ប្រទេសថៃ ៖ ពលរដ្ឋថៃរស់នៅខេត្តផាំងង៉ា បានរៀបចំសម្ភារៈ និងប្រមូលទ្រព្យសម្បត្តិមានតម្លៃជម្លៀសចេញពីលំនៅឋានទៅស្នាក់នៅកន្លែងមានសុវត្ថិភាព ដោយសារបារម្ភពីសុវត្ថិភាពក្រោយមានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ថា ប្រទេសថៃនឹងកើតរលកយក្សស៊ូណាមិ ។ ក្រុមគ្រួសារខ្លះបាននាំកូនចៅ និងមនុស្សចាស់ទៅស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ខណៈអ្នកខ្លះទៀតយករថយន្តទៅចតនៅទីខ្ពស់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ។
ពលរដ្ឋរស់នៅភូមិណាមឃេម ឃុំបាងមួង ស្រុកតាក់គួប៉ា ខេត្តផាំងង៉ា បានភ័យជ្រួលច្របល់ខ្លាំងក្រោយមានពាក្យចចាមអារ៉ាមថា នឹងមានរលកយក្សស៊ូណាមិកើតឡើងនៅដើមខែកក្កដា ។ ពលរដ្ឋនៅទីនេះតាមដានស្ថានការណ៍គ្រោះធម្មជាតិជានិច្ច ព្រមទាំងត្រៀមខ្លួនជម្លៀសចាកចេញពីលំនៅឋានជាមុន ខណៈពលរដ្ឋខ្លះទៀតរៀបចំសម្ភារៈ និងជម្លៀសទ្រព្យសម្បត្តិមានតម្លៃ ដូចជា ៖ យករថយន្តទៅចតនៅកន្លែងមានសុវត្ថិភាព ។
.png)
កាលពីយប់ថ្ងៃទី៤ ខែកក្កដា កន្លងមក ពលរដ្ឋជាច្រើនដែលមានសមាជិកគ្រួសារជាមនុស្សចាស់ និងកុមារតូចៗបាននាំគ្នាជម្លៀសចេញពីភូមិណាមឃេម មកស្នាក់នៅជម្រកបណ្តោះអាសន្ន ។ នាព្រឹកថ្ងៃទី៥ ខែកក្កដា ពលរដ្ឋថៃជាច្រើននាក់ទៀតបានចេញមកសម្រាកនៅទីធ្លាក្រៅលំនៅឋាន ដោយសារបារម្ភបើមានរលកយក្សស៊ូណាមិកើតឡើង ខ្លាចពុំឮសំឡេងប្រកាសអាសន្នដែលអាជ្ញាធរដាក់នៅទីតាំងចំនួន២កន្លែង ។

ពលរដ្ឋបារម្ភថា បើមានរលកយក្សស៊ូណាមិកើតឡើ់ងពេលយប់ ពួកគេសម្រាកលក់ពុំឮសំឡេងប្រកាសអាសន្ន ទើបនាំគ្នាមកសម្រាកនៅក្រៅលំនៅឋាន ។ ការភ័យខ្លាចរបស់ពលរដ្ឋធ្វើឱ្យភូមិណាមឃេម ឃុំបាងមួង ស្រុកតាក់គួប៉ា ខេត្តផាំងង៉ា មានសភាពស្ងប់ស្ងាត់ខុសធម្មតា ដោយលំនៅឋាននីមួយៗបិទទ្វារ ក្រោយពីមានព័ត៌មានថា នឹងមានរលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដីកើតឡើង ជាពិសេស ពលរដ្ឋដែលធ្លាប់រងគ្រោះដោយសារគ្រោះធម្មជាតិកាលពីឆ្នាំ២០០៤ ពុំហ៊ានរស់នៅក្នុងលំនៅឋានឡើយ ។
អ្នកស្រី អាណុង សាយសុវណ្ណ អាយុ៦៨ឆ្នាំ និងកូនស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិណាមឃេម ប្រាប់ថា នៅយប់ថ្ងៃទី៥ ខែកក្កដា អ្នកស្រីបានសម្រាកនៅក្រៅលំនៅឋានជាមួយកូន អ្នកស្រីបានត្រៀមឯកសារសំខាន់ៗក្នុងគ្រួសាររួចហើយ ។.jpg)
ចំណែកអាជ្ញាធរឃុំបាងមួង បានរៀបចំផែនការទាំងការស្នាក់នៅ និងសុវត្ថិភាពពលរដ្ឋ ដោយបង្កើតជម្រកបណ្តោះអាសន្នដើម្បីឱ្យពលរដ្ឋមកស្នាក់នៅ ចាប់ពីយប់ថ្ងៃទី៤ ខែកក្កដា កន្លងមក ។ វាបានធ្វើបរិយាកាសនៅជម្រកបណ្តោះអាសន្នសម្បូរទៅដោយក្មេងៗ និងមនុស្សចាស់ ។.jpg)
កាលពីថ្ងៃទី៧ ខែកក្កដា នៅនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ លោកស្រី ធីរ៉ាត់ សាំរេចវ៉ានីត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅពលរដ្ឋឈប់បារម្ភពីរលកយក្សស៊ូណាមិ ក្រោយកើតគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន និងឥណ្ឌា ។ សូមឱ្យពលរដ្ឋជឿជាក់លើប្រព័ន្ធប្រកាសអាសន្ន និងការផ្ញើសារទៅពលរដ្ឋតាមរយៈប្រព័ន្ធ Cell Broadcast ។ អ្នកស្រីថា មានការផ្សាយព័ត៌មានជាច្រើនពីរញ្ជួយដីនៅមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ទើបធ្វើឱ្យពលរដ្ឋថៃបារម្ភ ៕










