ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ស្ត្រីជ.នជាតិថៃម្នាក់កើតទុក្ខពុំសុខចិត្តពេលមកលេងប្រាសាទតាមាន់ធំ ស្រាប់តែ GPS នៅលើអេក្រង់ទូរស័ព្ទដៃបង្ហាញដោយស្វ័យប្រវត្តិថា «សូមស្វាគមន៍មកដល់ទឹកដីប្រទេសកម្ពុជា» ។ ស្ត្រីថៃរូបនេះអះអាងថា ខ្លួនស្ថិតនៅប្រាសាទតាមាន់ធំក្នុងខេត្តសុរិន្ទ ទឹកដីប្រទេសថៃ ហេតុអ្វី GPS បង្ហាញសារជាទឹកដីកម្ពុជាទៅវិញ ។
អ្នកស្រី នីថា ចំប៉ាផុង អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងបាងកក មកលេងនៅប្រាសាទតាមាន់ធំ ប៉ុន្តែគ្រាន់តែដើរមកកាន់ប្រាសាទតាមាន់ធំបានតែ២ជំហ៊ាន ស្រាប់តែ GPS នៅលើទូរស័ព្ទដៃបញ្ជាក់ថា អ្នកស្រីកំពុងស្ថិតក្នុងទឹកដីប្រទេសកម្ពុជា ។ ស្ត្រីរូបនេះភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថា ខ្លួនស្ថិតក្នុងទឹកដីថៃ ពុំមែននៅក្រៅប្រទេសទេ ។
ស្ត្រីថៃរូបនេះបានផ្តាំផ្ញើទៅកាន់ស្ថាប័នដែលទទួលខុសត្រូវផ្នែកនេះឱ្យជួយមើល GPS ផង បើពុំដូច្នោះទេ ប្រទេសថៃអាចនឹងចាញ់ប្រៀបកម្ពុជា ហើយអះអាងថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីថៃ ។ បន្ទាប់មក ស្ត្រីថៃក៏កាន់ទូរស័ព្ទដៃទៅសាកសួរភ្នាក់ងារទទួលខុសត្រូវក្នុងតំបន់ប្រាសាទឱ្យបកស្រាយរឿងការបង្ហាញសាររបស់ GPS ។
ភ្នាក់ងារទទួលខុសត្រូវក្នុងតំបន់ប្រាសាទប្រាប់ថា មានតែទូរស័ព្ទដៃនេះ១គ្រឿងប៉ុណ្ណោះ ដែល GPS បង្ហាញសារថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីប្រទេសកម្ពុជា រីឯទូរស័ព្ទដៃផ្សេងទៀត GPS ពុំបង្ហាញសារបែបនេះទេ ខណៈកងទ័ពថៃនិយាយថា GPS ពុំពាក់ព័ន្ធនឹងបន្ទាត់ព្រំដែន ។
ដោយឡែក ពលរដ្ឋថៃជាច្រើនបានសម្រុកមកលេងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ក្រោយពីមេបញ្ជាការកងទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ប្រាប់ឱ្យពលរដ្ឋថៃមកលេងប្រាសាទតាមព្រំដែនឱ្យបានច្រើន ដើម្បីបង្ហាញថាថៃជាម្ចាស់ប្រាសាទ ខណៈពលរដ្ឋខ្មែរយើងក៏មកលេងប្រាសាទបុរាណជាមរតកដូនតាខ្មែរច្រើនដែរ ។
គួរបញ្ជាក់ថា ប្រាសាទតាមាន់ធំ គឺស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ នៅជាប់ព្រំដែនប្រទេសកម្ពុជា និងថៃ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ ។ ក្នុងនាមយើងជាពលរដ្ឋខ្មែរគួរនាំគ្នាមកលេងប្រាសាទបុរាណតាមព្រំដែនកម្ពុជា-ថៃឱ្យបានច្រើនដើម្បីបញ្ជាក់ថា ខ្មែរជាម្ចាស់ប្រាសាទពិតប្រាកដ ដែលដូនតាខ្មែរបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយថែរក្សា និងការពារឱ្យបានល្អកុំឱ្យបរទេសឈ្លានពាន ៕










