នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ផ្លែទុរេនរបស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។
អគ្គរដ្ឋបាលគយចិន បានអនុញ្ញាតឱ្យកម្ពុជានាំចេញទុរេនស្រស់ ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។
ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។
គួរបញ្ជាក់ថា ផ្លែទុរេនស្រស់គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅចិនបន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ស្វាយ ផ្លែមៀន និងម្រេច៕










