ប្រទេសថៃ ៖ សភាពាណិជ្ជកម្មថៃបានគាំទ្ររដ្ឋាភិបាល និងកងទ័ព ដែលចរចាបើកព្រំដែនកម្ពុជា-ថៃមួយចំនួនក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយថៃគ្រោងបើកព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាតមុនគេដោយសារមានហានិភ័យទាប ។ សភាពាណិជ្ជកម្មថៃរំពឹងថា ការបើកព្រំដែននឹងជួយឱ្យអាជីវកម្មនានាដំណើរការឡើងវិញ ហើយការរស់នៅរបស់ពលរដ្ឋនឹងវិលមករកភាពប្រក្រតី ។
លោក ផុតអារ៉ាម វឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មថៃបានគាំទ្រលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលរៀបចំនៅខេត្តកោះកុង ហើយលោកចាត់ទុកកិច្ចប្រជុំនេះជាការបោះជំហ៊ានយ៉ាងសំខាន់តាមរយៈយន្តការទ្វេភាគីឈានទៅរកសន្តិភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ ។ កិច្ចប្រជុំបានឯកភាពលើការគ្រប់គ្រងតំបន់ព្រំដែន និងពិចារណាបើកព្រំដែនមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវកម្ម ពាណិជ្ជកម្មព្រំដែន និងការដឹកទំនិញ ។
ប្រទេសថៃបានបែងចែកព្រំដែនកម្ពុជា-ថៃជា៣តំបន់ អាស្រ័យលើស្ថានការណ៍តានតឹងខ្លាំង ឬតិច រួមមាន ៖
-តំបន់ទី១ ៖ ស្ថានការណ៍តានតឹងខ្លាំងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពភូមិភាគ២ ដូចជា ៖ ខេត្តឧប៊ុនរ៉ាជថានី ស៊ីសាកេត សុរិន្ទ និងបុរីរាំ
-តំបន់ទី២ ៖ ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពភូមិភាគ២ គឺខេត្តស្រះកែវ និង
-តំបន់ទី៣ ៖ ស្ថានការណ៍តានតឹងតិចជាងតំបន់ផ្សេងៗ ដែលតំបន់នេះមានខេត្តចាន់បុរី និងខេត្តត្រាត ។
ក្រោយមានការសំណូមពរពីអ្នកប្រកបអាជីវកម្មឱ្យបើកព្រំដែនដើម្បីសម្រួលការដឹកទំនិញ ទើបថៃគ្រោងបើកព្រំដែននៅតំបន់ទី៣មុនគេ គឺព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត ដោយសារតំបន់នេះមានស្ថានការណ៍តានតឹងតិចជាងតំបន់ផ្សេងៗ ។ ជំហ៊ានដំបូង ត្រូវទំនាក់ទំនងជាមួយនាយកដ្ឋានគយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីប្រមូលទិន្នន័យសម្រាប់ការចរចាបើកព្រំដែន ។
.png)
លោក ផុតអារ៉ាម វឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មបានអរគុណរដ្ឋាភិបាល, ក្រសួងការពារជាតិ, លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ, កងទ័ព និងអរគុណគ្រប់ស្ថាប័ន ដែលបានរួមគ្នាជំរុញ និងចរចាក្នុងកិច្ចប្រជុំ GBC ឱ្យសម្រេចបាននូវលទ្ធផលជាវិជ្ជមាន ។ ការបើកព្រំដែនមួយចំនួននឹងធ្វើឱ្យពលរដ្ឋរស់នៅដោយសន្តិភាព ក៏ដូចជាជួយឱ្យអាជីវកម្មរងផលប៉ះពាល់ដោយសារការបិទព្រំដែន អាចដំណើរការឡើងវិញ ។
.png)
ទោះជាសភាពាណិជ្ជកម្មថៃគាំទ្រការបើកព្រំដែនកម្ពុជា-ថៃនៅតំបន់មានហានិភ័យទាបក្តី ប៉ុន្តែពលរដ្ឋថៃភាគច្រើនពុំគាំទ្រការបើកព្រំដែនឡើងវិញទេ ជាពិសេស ពលរដ្ឋនៅខេត្តសុរិន្ទ ស្នើឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀតដោយសារពុំទុកចិត្តស្ថានការណ៍ ។ ពលរដ្ឋខេត្តសុរិន្ទចង់ឱ្យដោះស្រាយបញ្ហានៅប្រាសាទតាក្របី និងតំបន់ផ្សេងៗឱ្យរួចរាល់ ទើបអាចបើកព្រំដែន បើថៃបើកព្រំដែនបញ្ជូនផលិតផល និងចំណីអាហារទៅកម្ពុជាពេលនេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរបរិភោគអាហារថៃមានកម្លាំងកំហែងធ្វើសង្គ្រាមជាមួយថៃទៀត ។
រហូតមកដល់ពេលនេះ ពលរដ្ឋថៃភាគច្រើននៅតែគិតថា កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលផលិតផលពីថៃ និងពុំអាចខ្វះផលិតផលថៃបាន ទើបពួកគេសំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តដើម្បីបញ្ឈប់ការនាំចេញផលិតផលមកកម្ពុជា ។ នេះជាការគិតខុស ពីព្រោះពលរដ្ឋខ្មែរឈប់ទិញផលិតផលថៃយូរហើយ និងងាកមកគាំទ្រផលិតផលខ្មែរខ្លាំងជាងមុនដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងឱ្យពលរដ្ឋខ្មែរមានការងារធ្វើក្នុងប្រទេសរបស់ខ្លួន ៕










