ប្រទេសថៃ ៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃតែងតែបង្កបញ្ហាអសន្តិសុខជាញឹកញាប់ ជាពិសេស ការបង្កប់គ្រា.ប់បែកនៅតាមទីសាធារណៈ និងកម្មវិធីនានាដែលមានមនុស្សចូលរួមច្រើន រហូតដល់លួចដាក់គ្រា.ប់បែកតាមផ្លូវបំ.ផ្ទុះរថយន្តល្បាតរបស់ទាហានឈុតខ្មៅថៃនៅខេត្តណារ៉ាធិវ៉ាតបណ្តាលឱ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវ ទាហានឈុតខ្មៅថៃរងរបួស៤នាក់ ។ ជាច្រើនឆ្នាំមកនេះ ស្ថានការណ៍អសន្តិសុខនៅភាគខាងត្បូងថៃកាន់តែរីករាលដាលខ្លាំងឡើង ខណៈកងទ័ពថៃផ្តោតខ្លាំងតែលើជម្លោះព្រំដែនជាមួយកម្ពុជា ។.jpg)
សារព័ត៌មានថៃ Khaosod រាយការណ៍ថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តណារ៉ាធិវ៉ាតមានស្ថានការណ៍អសន្តិសុខកើតឡើង ក្រោយពីក្រុមផ្តាច់ខ្លួនបានលួចដាក់គ្រាប់បែកតាមផ្លូវបំផ្ទុះរថយន្តល្បាតរបស់ទាហានឈុតខ្មៅថៃបណ្តាលឱ្យទាហានឈុតខ្មៅថៃរងរបួស៤នាក់ ខណៈទាហានឈុតខ្មៅ និងកងកម្លាំងរក្សាសន្តិសុខមួយចំនួនទៀតជាប់ក្នុងរថយន្ត ហើយត្រូវក្រុមផ្តាច់ខ្លួនបាញ់កាំភ្លើងបន្ថែម ។
.jpg)
នាវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែកញ្ញា សមត្ថកិច្ចខេត្តណារ៉ាធិវ៉ាតបានទទួលសេចក្តីរាយការណ៍ពីការវាយប្រហារដោយគ្រាប់បែកលើរថយន្តល្បាតរបស់ទាហានឈុតខ្មៅថៃ និងបាញ់កាំភ្លើងនៅតាមផ្លូវក្នុងភូមិ៣ ឃុំតុឌែង ស្រុកសុងៃប៉ាឌី ខេត្តណារ៉ាធិវ៉ាត ពេលទាហានឈុតខ្មៅថៃកំពុងល្បាតរក្សាសន្តិសុខតាមផ្លូវ ។ ក្រោយការចុះត្រួតពិនិត្យនៅទីតាំងកើតហេតុជាមួយអាជ្ញាធរ លោក ផុងផេត ម៉ាកកឿ ចៅហ្វាយស្រុកសុងៃប៉ាឌី និយាយថា មានទាហានឈុតខ្មៅថៃរងរបួស៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសុងៃប៉ាឌី ។
ក្រោយហេតុការណ៍អសន្តិសុខ មេបញ្ជាការទាហានឈុតខ្មៅក៏បញ្ជាឱ្យបង្កើនវិធានការសុវត្ថិភាព រឹតបន្តឹងការទាក់ទងតាមវិទ្យុ និងបង្កើតទីតាំងត្រួតពិនិត្យនៅតាមស្ថាប័នរដ្ឋាភិបាល ហាងលក់ទំនិញ និងទីប្រជុំជនផ្សេងៗ ការពារកុំឱ្យក្រុមផ្តាច់ខ្លួនបង្កហេតុម្តងទៀត ។ ក្រៅពីនេះ មេបញ្ជាការទាហានឈុតខ្មៅបានបញ្ជាឱ្យត្រៀមកងកម្លាំង ត្រៀមអាវុធ និងឧបករណ៍ទាក់ទងដើម្បីទប់ទល់ស្ថានការណ៍ភ្លាមៗ ដោយហាមកងកម្លាំងមើលស្រាលស្ថានការណ៍ ។
មន្ត្រីជំនាញផ្នែកកម្ចាត់អាវុធជាតិផ្ទុះ (EOD) និងមន្ត្រីពាក់ព័ន្ធបានមកត្រួតពិនិត្យប្រភេទគ្រាប់បែក រួមទាំងប្រមូលភស្តុតាងផ្សេងៗដើម្បីចាត់វិធានការជនល្មើសតាមច្បាប់ ។ ក្រុម EOD បានសំណូមពរឱ្យពលរដ្ឋផ្អាកធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុដើម្បីសុវត្ថិភាព និងកុំឱ្យរាំងស្ទះដល់ការស្វែងរកភស្តុតាងរបស់មន្ត្រីជំនាញ ៕










