ទោះស្ថិតក្នុងស្ថានភាពប្រែប្រួលបែបណាក្តី តែរាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ នេះជាការអះអាងបញ្ជាក់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតីនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ សម្តេចបានអះអាងថា ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រហូតបច្ចុប្បន្នរដ្ឋាភិបាលបានចាត់នូវវិធានការតាមយន្តការចាំបាច់នានា ដើម្បីជម្រុញឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងប្រកបដោយសុវត្ថិភាព។
ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប្រចាំជាមួយភាគីថៃ ហើយបានស្នើទៅប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន សហការជាមួយអាជ្ញាធរថៃពន្លឿនសកម្មភាពដោះស្រាយកិច្ចការនេះផងដែរ។ សម្តេចបានបញ្ជាក់ថា សម្តេចបានប្រគល់ភារកិច្ចទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។
បន្ថែមលើនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុតផងដែរ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមានភាពស្របគ្នាទៅនឹងការលើកឡើងរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ដែលសម្រង់សំដីរបស់សម្តេចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាសារព័ត៌មាននានាក្នុងថ្ងៃតែមួយ។ តាមរយៈសំណេរដែលបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៤ ខែសីហា សម្ដេចបានរៀបរាប់ថា សម្តេចបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងនឹងបញ្ហាកងទ័ពកម្ពុជា ១៨នាក់ ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយរបស់កម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោង រួចទៅហើយនោះ។
សម្ដេច ហ៊ុន សែន បានចាត់ទុកសកម្មភាពនេះថាជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានលើកជាចម្ងល់ដែរ ថាមានហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជាទាំង ១៨រូប មកឲ្យកម្ពុជាវិញ?










