ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ គណបក្សប្រជាជនបានប្រកាសពីគោលជំហរគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ទី៣២ របស់ថៃ និងទាត់ចោលគណបក្សភឿថៃ ខណៈលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី បានដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា ពីព្រោះគណបក្សភឿថៃពុំទទួលបានការគាំទ្រពីគណបក្សប្រជាជនឱ្យបង្កើតរដ្ឋាភិបាល ។
លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីបានដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា កាលពីថ្ងៃទី២ ខែកញ្ញា ក្រោយពីគណបក្សភឿថៃពុំទទួលបានការគាំទ្រពីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ដើម្បីបង្កើតរដ្ឋាភិបាល ។ លោក ភូមិថាំ និយាយថា ចលាចលនយោបាយ បញ្ហាផ្សេងៗ និងការល្មើសអធិបតេយ្យ គឺជាកត្តាធ្វើឱ្យគណបក្សភឿថៃសម្រេចចិត្តរំលាយសភាដើម្បីឱ្យប្រទេសថៃរៀបចំការបោះឆ្នោតឡើងវិញ និងប្រគល់អំណាចឱ្យពលរដ្ឋជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។
បើព្រះមហាក្សត្រថៃសម្រេចរំលាយសភាចោល មានន័យថា ប្រទេសថៃនឹងមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយប្រគល់អំណាចឱ្យពលរដ្ឋជាអ្នកសម្រេចចិត្ត ហើយលោក អនុថីន នឹងពុំអាចកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីទេ ។ ការដាក់ញតិ្តសុំរំលាយសភារបស់លោក ភូមិថាំ ទទួលបានការគាំទ្រពីពលរដ្ឋដែលស្រឡាញ់គណបក្សភឿថៃ ប៉ុន្តែមន្ត្រីគណបក្សភូមិចៃថៃមិនពេញចិត្ត និងថាលោក ភូមិថាំ គ្រាន់តែជានាយករដ្ឋមន្ត្រីស្តីទី គ្មានអំណាចដាក់ញត្តិសុំរំលាយសភា ។
ការដាក់ញត្តិរំលាយសភាធ្វើឱ្យប្រទេសថៃមានភាពចលាចលនយោបាយកើតឡើង ដោយសារគណបក្សភឿថៃមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន និងប្រឆាំងការបង្កើតរដ្ឋាភិបាលរបស់គណបក្សផ្សេង ។ កាលពីថ្ងៃទី៣ ខែកញ្ញា លោក ស៊ុផាឆ័យ ចៃសមុទ្រ ប្រធានក្រុមការងារផ្នែកច្បាប់របស់គណបក្សភូមិចៃថៃ បានដាក់ពាក្យប្តឹងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី ពីបទបំពេញភារកិច្ចមិនត្រឹមត្រូវតាមច្បាប់ព្រហ្មទណ្ឌ ពីព្រោះនាយករដ្ឋមន្ត្រីស្តីទីគ្មានអំណាចដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភាទេ ។
មន្ត្រីគណបក្សភូមិចៃថៃថា លោក ភូមិថាំ បានដាក់ញត្តិដោយខុសច្បាប់ ។ ផ្អែកតាមការលើកឡើងរបស់លេខាធិការការិយាល័យក្រុមប្រឹក្សារដ្ឋ លោក នីល ប្រាផាន់ គឺនាយករដ្ឋមន្ត្រីស្តីទីគ្មានអំណាចដាក់ញត្តិសុំសុំរំលាយសភាទេ ដែលនេះជាទង្វើមិនសមរម្យ និងអាចធ្វើឱ្យព្រះមហាក្សត្រខ្ញាល់ ។ ហេតុនេះ លោក ស៊ុផាឆ័យ ចៃសមុទ្រ ប្រធានក្រុមការងារផ្នែកច្បាប់របស់គណបក្សភូមិចៃថៃបានប្តឹងលោក ភូមិថាំ ពីបទបំពេញតួនាទីពុំត្រឹមត្រូវ និងសុំឱ្យមានការស៊ើបអង្កេតបន្ថែមដើម្បីចាត់វិធានការមន្ត្រីពាក់ព័ន្ធតាមច្បាប់ ។
ដូចគ្នានេះ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្មី និងសកម្មជននយោបាយ ក៏បានដាក់ពាក្យប្តឹងលោក ភូមិថាំ ដូចគ្នាដែរ ពីបទលោកប្រព្រឹត្តទង្វើខុសពីមាត្រា១១២ ។ ការទូលសុំព្រះមហាក្សត្ររំលាយសភាជាទង្វើពុំសមរម្យ ពីព្រោះលោក ភូមិថាំ គ្មានអំណាចតួនាទី និងចង់យកអំណាចព្រះមហាក្សត្រមកធ្វើជាឧបករណ៍នយោបាយ ។
គួរបញ្ជាក់ថា គណបក្សភឿថៃ (អាវក្រហម) បានសុំសំឡេងគាំទ្រពីគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង ដើម្បីឱ្យបេក្ខជនគណបក្សភឿថៃ គឺលោក ឆ័យក្សេម និទិស៊ិរិ កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែត្រូវបានគណបក្សប្រជាជនបដិសេធ ហើយទៅគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ដោយកំណត់លក្ខខណ្ឌមួយចំនួន ៕










