ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងការពារជាតិជប៉ុនបានចេញលិខិតប្រកាសជាថ្មីពីការបង្កើនសកម្មភាពខ្លាំងក្លារបស់កងទ័ពចិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជប៉ុនយ៉ាងធ្ងន់ធ្ងរ ខណៈយន្តហោះកងទ័ពចិនធ្លាប់រំលោ.ភដែនអាកាសជប៉ុន ។ លិខិតប្រកាសនេះបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ដោយបញ្ជាក់ថា ចិនបានបង្កើនសកម្មភាពកងទ័ពនៅទូទាំងតំបន់ និងក្បែរទឹកដីជប៉ុន ។

យន្តហោះកងទ័ពចិន១គ្រឿងបានហោះចូលដែនអាកាសជប៉ុន កាលពីខែសីហា ឆ្នាំ២០២៤ ។ បន្ទាប់មក នៅខែកញ្ញា ឆ្នាំ២០២៤ នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងចិន ២គ្រឿងទៀតបានបើកឆ្លងកាត់កោះចំនួន២របស់ជប៉ុន ដែលស្ថិតនៅក្បែរតៃវ៉ាន់ ។ កងទ័ពរំដោះប្រជាជនចិនបានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជប៉ុនយ៉ាងខ្លាំង ហើយទង្វើរបស់ចិនគួរឱ្យបារម្ភណាស់ ។
មហិច្ឆតាកងទ័ពចិន គឺជាបញ្ហាប្រឈមយុទ្ធសាស្ត្រដ៏ធំបំផុត និងពុំធ្លាប់កើតឡើងពីមុន ដែលនឹងប៉ះពាល់សន្តិសុខជប៉ុន និងពិភពលោក ។ កាលពីសប្តាហ៍ទី២ ខែកក្កដានេះ អាជ្ញាធរទីក្រុងតូក្យូបញ្ជាក់ថា មានយន្តហោះចម្បាំងចិន១គ្រឿងបានហោះក្បែរយន្តហោះស៊ើបការណ៍ជប៉ុន ដែលឆ្ងាយពីគ្នាត្រឹមតែ៣០ម៉ែត្រនៅសមុទ្រចិនខាងកើត ។.png)
កាលពីឆ្នាំ២០២៤ នាវាចិនបានធ្វើដំណើរក្បែរកោះ Senkaku ឬចិនហៅថា កោះ Diaoyu រហូតដល់៣៥៥លើក ។ នៅឆ្នាំដដែល ជប៉ុនបានពិនិត្យឃើញនាវាផ្ទុកយន្តហោះចិន ចំនួន២គ្រឿងបានបើកឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកជាលើកដំបូង និងបើកចូលតំបន់សេដ្ឋកិច្ច EEZ ប៉ុន្តែរដ្ឋាភិបាលចិនអះអាងថា វាគ្រាន់តែជាការហ្វឹកហាត់ធម្មតា ។.png)
កងទ័ពចិនថែមទាំងធ្វើសមយុទ្ធជាមួយកងទ័ពរុស្ស៊ី ដែលបង្ហាញយ៉ាងច្បាស់ថា ចិនមានបំណងបង្ហាញអំណាចរបស់ខ្លួនលើជប៉ុន ។ ជាមួយគ្នានេះ លិខិតប្រកាសរបស់ជប៉ុនបញ្ជាក់ថា សកម្មភាពរបស់កូរ៉េខាងជើង ក៏គំរាមកំហែងសន្តិសុខជប៉ុនខ្លាំងដែរ ។
ប្រទេសជប៉ុនស្ថិតក្នុងដំណាក់ការបង្កើនថវិកាការពារជាតិស្របតាមស្តង់ដារស្មើ២% នៃផលិតផលក្នុងស្រុកសរុប (GDP) តាមការកំណត់របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ ក្រៅពីនេះ ជប៉ុនបានសហការផ្នែកកងទ័ពជាមួយអាមេរិក និងបណ្តាប្រទេសជាមិត្តរបស់អាមេរិកក្នុងតំបន់ ដើម្បីឱ្យកងទ័ពជប៉ុន-អាមេរិកអាចទប់ទល់ការគំរាមផ្សេងៗយ៉ាងរហ័ស ដូចជា ៖ ករណីចិនឈ្លានពានតៃវ៉ាន់ ៕










