វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ “ពន្ធដ៏ធ្ងន់ធ្ងរ” លើរុស្ស៊ី ប្រសិនបើមិនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ក្នុងរយៈពេល ៥០ថ្ងៃខាងមុខ រួមជាមួយនឹង “ពន្ធបន្ទាប់បន្សំ” ប្រហែល 100% ទៀតទៅលើប្រទេសផ្សេងៗដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដើម្បីជាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដែលនៅបន្តឈ្លានពានអ៊ុយក្រែន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC នាថ្ងៃអង្គារ ទី១៥ កក្កដានេះបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនសព្វាវុធធនធ្ងន់ ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈបណ្តាប្រទេសដែលជាសមាជិកអង្គការ NATO ។ ជាមួយគ្នានេះលោកត្រាំ បានព្រមា.នរុស្ស៊ី ថាអាមេរិកនឹងចាត់វិធានការពន្ធគយដ៏ធ្ងន់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម នៅក្នុងរយៈពេល ៥០ ថ្ងៃទៀត។

ជាមួយនឹងការកំណត់ពន្ធគយនេះ លោកត្រាំបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ១០០ភាគរយ សំដៅលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីសហការជាមួយ ។ គោលបំណងនៃការតម្លើងពន្ធនេះ គឺដោយសារអាមេរិក និងអង្គការ NATO ចង់ឱ្យប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីប្រឈមនឹងពន្ធបដិការខ្ពស់នៅពេលនាំចូលមកលក់នៅក្នុងទីផ្សារអាមេរិក។ វានឹងធ្វើឱ្យទំនិញរបស់ពួកគេឡើងថ្លៃខ្លាំង ហើយជំរុញឱ្យអ្នកជំនួញអាមរិកងាកមករកទំនិញដូចគ្នាតែនៅកន្លែងផ្សេងដែលមានតម្លៃថោកជាង ហើយប្រទេសទាំងនោះនឹងបាត់បង់ចំណូល។ ប្រេង និងឧស្ម័នមានចំនួនជិតមួយភាគបី នៃប្រាក់ចំណូលរដ្ឋរបស់ទីក្រុងមូស្គូ និងច្រើនជាង៦០ភាគរយ នៃការនាំចេញរបស់ខ្លួន ដូច្នេះ ពន្ធ ១០០ភាគរយ អាចធ្វើឱ្យខូចផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ី។
ចំណែកលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកបានពិភាក្សាអំពីមធ្យោបាយ និងដំណោះស្រាយចាំបាច់ជាមួយប្រធានាធិបតីអាមេរិក ដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់ប្រជាជនអ៊ុយក្រែន ពីការវា.យប្រហាររបស់រុស្ស៊ីនិងត្រៀមខ្លួនរួចរាល់ ក្នុងការអនុវត្តតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាព។ ឆ្លៀតក្នុងឱកាសនោះ លោកបានអរគុណចំពោះឆន្ទៈរបស់លោកត្រាំ ក្នុងការគាំទ្រអ៊ុយក្រែននិងបន្តធ្វើការរួមគ្នា ដើម្បីបញ្ឈប់ការសម្លា.ប់ ព្រមទាំងបង្កើតសន្តិភាពយូរអង្វែងនិងយុត្តិធម៌៕










