ហាណូយ៖ ប្រទេសវៀតណាមបើកបង្ហាញផែនការថ្មី គឺសាងសង់ស្ពានឆ្លងសមុទ្រដ៏វែងបំផុត ដែលមានចម្ងាយ ១៨ គីឡូម៉ែត្រ តភ្ជាប់ពីខេត្ត Ca Mau ទៅកោះ Hon Khoai ដែលជាច្រកដ៏រឹងមាំមួយនៅចុងភាគខាងត្បូងរបស់ប្រទេស ដែលត្រូវបានបិទជាតំបន់យោធាជាយូរមកហើយ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក VnExpess ។
គម្រោងនេះចាប់ផ្ដើមបើកដំណើរការកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នឹងសាងសង់តាមស្តង់ដារអន្តរជាតិឆ្លងកាត់សមុទ្រ ដែលទំនើប និងវែងជាងគេនៅអាស៊ីអាគ្នេយ៍ ជាមួយផ្លូវទៅមកចំនួន ៤ និងមានល្បឿនចរាចរណ៍ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងតម្លៃប្រមាណជាង ២៥.៧ ពាន់ពាន់លានដុង (ឬ ១ ពាន់លានដុល្លារ) ស្ពាននេះនឹងចាប់ផ្ដើមពីផ្លូវល្បឿនលឿន Ca Mau-Dat Mui ហើយលាតសន្ធឹងឆ្លងកាត់សមុទ្រ មុនពេលបញ្ចប់នៅជម្រាលភ្នំថ្មក្រានីតនៃកោះ Hon Khoai ។ ការបញ្ចប់ត្រូវបានរំពឹងទុកថានៅចុងឆ្នាំ ២០២៨ ។
ទោះជាយ៉ាងណា មិនត្រឹមតែគម្រោង Hon Khoai ប៉ុណ្ណោះទេ កំពង់ផែទឹកជ្រៅដ៏ធំក៏កំពុងត្រូវបានសាងសង់នៅលើកោះនេះផងដែរ រាប់បញ្ចូលទាំងចំណតប្រវែង ១,១០០ ម៉ែត្រ ដែលមានសមត្ថភាពទទួលនាវារហូតដល់ ២៥០,០០០ DWT និងអាចផ្ទុកទំនិញបាន ២០ លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ ផ្លូវល្បឿនលឿន Ca Mau-Dat Mui ប្រវែង ៨០ គីឡូម៉ែត្រ ដែលមានល្បឿនចរាចរណ៍ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក៏គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ ផងដែរ។
នៅពេលបញ្ចប់ គម្រោងធំ ៗទាំងបីខាងលើនេះ (ស្ពាន កំពង់ផែ និងផ្លូវល្បឿនលឿន) វានឹងបង្កើតការតភ្ជាប់ដោយគ្មានថ្នេរពីព្រំដែនភាគខាងជើង រហូតដល់ភាគខាងត្បូងបំផុតនៃប្រទេសវៀតណាម។ ការអភិវឌ្ឍន៍នឹងមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការការពារ និងសន្តិសុខ នៅក្នុងតំបន់ដែលស្ថិតនៅជិតផ្លូវដឹកជញ្ជូនអន្តរជាតិសំខាន់ៗផងដែរ។
ជាមួយប្រវែង ១៨ គីឡូម៉ែត្រ វានឹងក្លាយជាស្ពានឆ្លងសមុទ្រវែងជាងគេក្នុងប្រទេសវៀតណាម និងវែងជាងគេទីបីនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីស្ពាន Sultan Haji Omar Ali Saifuddien របស់ប្រទេសប្រ៊ុយណេ (៣០ គីឡូម៉ែត្រ) និងស្ពាន Sultan Abdul Halim Muadzam Shah របស់ប្រទេសម៉ាឡេស៊ី (២៤ គីឡូម៉ែត្រ)។ នេះបើយោងតាមវិទ្យាស្ថានជាតិដែក និងដែកថែបអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា Hon Khoai គឺជាកោះតូចមួយ ប៉ុន្តែមានភាពទាក់ទាញខ្លាំង ហើយមានចម្ងាយត្រឹមតែ ២៨ គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រ ជាមួយនឹងកំពូលភ្នំខ្ពស់បំផុតរបស់វាឡើងដល់ទៅ ៣១៨ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ គ្របដណ្តប់លើផ្ទៃដីប្រហែល ៤ គីឡូម៉ែត្រការ៉េ កោះនេះនៅតែគ្មានមនុស្សរស់នៅឡើយ លើកលែងតែយោធាប៉ុណ្ណោះ។
លោក Pham Thanh Ngai ប្រធានគណៈកម្មាធិការប្រជាជន Ca Mau បានឲ្យដឹងថា ខេត្តនេះគឺជាខេត្តតែមួយគត់ដែលនៅជាប់សមុទ្រទាំងបីជ្រុង។ ជាពិសេស វាស្ថិតនៅក្នុងទីទាំងយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់ផ្លូវដឹកជញ្ជូនអន្តរជាតិ។ បន្ថែមពីនេះ លោក Ngai ជឿថាវាជាបេះដូងនៃផ្លូវសមុទ្រនៅអាស៊ីអាគ្នេយ៍ ដែលនឹងក្លាយជាទីតាំងដ៏ល្អសម្រាប់កំពង់ផែទឹកជ្រៅ និងជាច្រកទ្វារសេដ្ឋកិច្ចថ្មីរបស់ប្រទេសវៀតណាមនៅព្រំដែនភាគខាងត្បូងផងដែរ៕










