បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុ រាត្រី បានផ្ញើលិខិតមួយច្បាប់ទៅកាន់អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដើម្បីស្នើសុំកិច្ចសហការដោះស្រាយបញ្ហាដីនិងផ្ទះរបស់ប្រជាជនកម្ពុជានៅភូមិសាស្រ្តស្រុកអូជ្រៅ ក្រោយភិបាលខេត្តថៃរូបនេះបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ខាងលើ ធ្វើការរុះរើផ្ទះនិងចាកចេញឲ្យអស់ក្នុងរយៈពេល២ខែ មុនអាជ្ញាធរថៃចាត់វិធានការក្ដៅ។
.jpg)
នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលចុះនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា បញ្ហាខាងលើនេះគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។

ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុង រស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ដូច្នេះការចេញលិខិតរបស់អភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ គឺមានគោលដៅស្នើទៅកាន់ អភិបាលខេត្តស្រះកែវ សហការរក្សាស្ថានភាពព្រំដែន និងទុកកិច្ចការនេះជូនទៅ GBC និង JBC ដើម្បីជាអ្នកកាត់សេចក្ដីនិងដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះផងដែរ ឯកឧត្ត អ៊ំ រាត្រី សង្ឃឹមថាភាគីថៃនឹងចូលរួមដោះស្រាយបញ្ហាខាងលើនេះ ប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខ៕
.jpg)









