ារ៉ាសែលទៅភាគអាគ្នេយ៍ ប្រមាណ៥៨០គីឡូម៉ែត្រ ក្នុងល្បឿនខ្យល់លឿនបំផុតស្មើ១៣៣គីឡូម៉ែត្រក្នុង១ម៉ោង ។
តាមការសន្និដ្ឋានរបស់ឧតុនិយមវៀតណាម គឺខ្យល់ព្យុះបួឡយនឹងមានកម្លាំងកាន់តែខ្លាំងពេលវាផ្លាស់ទីមកជិតឆ្នេរសមុទ្រភាគកណ្តាលរបស់វៀតណាម ។ វានឹងបោកបក់មកលើខេត្តណែអាន និងខេត្តក្វាងទ្រី នៅថ្ងៃទី២៩ ខែកញ្ញា ហើយឥទ្ធិពលខ្យល់ព្យុះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងខាងជើងប្រទេសវៀតណាម ។
គួរបញ្ជាក់ថា ខ្យល់ព្យុះបួឡយ និងខ្យល់ព្យុះនេហ្គោរី នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអាន់ដាម៉ាន់ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងប្រទេសកម្ពុជា ។ គន្លងផ្លូវរបស់ខ្យល់ព្យុះទាំង២នេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ ៕