ធ្លាប់និយាយថាបើកចិត្តក្នុងការទទួលយកការ Rate ពីទស្សនិកជនប៉ុន្តែ ប៉ីប៉ី ឌី និង អ្នកវិភាគឯករាជ្យ បង្កឱ្យមានការបញ្ចេញមតិវែកញែកក្រោយពីមានការផ្តល់ពិន្ទុ ៥.៦/១០។ ទោះយ៉ាងណា ប៉ីប៉ី ឌី បានចេញវីដេអូមួយបញ្ជាក់ពីមូលហេតុដែលប្រតិកម្មមិនទទួលការផ្តល់ពិន្ទុនេះ។.png)
កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ចាងហ្វាយផលិតកម្ម ហ្វីម ខនណើរ បានចេញវីដេអូមួយបន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយនឹង អ្នកវិភាគឯករាជ្យ ។ ក្នុងវីដេអូនេះលោកបានបញ្ជាក់ថាមិនមែនរឿងខ្មែរ Rate មិនបាន ប៉ះមិនបាន ផលិតករចេញមកប្រតិកម្មនោះទេ។ លោកបានឃើញពីចំណុចខ្វះខាតកុនរបស់ខ្លួនជាច្រើនហើយនឹងព្យាយាមកែលម្អបន្ថែមទៀតប្រសិនជាមានឱកាសធ្វើលើកក្រោយបន្តទៀតហើយទទួលយកការរិះគន់ទាំងអស់។
ទោះជាយ៉ាងនេះក៏ដោយ ប៉ីប៉ី ឌី បានបញ្ជាក់ទៀតថា ការ Rate ដែលអត់មានក្បាលគ្មានកន្ទុយ ការ Rate យកទៅប្រៀបធៀបជាមួយនឹងរឿងផ្សេងដោយមិនភ្ជាប់មកជាមួយនឹងមតិលោកមិនទទួលយកនោះទេ។ លោកបានបន្ថែមទៀតក្នុងន័យសម្តៅថា ការ Rate របស់អ្នកវិភាគឯករាជ្យ គឺស្ថិតនៅខាង Team រោងកុនថៃ ហើយលោកចាំច្បាស់ថាថ្ងៃដែលខ្លួនយកទៅបញ្ចាំងសាកល្បងនៅរោងកុនមានដើមកំណើតមកពីថៃគឺមានការ Rate ៧/១០ ប៉ុន្តែក្រោយពេលពហិការមិនយកកុនទៅបញ្ចាំងបែរជាមានការ Rate ៥.៦/១០។
ប៉ីប៉ី ឌី ថាប្រសិនជាមានចំណុចខ្វះខាតមានគំនិតក្នុងការកែលម្អគឺមានផ្លូវច្រើនដែលអាចសរសេរ Rate រឿងរបស់លោកចុះមានចំណុចខ្វះខាតកន្លែងណា ប៉ុន្តែបែរជាមានការប្រៀបធៀបទម្លាក់កុនរបស់លោកហើយលើកកុនមួយផ្សេងទៀតដែលមានការបញ្ចាំងនៅក្នុងរោងកុនដែលលោកពហិការហើយនេះគេហៅថាជាទង្វើថោកទាប។
ប៉ីប៉ី ឌី បានបញ្ជាក់ទៀតថា ពេលលោកធ្វើរឿង «ភូមិគ្រឹះអាគម» មិនមែនលោកមានមោទនភាពឬជឿជាក់លើខ្លួនឯងថាចេញមកល្អឥតខ្ចោះនោះទេ បើមិនដូច្នេះលោកក៏មិនសុំការជួយជ្រោមជ្រែងពីអ្នកសំខាន់ៗឯទៀតក្នុងវិស័យកុនឡើយ។ មុននឹងបញ្ចប់វីដេអូ ប៉ីប៉ី ឌី នៅតែអះអាងបញ្ជាក់យ៉ាងច្បាស់ថាប្រសិនជាលោកអាចធ្វើរឿងទី២ ឬដល់ទីប៉ុន្មានក៏ដោយក៏លោកមិនខ្ចីចាក់នៅក្នុងរោងកុនសៀមដដែល៕










