បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ពីររូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលមកលុកលុយយ៉ាងសម្បើមបន្ទាប់ពីស្ថិតក្នុងឈុតប្រពៃណីខ្មែរ។ អ្នកលេងបណ្តាញសង្គមថៃបានចោទប្រកាន់មិនព្រមទទួលស្គាល់ការពិតដោយនិយាយថា ហ្វីយ៉ាតា ស្លៀកសំលៀកបំពាក់ថៃ ចង់ធ្វើជាជនជាតិថៃ។ ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញក៏មិនខុសគ្នាប៉ុន្មាននោះទេបន្ទាប់ពីបង្ហោះរូបប្រម៉ូតព្រលានយន្តហោះថ្មី។
កាលពីថ្ងៃទី២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបប៉ុន្មានសន្លឹកស្ថិតនៅក្នុងឈុតដ៏ស្រស់ស្អាតបញ្ជាក់ពីអត្តសញ្ញាណខ្មែរក្នុងការប្រកាសថា ព្រលានយន្តហោះ តេជោអន្តរជាតិ នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងថ្ងៃទី៩ ខាងមុខនេះហើយ។ ការបង្ហោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើគណនីទិកតុកត្រូវបានជនជាតិសៀមជាច្រើនចូលមកខម្មិនដោយថាសំលៀកបំពាក់ដែលនាងស្លៀកគឺជាសំលៀកបំពាក់របស់ថៃ និងពាក្យបញ្ចើចបញ្ចើរថា ពលករខ្មែរ ឌឺដងមកលើព្រលានយន្តហោះថ្មី។
ងាកមកកាន់ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា វិញក៏មិនខុសគ្នាពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុន្មាននោះទេបន្ទាប់ពីថតឱ្យសម្អាងការមួយក្នុងឈុតប្រពៃណីខ្មែរ មានជនជាតិសៀមជាច្រើនរូបចូលមកខម្មិន។ នៅថ្ងៃទី៣ កញ្ញា មានការចែករំលែកវីដេអូមួយពី ហ្វីយ៉ាតា ស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាមួយនឹងទីតាំងនៅប្រាសាទប្រែរូបជារបស់ពិតទៀតកាន់តែមានភាពទាក់ទាញ។
ឃើញរូបភាពនេះហើយ ស្រាប់តែមានអ្នកលេងបណ្តាញសង្គមថៃចូលមកលុកលុយជាច្រើនដោយចោទប្រកាន់ថា ហ្វីយ៉ាតា ស្លៀកឈុតប្រពៃណីថៃ ហ្វីយ៉ាតា ចង់ធ្វើជាជនជាតិថៃ និងបានអរគុណនាងថែមទាំងដែលផ្សព្វផ្សាយពីសំលៀកបំពាក់ថៃ។
នេះមិនមែនជាលើកទី១នោះទេ សម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលត្រូវបានជនជាតិថៃខឹងស្អប់រូបនាងមកបញ្ចេញមតិតោងទាមមិនព្រមឈប់ ព្រោះនាងជាបវរកញ្ញាខ្មែរមួយរូបដែលមានភាពល្បីល្បាញមានប្រជាប្រិយភាពនៅប្រទេសនេះហើយនៅពេលប្រទេសទាំងពីរមានបញ្ហាជាមួយគ្នាទើបធ្វើឱ្យថៃក្តៅក្រហាយចូលមកជេរប្រមាថនាង៕










