ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Better News ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានប្រកាសពីគោលជំហរពុំបើកព្រំដែនជាមួយកម្ពុជាដាច់ខាត លុះត្រាតែកម្ពុជាបំពេញលក្ខខណ្ឌ៣ចំណុច រួមមាន ៖ ការដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ។ ការប្រកាសបិទព្រំដែនជាឯកតោភាគីបន្តទៀត គឺក្រោយពីពលរដ្ឋថៃប្រឆាំងនឹងការបើកព្រំដែនក្នុងបណ្តាញសង្គម និងស្តីបន្ទោសជប៉ុនចូលមកជ្រៀតជ្រែកដែលសំណូមពរឱ្យកម្ពុជា-ថៃបើកព្រំដែនមួយចំនួន ។

លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានប្រកាសលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ថា ថៃមានគម្រោងបើកព្រំដែនជាមួយកម្ពុជាមួយចំនួនឡើងវិញដើម្បីសម្រួលការដឹកទំនិញ ក្រោយពីជប៉ុនសំណូមពរ ពីព្រោះការបិទព្រំដែនរបស់ប្រទេសទាំងពីរធ្វើឱ្យជប៉ុនរងផលប៉ះពាល់ខ្លាំង ។ ប៉ុន្តែពលរដ្ឋថៃបានប្រឆាំងដាច់ខាតក្នុងបណ្តាញសង្គមកុំឱ្យថៃបើកព្រំដែន ពីព្រោះខ្លាចចាញ់ប្រៀបសេដ្ឋកិច្ចកម្ពុជា ហើយថៃពុំទាន់ដណ្តើមបានអ្វីដែលខ្លួនចង់ រហូតពលរដ្ឋថៃប្រកាសទម្លាក់នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន បើហ៊ានបើកព្រំដែន ។

លោក និកនឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសនិយាយថា ក្រសួងការបរទេសថៃរីករាយចំពោះលទ្ធផលកិច្ចប្រជុំ GBC កម្ពុជា-ថៃ ដែលភាគីទាំងពីរប្តេជ្ញាចិត្តគោរពបទឈប់បាញ់ និងព្រមព្រៀងលើបញ្ហាមួយចំនួន នេះជាការវិវឌ្ឍដ៏សំខាន់ ហើយថៃបានជំរុញឱ្យកម្ពុជាបោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ។ កិច្ចប្រជុំ GBC ក៏បានពិភាក្សាពីប្រធានបទផ្សេងទៀតដែលផ្តល់ប្រយោជន៍សន្តិសុខ និងសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ជាពិសេស នៅតំបន់ព្រំដែន រួមមាន ៖ ការដកថយអាវុធធុនធ្ងន់, ការដោះស្រាយបញ្ហានៅព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ), កាត់បន្ថយការញុះញង់, ពុំផ្សាយព័ត៌មានក្លែងក្លាយ និងបើកព្រំដែនមួយចំនួនដើម្បីដឹកទំនិញ ដោយចាប់ផ្តើមបើកនៅតំបន់ពុំសូវមានភាពតានតឹងមុនគេ ។

លោក និកនឌេត បានប្រកាសគោលជំហរដូចគ្នាជាមួយលោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិថា ថៃពុំទាន់បើកព្រំដែនជាមួយកម្ពុជាពេលនេះទេ ហើយថៃនឹងពុំបើកព្រំដែនសម្រាប់ដឹកទំនិញអ្វីទាំងអស់ បើកម្ពុជាពុំបំពេញតាមលក្ខខណ្ឌ៣ចំណុច រួមមាន ៖ ការដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ដើម្បីបង្ហាញពីទំនុកចិត្តរវាងគ្នា ។ កិច្ចប្រជុំ GBC គឺជាជោគជ័យនៃការប្រើប្រាស់យន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាជម្លោះ ហើយប្រទេសទាំងពីរនឹងរៀបចំកិច្ចប្រជុំពិសេស GBC បន្តទៀតក្នុងរយៈពេល៣០ថ្ងៃចាប់ពីបញ្ចប់កិច្ចប្រជុំលើកនេះ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះ ។

ចំណែកលោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោយពីរងការរិះគន់ខ្លាំងពេកពីពលរដ្ឋថៃ លោកក៏ឆ្លើយថា ថៃពុំទាន់បើកព្រំដែនពេលនេះទេ គឺនឹងផ្តោតលើការការពារអធិបតេយ្យជាតិ និងពលរដ្ឋជាចម្បង ។ ការបើកព្រំដែនជាដំណាក់កាលបន្ទាប់ ថៃនឹងរង់ចាំកម្ពុជាបង្ហាញពីភាពស្មោះត្រង់ និងអនុវត្តតាមកិច្ចព្រមព្រៀងជាមុនសិន ប្រទេសទាំងពីរគ្រោងបើកព្រំដែនមួយចំនួនដើម្បីដឹកទំនិញដោយសារមានការសំណូមពរពីជប៉ុនជាប្រទេសទី៣ បន្ទាប់ពីក្រុមហ៊ុនជប៉ុនរងផលប៉ះពាល់ខ្លាំង ។

គួរបញ្ជាក់ថា ពលរដ្ឋថៃបានចូលទៅបញ្ចេញមតិប្រឆាំងក្នុងហ្វេសប៊ុកផេករបស់ស្ថានទូតជប៉ុនប្រចាំប្រទេសថៃក្រោយពីជប៉ុនសុំឱ្យបើកព្រំដែនកម្ពុជា-ថៃ ដោយពលរដ្ឋថៃថា ជប៉ុនដាក់សម្ពាធឱ្យបើកព្រំដែន ជប៉ុនជាប្រទេសទី៣ ពុំគួរជ្រៀតជ្រែកបញ្ហាជម្លោះកម្ពុជា-ថៃ ។ បើកម្ពុជាពុំបំពេញលក្ខខណ្ឌ៣ចំណុចរបស់ថៃទេ គឺគ្មានការបើកព្រំដែនរវាងប្រទេសទាំងពីរដាច់ខាត ៕