ថ្មីៗនេះនៅក្នុងវិស័យភាពយន្តក្នុងប្រទេសកម្ពុជាបានផ្ទុះនូវពាក្យចចាមអារ៉ាមយ៉ាងខ្លាំងទៅលើអ្នកដឹកនាំរឿងនិងជាផលិតករភាពយន្តបានប្រពឹត្តទង្វើមិនគប្បីទៅលើមនុស្សស្រីដើម្បីជាថ្នូរនឹងតួនាទីសម្តែង។ មិនត្រឹមតែ ប៉ុណ្ណោះថែមទាំងមានពាក្យចចាមអារ៉ាមថាអ្នកដឹកនាំរឿងរូបនោះបានកេងប្រវ័ញ្ចញើសឈាម កម្លាំង សមត្ថភាពការងារ និងលុយមិត្តរួមអាជីពក្នុងវិស័យ ភាពយន្ត គោលបំណងទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។

យ៉ាងណាមិញ ស្របពេលមានការជជែកវែកញែកយ៉ាងច្រើនពីរឿងខាងលើនេះ ផលិតករឯករាជ្យ David Tito បានចេញលិខិតបំភ្លឺជាសាធារណៈតាមរយៈមេធាវីរបស់ខ្លួនដែលតំណាងឱ្យលោកបានធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងស្រុង។

ក្នុងលិខិតដែលចុះថ្ងៃទី១៣ កក្កដា មេធាវីតំណាងឱ្យលោក ទី ទេពនិមល ហៅ David Tito បានបដិសេធទៅលើការចោទប្រកាន់ពីកូនក្តីរបស់ខ្លួនដែល «ធ្លាប់បានប្រព្រឹត្តអំពើ កេងប្រវ័ញ្ចទៅលើមនុស្សស្រីមួយចំនួន… និង «បានកេងប្រវ័ញ្ច កម្លាំង សមត្ថភាពការងារ និងលុយមិត្តរួមអាជីពក្នុងវិស័យ ភាពយន្ត គោលបំណងទទួលបានផលប្រយោជន៍ ផ្ទាល់ខ្លួន…” ។ ការចោទប្រកាន់នេះគឺបានបំផ្លើស មូលបង្កាច់ ទំលាក់កំហុសដោយអសុទ្ធចិត្ត គ្មានការពិត គ្មានមូលដ្ឋាន និងគ្មានព័ស្តុតាងច្បាស់លាស់ ព្រមទាំងមានចរិតលក្ខណៈជាបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ” និង “ញុះញង់ឱ្យមាន ការរើសអើង” »។ ការចោទប្រកាន់នេះគឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក David Tito យ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺប៉ះពាល់ទៅដល់ អាជីពការងារជាផលិតករឯករាជ្យ (Freelance Director) ក្នុងវិស័យភាពយន្ត។

លិខិតដដែលបានបញ្ជាក់ទៀតថា អំពើរបស់ម្ចាស់គណនីហ្វេសប៊ុកដែលមានការចោទប្រកាន់ទៅកាន់ផលិតកររូបនេះពួកគេកំពុងប្រមូលព័ស្តុតាងនៃការបង្ហោះ (Posts) ការចែកចាយសំណេរ(Shares) ការបញ្ចេញមតិ (Comments) និងកំណត់អត្តសញ្ញាណបុគ្គលទាំងនោះ ដើម្បីរៀបចំពាក្យបណ្តឹងទៅស្ថាប័នអយ្យការ និងអនុវត្តវិធានការ តាមផ្លូវច្បាប់។
លោកមេធាវី ជាសា សុផាតារាវឌី ជាមេធាវីនៃក្រុមហ៊ុនមេធាវី សុភាចារស្មាក្តីអង្គរ បានបញ្ជាក់ថាគណនីដែលបានបង្ហោះចោទប្រកាន់គឺទុកពេលឱ្យ២៤ម៉ោងក្នុងការលុប ហើយក្នុងករណី មិនធ្វើការលុប សំណេរ ឬរូបភាពដែលពាក់ព័ន្ធនឹងលោក David Tito ទេនឹងផ្តើមចំណាត់ការបណ្ដឹងប្រឆាំងនឹងបុគ្គលទាំងនោះទៅស្ថាប័នមានសមត្ថកិច្ច៕










