បន្ទាប់ពីឃ្លាតឆ្ងាយពីរង្វង់សិល្បៈនិងរស់នៅក្រៅប្រទេសជាមួយនឹង លាវ វេងហួរ ជាស្វាមីដែលស្រលាញ់ថ្នាក់ថ្នមគ្រប់វិនាទី រឿន ណាត បានយល់កាន់តែច្បាស់ពីជីវិតដែលរស់នៅមានក្តីសុខពិតប្រាកដមិនមែនជាជីវិតរស់នៅក្នុងភាពល្បីល្បាញ។
កាលពីពេលថ្មីៗនេះ រឿន ណាត បានបង្ហាញនៅលើបណ្តាញសង្គមអំពីកាដូដ៏ធំបំផុតរបស់ខ្លួនក្នុងខួបកំណើតឆ្នាំនេះគឺជា លាវ វេងហួរ ។ អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ បានសរសេរនៅថ្ងៃទី ២ កញ្ញា ថា «ខួបកំណើតឆ្នាំនេះអូនមិនបានសុំអ្វីពីព្រះជាម្ចាស់ទេព្រោះព្រះបានប្រគល់កាដូរដ៏ធំបំផុតក្នុងជីវិតអូនរួចហើយគឺបង»។ នៅថ្ងៃទី២ កញ្ញា រឿន ណាត ក៏បានបង្ហាញពីក្តីសុខពិតប្រាកដក្នុងឆាកជីវិតគឺការរស់នៅសាមញ្ញជាមួយនឹងស្វាមី។

រឿន ណាត បានសរសេរថា «ពេលនេះគឺយកកាន់តែច្បាស់ថា ជីវិតដែលមានតែក្តីសុខ និងភាពរីករាយបំផុត គឺ មិនមែនជាជីវិតដែលរស់នៅក្នុងភាពល្បីល្បាញនោះទេ តែជាជីវិតដែលរស់នៅដោយភាពសាមញ្ញៗ ជាមួយលុយប៉ុន្មានលានដុល្លារក្នុងកុងធនាគារជាមួយប្តីគឺគ្រប់គ្រាន់ហើយ»។
ឃើញ រឿន ណាត កំពុងមានក្តីសុខជាមួយនឹង លាវ វេងហួរ លើទឹកដីសហរដ្ឋអាម៉េរិកបែបនេះអ្នកគាំទ្រក៏សប្បាយចិត្តដូចគ្នាទោះបីជាពេលនេះអ្នកទាំងពីរឃ្លាតឆ្ងាយពីវិស័យសិល្បៈក្តី។ មិនត្រឹមតែមានស្វាមីយល់ចិត្ត ស្រលាញ់ស្ទើរលេបប៉ុណ្ណោះទេ រឿន ណាត ក៏ជួបម្តាយក្មេកប្រកបដោយមេត្តាធម៌ ស្រលាញ់កូនប្រសារដូចគ្នា ដោយ រឿន ណាត បានបង្ហាញថាម្តាយក្មេករបស់នាងបានបាញ់លុយឱ្យជាកាដូក្នុងថ្ងៃខួបកំណើត សម្រាប់ការយកទៅទិញកាបូបប្រ៊េនៗដោយខ្លួនឯង។
គួរបញ្ជាក់ផងដែរថា រឿន ណាត បានបង្ហាញជារឿយៗនៅលើបណ្តាញសង្គមសរសើរពី លាង វេងហួរ ដែលស្រលាញ់ថ្នាក់ថ្នម យល់ចិត្តនាងគ្រប់ពេលមិនធ្វើឱ្យនាងពិបាកចិត្តឡើយ មានសេចក្តីសុខពេញទី៕










