អ្នកចម្រៀងរ៉េប Goofy ដែលជាអតីតជើងខ្លាំងមួយរូបក្នុងការប្រកួតកម្មវិធីប្រលងចម្រៀងរ៉េបបានបង្ហាញថាលោកក្លាយជាប៉ាគេហើយដែលត្រៀមស្វាមគមន៍កូនស្រីនៅថ្ងៃទី១១ ខែកញ្ញានេះ។ Goofy ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុតមកកាន់ដំណក់ឈាមដំបូងរបស់ខ្លួនដោយមិនឱ្យកូនស្រីលំបាកឡើយថែមទាំងសន្យាថានឹងធ្វើជាប៉ាល្អ។
ចាប់តាំងពីបញ្ចប់ការប្រកួតនិងបានជាប់ TOP3 ក្នុងកម្មវិធី The Rapper Cambodia មក Goofy ហាក់មិនទាន់មានបទចម្រៀងដែលក្តោបក្តាប់ទីផ្សារនៅឡើយទេ ផ្ទុយមកវិញអ្នកចម្រៀងរ៉េបរូបនេះបានបង្ហាញទំនាក់ទំនងស្នេហានិងមានការជជែកវែកមួយគ្រាអំឡុងពេលផ្លាស់ប្តូរដៃគូថ្មី។ ជាមួយនឹងគូស្នេហ៍ថ្មី Goofy មិនបានបង្ហាញជាញឹកញាប់ឬផុសរូបគូច្រើននៅលើបណ្តាញសង្គមនោះទេប៉ុន្តែ Goofy ក៏បានបង្ហាញសកម្មភាពផ្អែមល្ហែមមួយចំនួនដូចជាសាក់រូបគូស្នេហ៍កាលពីខែសីហា ឆ្នាំ២០២៤ ជាដើម។
យ៉ាងណាមិញ បន្ទាប់ពីមានទំនាក់ទំនងប្រមាណ១ឆ្នាំមកនេះ Goofy ក៏បានបង្ហោះថាលោកក្លាយជាប៉ារបស់គេហើយដែលនឹងត្រៀមស្វាគមន៍កូនស្រីក្នុងពេលឆាប់ៗនេះ។ នៅថ្ងៃទី១០ ខែកញ្ញា Goofy បានបង្ហោះនៅលើគណនីហ្វេកប៊ុក «ហ្វី ក្បាលខូច » ជាមួយនឹងរូបថតអេកូមួយសន្លឹកអមដោយខ្លឹមសារថា «ប៉ានឹងធ្វើជាប៉ាល្អរបស់កូនប៉ានឹងលះបង់គ្រប់យ៉ាង់ដើម្បីកូនទោះអីឡូវប៉ាលំបាកតែប៉ាមិនឱ្យកូនស្រីប៉ាលំបាកទេ ថ្ងៃស្អែកប៉ាម៉ាក់ហើយនឹកអ្នកគ្រប់គ្នាកំពុងរង់ចាំកូន 11/9/2025 អូនឈ្មោះ ដែន រតនៈនារីសុទិម៉ា ហៅក្រៅ(Jasmine) I’m hero for u my daughter…»។
ក្រោយពីបង្ហាញដំណឹងល្អនិងប្តេជ្ញាចិត្តក្នុងនាមជាឪពុកអ្នកលេងបណ្តាញសង្គមបានចូលរួមសម្តែងក្តីរីករាយអបអរសាទរ។ មុននឹងការបង្ហោះនេះ Goofy បានមេនសិនគណនីគូស្នេហ៍របស់ខ្លួនដែលមានឈ្មោះថា «cha kvai»៕