ក្រោយពីកម្ពុជា-ថៃបានបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍អបអរប្រទេសទាំងពីរដែលឯកភាពគ្នាជាច្រើនចំណុច រួមទាំងការបោសសម្អាតមីន និងបើកព្រំដែនមួយចំនួនសម្រាប់ដឹកជញ្ជូនទំនិញតាមសំណើរបស់ជប៉ុន ។

កម្ពុជា-ថៃបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការងារដោយបង្ខំ និងការឆ្លងដែនខុសច្បាប់ ។ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ។

ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ចំណុចសំខាន់ៗ ៣ចំណុច រួមមាន ៖

១-រដ្ឋាភិបាលជប៉ុនរីករាយយ៉ាងខ្លាំងចំពោះការរៀបចំកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រទេសទាំងពីរបានពិភាក្សាឆ្ពោះទៅមុខពីការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ការបោសសម្អាតមីន និងបើកព្រំដែនមួយចំនួនសម្រាប់ដឹកជញ្ជូនទំនិញ ។ វាជាជោគជ័យសំខាន់យ៉ាងខ្លាំងក្នុងការឈានទៅរកបទឈប់បាញ់រវាងប្រទេសទាំងពីរ ។

២-រដ្ឋាភិបាលជប៉ុនសូមសរសើរការខិតខំប្រឹងប្រែងផ្នែកការទូតរបស់គ្រប់ភាគីពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកនេះ រួមទាំងសរសើរប្រទេសម៉ាឡេស៊ីដែលបានប្តេជ្ញាជំរុញកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ក្នុងឋានៈម៉ាឡេស៊ីជាប្រធានអាស៊ាន ។

៣-ទំនាក់ទំនង និងកិច្ចសហការល្អរវាងកម្ពុជា-ថៃមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ ។ រដ្ឋាភិបាលជប៉ុនសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្តអនុវត្តបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងដោយសន្តិវិធីតាមរយៈការចរចា ហើយរដ្ឋាភិបាលជប៉ុននឹងព្យាយាមសហការជាមួយប្រទេសពាក់ព័ន្ធដើម្បីកាត់បន្ថយភាពតានតឹង ក៏ដូចជាជំរុញប្រទេសទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។ រីឯគណៈប្រតិភូថៃដឹកនាំដោយលោក ណាត់ថាផុង ណាកផានចត រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។

កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញឆាប់រហ័ស ៕