កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានបង្ហោះសារខ្លីៗបង្កប់អត្ថន័យជាច្រើនបណ្តាលឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលនិងកាន់តែចង់ដឹងបន្ថែមទៀតតើ លក្ខិណា បានជួបរឿងរ៉ាវអ្វីខ្លះជាមួយនឹងសិស្សច្បង។
ក្រៅអំពីការខ្នះខ្នែងជួយដល់កងទ័ពជួរមុខនិងជនភៀសសឹក រួមទាំងស្ថានភាពស្ងប់ស្ងាត់នៅតាមបន្ទាត់ព្រំដែនបន្ទាប់ពីមានបទឈប់បាញ់រវាងកម្ពុជា-ថៃ គេបានឃើញបវរកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ដែលកំពុងមានប្រជាប្រិយភាពបានបង្ហោះសំណេរប្លែកៗបង្កប់អត្ថន័យស៊ីជម្រៅជាច្រើន។
នៅថ្ងៃទី២៨ កក្កដា លក្ខិណា ស្រាប់តែបង្ហោះប្រយោគមួយថា «ខ្ញុំកំពុងចាំមើលបាបកម្មរបស់អ្នកណា ខ្ញុំមិនសាងជាមួយអ្នកតែកម្មដែលអ្នកធ្វើកំពុងចេញមកទៀតហើយ»។ នៅល្ងាចថ្ងៃទី២៩ កក្កដា អ៊ិន លក្ខិណា ក៏បានបង្ហោះសំណេរជាបន្តបន្ទាប់ទៀតថា «សង្គមនេះគួរឱ្យខ្លាចសំដែងក្នុងរឿងបានហើយកុំសំដែងក្នុងជីវិតពិតអីអត់ល្អមើលទេ»។ 
Miss Cosmo Cambodia 2024 បានបង្ហោះទៀតថា « ធ្វើអីដាក់ខ្ញុំខ្លះចាំអត់» និងប្រយោគមួយទៀតថា «ម៉េចហើយសិស្សច្បង»។
ការបង្ហោះសំណេរជាបន្តបន្ទាប់ពីសំណាក់ អ៊ិន លក្ខិណា ពិតជាធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យយ៉ាងខ្លាំងអំពីវិស័យបវរកញ្ញាដែលនាងបានឆ្លងកាត់ហើយទំនងជាជួបប្រទះបញ្ហាជាមួយនឹងបវរកញ្ញារៀមច្បងរូបណាហើយទើបបានជានាងបញ្ចេញសំណេរខាងលើនេះឡើងមក។.png)
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជាប់ TOP10 ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ Miss Cosmo 2024 មកគេបានឃើញថា អ៊ិន លក្ខិណា មានទីផ្សារជាបន្តបន្ទាប់នៅឯប្រទេសវៀតណាម។ ជាពិសេសបវរកញ្ញាខ្មែររូបនេះនិងបវរកញ្ញាវៀតណាមម្នាក់ទៀតគឺបង្ហាញការស្រលាញ់រាប់អានគ្នាយ៉ាងជិតស្និទ្ធ៕










