ទន្ទឹមនឹងថ្ងៃខួបកំណើតរបស់ភរិយាលោក អ៊ឹង សុខលី បានជូនពរយ៉ាងផ្អែមល្ហែមមកកាន់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាពិសេសគឺប្រាថ្នាចង់ឱ្យគ្រួសារមានសុភមង្គល មានជីវិតគ្រួសារបែបសាមញ្ញៗ។

រម្លឹកទៅកាលពីឆ្នាំមុន តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបចំការប្រគំតន្រ្តីទោលលើកដំបូងដោយកំណត់យកថ្ងៃខែ ចំថ្ងៃខួបកំណើតរបស់ខ្លួនតែម្តង។ ខួបកំណើតឆ្នាំនេះអ្នកនាង ឱក សុគន្ធកញ្ញា មិនបានរៀបចំកម្មវិធីធំដុំអ្វីនោះទេ ប៉ុន្តែពោរពេញដោយសុភមង្គលតាមបែបលក្ខណៈគ្រួសារ។ ជាមួយនឹងការជូនពររបស់អ្នកគាំទ្រ និងអ្នកក្នុងចង្កោមសិល្បៈ លោក អ៊ឹង សុខលី គឺបានជូនពរភរិយាយ៉ាងផ្អែមល្ហែមដូចគ្នា។
.png)
នៅលើទំព័រហ្វេកប៊ុករបស់ស្វាមីអ្នកនាង ឱក សុគន្ធកញ្ញា បានជូនពរភរិយាយ៉ាងដូច្នេះថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់! ឆ្នាំនេះយើងកើនអាយុមួយឆ្នាំទៀតហើយ បងសូមជូនពរអូនសូមមានសេចក្ដីសុខ សុខភាពល្អ សម្រេចបំណងប្រាថ្នាគ្រប់យ៉ាងក្នុងជីវិត ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត និងសំឡេងកាន់តែពីរោះជាទីពេញនិយមសម្រាប់ប្រជាជនគ្រប់រូប និងសូមឱ្យគ្រួសារដ៏តូចរបស់យើងកាន់តែមានសុភមង្គលបែបនេះរហូតតទៅ សូមឱ្យមានជីវិតគ្រួសារបែបសាមញ្ញៗបានហើយ»។
ឃើញគ្រួសារអាយដលពោរពេញដោយសុភមង្គលបែបនេះ ទស្សនិកជនក៏រំភើបចិត្តនិងរីករាយនូវចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា។ នៅថ្ងៃទី១៦ ខែកញ្ញា តារាចម្រៀងរូបនេះក៏បានបង្ហាញក្តីរំភើបចំពោះខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី១៤ ដោយប្រាថ្នាសុំឱ្យរក្សាភាពក្មេងវ័យដដែល។ តារាចម្រៀងវ័យ៣៨ឆ្នាំរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ឆ្នាំនេះកើនតែអាយុ ប៉ុន្តែសុំរក្សាភាពក្មេងវ័យដដែល សូមអរគុណដល់អ្នកគាំទ្រទាំងអស់សម្រាប់ពាក្យជូនពរ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ក្នុងថ្ងៃកំណើតរបស់នាងខ្ញុំ។ ការគាំទ្រដ៏មានតម្លៃពី បងប្អូន មិត្តភក្តិ និងមនុស្សទីស្រឡាញ់គឺជាកម្លាំង និងជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់នាងខ្ញុំ»។

គួរបញ្ជាក់ផងដែរថា ដ្បិតតែបង្កើតគ្រួសារនិងទទួលបានចំណងដៃកូនប្រុសពីរនាក់ក្តីប៉ុន្តែកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែរក្សាបាននូវប្រជាប្រិយភាពកេរ្តី៍ឈ្មោះល្អនៅក្នុងសង្គមសិល្បៈ ជារៀមច្បងដ៏ល្អមួយរូប៕










