ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ទទួលបានប្រជាប្រិយភាព និងការគោរពស្រឡាញ់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃទូទាំងប្រទេស រហូតដល់ពលរដ្ឋថៃខ្លះស្នើឱ្យលោកកាន់តំណែងជានាយករដ្ឋមន្ត្រី ក្រោយពីចេញមុខឈ្លា.នពាន បង្កជម្លោះជាមួយកម្ពុជារហូតមក ។ មេទ័ពឈ្លានពាននេះធ្លាប់ប្រកាសថា ពុំកាន់តំណែងក្រោយចូលនិវត្តន៍ ខ្លួននឹងរស់នៅជាពលរដ្ឋសាមញ្ញដែលស្រឡាញ់ទឹកដី ការពារអធិបតេយ្យ ប៉ុន្តែនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ស្តេចថៃបានចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពាននេះធ្វើជាអង្គរក្សពិសេស ។

សារព័ត៌មានថៃ Matichon រាយការណ៍ថា កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងមក ស្តេចថៃបានចេញព្រះរាជក្រឹត្យតែងតាំងមន្ត្រីកងទ័ព និងមន្ត្រីសមត្ថកិច្ច ចំនួន៣៨នាក់ ធ្វើជាអង្គរក្សពិសេសរបស់ស្តេចថៃ ក្នុងនោះមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលនឹងចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញា ក៏ទទួលបានតំណែងជាអង្គរក្សពិសេសរបស់ស្តេចដែរ ។

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ រួមទាំងមន្ត្រីកងទ័ព និងមន្ត្រីសមត្ថកិច្ច សរុបចំនួន៣៨នាក់ដែលមានឈ្មោះក្នុងបញ្ជី នឹងធ្វើជាអង្គរក្សពិសេសរបស់ស្តេចថៃ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃចូលរួមត្រេកអរជាមួយលោក ប៊ុនស៊ីន ដែលទទួលបានតំណែងថ្មី ក្រោយពីលោកចេញមុខឈ្លានពានរំលោភអធិបតេយ្យភាពកម្ពុជា ។

ចំណែកមេបញ្ជាការរងយោធភូមិភាគ២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន នឹងឡើងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ចាប់ពីថ្ងៃទី១ ខែតុលា ដោយសារលោក វីរៈយុទ្ធ បានចូលរួមភារកិច្ចជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខកាលពីខែកក្កដា ។ អតីតមេបញ្ជាការយោធភូមិភាគ២ ជាច្រើននាក់ទទួលស្គាល់លោក វីរៈយុទ្ធ ជាមេបញ្ជាការកងទ័ពមានស្នាដៃល្អ មិនខុសពីលោក ប៊ុនស៊ីន ។

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃទូទាំងប្រទេស ក៏ដូចជាស្តេចថៃសព្វប្រទ័យនឹងការងាររបស់លោក ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា លោក ប៊ុនស៊ីន គ្មានចំណេះដឹងផ្នែកសេដ្ឋកិច្ចទេ ដឹងតែធ្វើសង្គ្រាមប៉ុណ្ណោះ លោករស់នៅព្រំដែនស្ទើរមួយជីវិត ទើបពុំយល់ដឹងពីផលប៉ះពាល់សេដ្ឋកិច្ចថៃដោយសារការបិទព្រំដែនជាមួយកម្ពុជា ៕