ប្រទេសថៃ៖ លោក Pravit Rojanaphruk អតីតអ្នកកាសែតឆ្នើមរបស់ Khaosod បានលាតត្រដាងពីការពិតនៅពីក្រោយគ្រោះថ្នាក់នៃការជាន់គ្រាប់មីនផ្ទុះដា.ច់ជើងរបស់ទាហានថៃកន្លងមកថាគ្រាន់តែជាការសម្ដែងបោ.កប្រាស់អន្តរជាតិ និងពលរដ្ឋថៃ ដើម្បីទទួលបានផលចំណេញផ្នែកនយោបាយ និងជាយុទ្ធសាស្រ្តយកឈ្នះសង្រ្គា.មប៉ុណ្ណោះ។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក ប្រាវីត បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖ អាចនិយាយបានថា 90% នៃទាហានដែលបានរបួស ឬបាត់បង់ជីវិត សុទ្ធតែមកពីគ្រួសារក្រីក្រ។ ខណៈដែលជនជាតិថៃជាច្រើនតែងហៅពួកគេថាជាវិរៈបុរស ហើយនោះគឺជាអ្វីដែលពួកគេត្រូវការ ឬចង់ឲ្យគេចងចាំតាមរបៀបនេះ។
លោកបន្តថា៖ ការពិតបានបង្ហាញថា ក្រុមទាហានដែលមានវណ្ណៈទាប និងមានជីវភាពក្រលំបាក តែងតែត្រូវបានគេប្រើប្រាស់ជាកូនអុកនៅក្នុងផ្លូវសង្រ្គាមរវាងអ្នកមានអំណាចនៅក្នុងប្រទេសថៃ និងកម្ពុជា។ បន្ថែមពីលើទស្សនៈរបស់ខ្លួន លោក ប្រាវីត ក៏បានភ្ជាប់មកជាមួយនឹងរូបថតមួយចំនួន បង្ហាញពីផ្ទះ និងស្ថានភាពគ្រួសាររបស់ទាហានថៃដែលទើបរងរបួសដាច់ជើងដោយសារគ្រាប់មីនកាលពីថ្មីៗនេះផងដែរ។

គួរជម្រាបថា កាលពីរសៀលថ្ងៃទី២៧ ខែសីហា កន្លងទៅ ហេតុការណ៍ជាន់មីនថ្មីមួយទៀតបានកើតឡើងទៅលើទាហានថៃម្នាក់ដែលមានឈ្មោះថា Private Adisorn ក្រោយដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនក្បែរប្រាសាទតាក្របី។ ឧប្បត្តិហេតុនោះបានបណ្ដាលឲ្យគេដាច់ជើងខាងស្ដាំ និងរងរបួសជាទម្ងន់។
បើតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា គ្រួសាររបស់ Adisorn ពិតជាក្រលំបាកខ្លាំងណាស់។ លើសពីនេះ គេក៏ទើបតែរៀបការបានថ្មីថ្មោង មានកូនស្រីតូចម្នាក់ និងមានជីដូនចំណាស់ម្នាក់នៅក្នុងបន្ទុកទៀតផង។ ទាំងនេះហើយ គឺជាអ្វីដែលលោក ប្រាវីត ចង់បញ្ចាក់ថា គ្រប់យ៉ាងវាជាការរៀបចំរបស់រដ្ឋាភិបាលថៃដើម្បីកេងចំណេញផ្នែកនយោបាយ ប៉ុន្តែអ្នកដែលត្រូវឈឺចាប់គឺជាមនុស្សថ្នាក់ក្រោមដែលគ្មានសិទ្ធិអំណាច។

ទាក់ទងនឹងការចោ.ទប្រកាន់កម្ពុជាលើការដាក់បង្កប់មីនថ្មីនៅក្នុងទឹកដីថៃនេះដែរ ក្រសួងការពារជាតិកម្ពុជា រួមជាមួយអង្គភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឡើងវិញថា កម្ពុជានឹងមិនប្រព្រឹត្តល្មើសនូវអនុសញ្ញាអូតាវ៉ា ព្រមទាំងប្ដេជ្ញាមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ មួយវិញទៀត ចាប់តាំងពីក្លាយជារដ្ឋភាគីនៃសន្ធិសញ្ញានេះមក កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មនុស្សធម៌ ចូលរួមក្នុងសកម្មភាពប្រឆាំងមីនទាំងក្នុង និងក្រៅប្រទេស មានការទទួលស្គាល់ពីអន្តរជាតិ។ ដូច្នេះអ្វីដែលភាគីថៃបានចោ.ទប្រកាន់នោះ គឺមិនមានមូលដ្ឋានច្បាស់លាស់ និងមិនអាចជឿជាក់បានឡើយ៕










