ឃើញមានភាពស្និទ្ធស្នាល ជាមនុស្សជំនិតនឹងគ្នាអ្នកគាំទ្រមួយចំនួនយល់ច្រឡំថា សុជាតា គឺជាប្អូនស្រីជីដូនមួយរបស់ពិធីការិនី សុភ័ក្រ្ត កុសុម៉ា ។ ទោះយ៉ាងណា កុសុម៉ា បានបញ្ជាក់ថា សុជាតា ពុំជាប់សាច់ឈាមជាមួយគ្នាទេគឺទំនាក់ទំនងអ្នកទាំងពីរ ផ្តើមចេញពីហ្វេន។
នៅក្នុងកម្មវិធីផតខាស់ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះពិធីការិនីនិងជាតារាចម្រៀង សុភ័ក្រ្ត បានធ្វើឱ្យទស្សនិកចាប់អារម្មណ៍យ៉ាងខ្លាំងពេញប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពី រូបនាងបានចែករំលែកបទពិសោធន៍ជាច្រើនក្នុងជីវិត ជាពិសេសគឺក្តីស្រលាញ់ ទៅកាន់ អ្នកម្តាយ។ ជាមួយនឹងការចែករំលែកនេះ កុសុម៉ា ក៏បានទម្លាយពីទំនាក់ទំនងនាងនិង សុជាតា ដែលមានអ្នកមួយចំនួនយល់ច្រឡំថាជាបងប្អូនជីដូនមួយនឹងគ្នា។

កុសុម៉ា បាននិយាយថា នាងនិងសុជាតា ស្គាល់គ្នា១០ឆ្នាំមកហើយ ខណៈ ជាតា គឺជាហ្វេន ដោយគ្រានោះនាងលក់ខោអាវមួយទឹកហើយ។ ដោយ ឃើញសេចក្តីស្រលាញ់របស់ ជាតា មកកាន់ខ្លួន កុសុម៉ា បានហៅសួរនាំ ជាតា ចង់មកធ្វើការជាមួយនឹងនាងឬអត់ ប៉ុន្តែពុំមានប្រាក់ខែនោះទេដោយសារតែគ្រានោះ កុសុម៉ា នៅច្រៀងតាម Pub។
លុះក្រោយមក សុជាតា បានឈប់ពីការងារហើយសម្រេចចិត្តមកនៅជាមួយនឹង សុភ័ក្រ្ត កុសុម៉ា ហើយពុំមែនជារឿងងាយស្រួលនោះទេដោយម្តាយរបស់នាងបានជេរឆ្វេង ជេរស្តាំទៅកាន់ ជាតា ដោយសារតែស្រលាញ់នាងពេកហើយមិនទុកចិត្តអ្នកដទៃ។ យ៉ាងណាមិញ ចុងក្រោយ សុជាតា បានធ្វើឱ្យម្តាយរបស់ សុភ័ក្រ្ត កុសុម៉ា ពេញចិត្តសឹងតែបាត់មុខមិនបាន។
ជាមួយគ្នានេះដែរ កុសុម៉ា ថារាល់ថ្ងៃនេះប្រសិនជានាងធ្វើខុសក៏ពោលពាក្យសូមទោសទៅកាន់ សុជាតា ដូចគ្នាមិនមែននាងជាបង ឱ្យ ជាតា សូមទោសខ្លួនរហូតនោះទេ។ ចំណុចនេះ កុសុម៉ា ថាការចេះឱ្យតម្លៃគ្នា ចេះគោរពគាត់ អ្នកណាធ្វើមិនទំនងដាក់ សុជាតា នាងថាឱ្យបុគ្គលនោះមិនឱ្យតម្លៃប្អូននាងដោយគិតថា ជាតា ជាអ្នកនៅជាមួយ ប៉ុន្តែមិនមែននោះទេ សុជាតា គឺជាប្អូនស្រីបង្កើតរបស់នាងតែម្តង។

ជាមួយនឹងការរៀបរាប់ពីទំនាក់ទំនងនេះ សុភ័ក្រ្ត កុសុម៉ា បានពោលទាំងអួលដើមករលីងរលោងទឹកភ្នែកទៅកាន់ប្អូនស្រីរបស់ខ្លួនដែលនាងជាមនុស្សមានចិត្តស្មោះត្រង់បំផុត តែងតែនៅក្បែរមើលថែនាងគ្រប់ពេលវេលាប្រៀបដូចជាម្តាយទីពីរនិងស្រលាញ់នាងដោយមិនទាមទារអ្វីទាំងលុយកាក់និងទ្រព្យសម្បតិ្ត៕










