Zhao Lusi បានធ្វើការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពេលមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង ហើយបានលុបគណនីបណ្តាញសង្គម Weibo ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនថ្មីៗនេះក្រុមហ៊ុនមួយមានការចុះបញ្ជីដោយតារាសម្តែង Zhao Lusi បានកាន់កាប់ភាគហ៊ុនរហូតដល់៩០%។

ក្រុមហ៊ុន Chengdu Ma Ning Enterprise Management Co., Ltd. ត្រូវបានចុះបញ្ជីដោយមានដើមទុនធម្មនុញ្ញចំនួន ១០០,០០០យន់ដោយវិស័យប្រតិបត្តិការរបស់ក្រុមហ៊ុនរួមមានអាជីវកម្មអនឡាញ ការលក់រាយសម្លៀកបំពាក់ គ្រឿងសម្លៀកបំពាក់ ការលក់រាយស្បែកជើង និងប្រភេទមួយចំនួនទៀត។ ឪពុករបស់ Zhao Lusi លោក Zhao Jun មានតួនាទីជាអ្នកតំណាង និងជានាយកផ្នែកច្បាប់ ហើយ Zhao Lusi មានភាគហ៊ុន ៩០% និង Zhu Boxue មានភាគហ៊ុន១០% ។ 
ដំណឹងបង្កើតក្រុមហ៊ុនថ្មី Zhao Lusi បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះបច្ចុប្បន្នតារាស្រីរូបនេះកំពុងមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង Galaxy Cool Entertainment ដែលធ្វើឱ្យសកម្មភាពរបស់នាងមានកម្រិត។ បន្ទាប់ពីមានជម្លោះជាមួយ Galaxy Cool ដែលរួមសុខទុក្ខអស់រយៈពេលជាង១០ឆ្នាំសកម្មភាពរបស់ Zhao Lusi ក៏នៅទ្រឹង។ នាងនៅតែចូលរួមក្នុងការផ្សាយបន្តផ្ទាល់មួយចំនួនប៉ុន្តែមានកម្រិតខ្លាំងណាស់។ បច្ចុប្បន្ន នាងបន្តការ Live ផ្ទាល់ខ្លួនជាចម្បងដើម្បីទាក់ទងជាមួយអ្នកគាំទ្រ។
Zhao Lusi ក៏បានលុបគណនី Weibo របស់នាងដែលមានអ្នកតាមដានជាង៣០លាននាក់ផងដែរ។ ក្រោយរយៈពេលជិតមួយខែមក ទាំង Zhao Lusi និង Galaxy Cool មិនបានដាក់ពាក្យប្ដឹងដើម្បីដោះស្រាយបញ្ហាកិច្ចសន្យា ឬធ្វើការផ្លាស់ប្តូរអ្វីផ្សេងទៀតដើម្បីផ្សះផ្សា។
ទន្ទឹមនឹងនោះ Zhao Lusi បានប្តូរទៅប្រតិបត្តិការលើវេទិកា Douyin និងបណ្តាញសង្គមផ្សេងទៀត។ ថ្វីដ្បិតតែការលើកឡើងរបស់នាងជាច្រើននៅក្នុងការផ្សាយផ្ទាល់របស់នាងបានបង្កឱ្យមានភាពចម្រូងចម្រាសក៏ដោយ ក៏តារាស្រីរូបនេះនៅតែបញ្ជាក់ពីឥទ្ធិពលរបស់នាងតាមរយៈការរួមចំណែកក្នុងការជំរុញការលក់ផលិតផល និងអាហារជាច្រើនដែលនាងបានណែនាំ។ ម៉ាកយីហោជាច្រើន អង្គការសុខុមាលភាព និងអង្គការនយោបាយសង្គមនៅតាមមូលដ្ឋានបានថ្លែងអំណរគុណចំពោះ Zhao Lusi ដែលបានប្រើប្រាស់ឥទ្ធិពលរបស់នាងដើម្បីលើកស្ទួយវប្បធម៌ គាំទ្រសិប្បកម្មប្រពៃណី គាំទ្រម៉ាកយីហោក្នុងស្រុក និងរួមចំណែកបង្កើតការងារ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕










