ពាក្យសម្តីដែលមានការចោទប្រកាន់ថាលួចស្បៀងពីសប្បុរជនបានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងទៅលើ ហេង វិសាល និង ជា ស្រីនា។ ស្របពេលអ្នកទាំងពីរស្ថិតក្នុងស្ថានភាពមានសម្ពាធផ្លូវចិត្តខ្លាំងលោកជំទាវ ពេជ ចន្ទមុន្នី ស្រ្តីទី១នៃកម្ពុជា បានផ្តល់កម្លាំងចិត្តទៅកាន់គូស្នេហ៍មួយគូនេះឱ្យបន្តការងារនេះទៀត កុំឱ្យពាក្យមនុស្សមួយចំនួនតូចបំផ្លាញនូវផលប្រយោជន៍ដល់មនុស្សដែលត្រូវការជាច្រើន។

កាលពីថ្ងៃទី១១ ខែសីហា Influencer ហេង វិសាល បានបង្ហោះអរគុណទៅកាន់ទស្សនិកជនបងប្អូនមិត្តភក្តិនិងក្រុមគ្រួសារដែលបានលើកទឹកចិត្ត ការពារ ជឿជាក់ចំពោះខ្លួនបន្ទាប់ពីមានការចោទប្រកាន់មិនសមហេតុផលអំពីស្បៀង។ ហេង វិសាលក៏បានបញ្ជាក់ថាទោះបីជាលោករាងចាលនិងរងសម្ពាធខ្លាំងក្តីប៉ុន្តែប្រសិនជាប្រទេសជាតិមានបញ្ហាលោកនៅតែជួយតាមដែលអាចធ្វើទៅបានព្រោះទីនេះគឺជាទឹកដីកំណើតលោក។
.png)
ការបង្ហោះរបស់ ហេង វិសាល ខាងលើនេះទំព័រផេកផ្លូវការរបស់លោកជំទាវ ពេជ ចន្ទមុន្នី បានខម្មិនលើកទឹកចិត្តទៅកាន់ ហេង វិសាល និង ជា ស្រីនា។ ខ្លឹមសារនោះរៀបរាប់ថា «
ជាដំបូងសូមអរគុណប្អូនប្រុសដែលបានផ្តួចផ្តើមគំនិតក្នុងការជួយដល់ជនដែលរងគ្រោះក្នុងពេលនេះ។ បងសូមលើកទឹកចិត្តប្អូនឱ្យបន្តការងារនេះទៀត។ បងគាំទ្រសកម្មភាពរបស់ប្អូនៗ។ ប្អូនត្រូវចងចាំថាការធ្វើអំពើល្អមិនរង់ចាំការតបស្នងមកវិញ។ យើងមិនអាចឃាត់មាត់អ្នកដទៃបានទេ ដូច្នេះកុំឱ្យពាក្យមនុស្សមួយចំនួនតូច បំផ្លាញនូវផលប្រយោជន៍ដល់មនុស្សដែលត្រូវការជាច្រើន។ keep it up for our country and for our people»។
ទទួលបានការផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តក្នុងការធ្វើអំពើល្អក្នុងសង្គម ហេង វិសាល ក៏បានឆ្លើយតបដោយក្តីរំភើបនិងមានភាពកក់ក្តៅ។ ហេង វិសាល បានសរសេរថា «ពីពួកយើងដែលជាប្រជាពលរដ្ឋខ្មែរ ក៏សូមអរគុណនិងដឹងគុណដូចគ្នាទៅកាន់បង ជាពិសេសគឺថ្នាក់ដឹកនាំទាំងអស់ ពួកខ្ញុំជាអ្នកដែលបានចុះទៅផ្ទាល់ទើបដឹងថារាជរដ្ឋាភិបាលបានរៀបចំ និងជួយពីក្រោយខ្លាំងកម្រិតណា។ ខ្ញុំតំណាងឱ្យក្រុមការងារ និងប្រជាជនខ្មែរទាំងអស់សូមអរគុណបងដែលបងតែងតែយកចិត្តទុកដាក់មិនថាបងប្អូនភៀសសឹក និងបងៗជួរមុខ ពួកខ្ញុំជាប្រជាពលរដ្ឋពិតជាមានភាពកក់ក្តៅ»៕










