ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា នាយកដ្ឋានឧតុនិយមថៃប្រាប់ពលរដ្ឋកុំឱ្យជឿព័ត៌មានរលកយក្សស៊ូណាមិកើតនៅថ្ងៃទី៥ ខែកក្កដានេះ ក្នុងខេត្តឈុមផន និងណារ៉ាធីវ៉ាត ពីព្រោះវាជាព័ត៌មានក្លែងក្លាយ ។ បច្ចុប្បន្ន ពុំទាន់មានបច្ចេកវិទ្យាណាអាចបញ្ជាក់ពីពេលវេលាកើតគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិច្បាស់លាស់ ឬប្រាប់ពីមូលហេតុជាមុនទេ ។ ដូច្នេះ សូមពលរដ្ឋកុំភ័យស្លន់ស្លោ និងតាមដានការប្រកាសព័ត៌មានរបស់ស្ថាប័នរដ្ឋប៉ុណ្ណោះ ។
នៅថ្ងៃទី៤ ខែកក្កដា ហ្វេសប៊ុកផេកឈ្មោះ «Anti-Fake News Center Thailand» គឺជាមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយនៅប្រទេសថៃ ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច ឌីជីថល និងសង្គម បានប្រកាសដាស់តឿនពលរដ្ឋពីការផ្សព្វផ្សាយព័ត៌មានថា នៅថ្ងៃទី៥ ខែកក្កដានេះ ខេត្តឈុមផន និងខេត្តណារ៉ាធីវ៉ាត នឹងកើតរលកយក្សស៊ូណាមិ ។ ហ្វេសប៊ុកផេកនេះបញ្ជាក់ថា នាយកដ្ឋានឧតុនិយមបានជូនដំណឹងពីរឿងនេះរួចហើយ គឺបច្ចុប្បន្ន ពុំទាន់មានបច្ចេកវិទ្យា ឬវិធីណាមួយអាចទស្សន៍ទាយពីពេលវេលាកើតគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិច្បាស់លាស់ ឬដឹងហេតុការណ៍មុនទេ ។

ហេតុនេះ ព័ត៌មានដែលផ្សព្វផ្សាយថា ប្រទេសថៃនឹងកើតរលកយក្សស៊ូណាមិ ពុំមែនជាការពិតឡើយ ។ ដូច្នេះ សូមពលរដ្ឋកុំភ្ញាក់ផ្អើលជ្រួលច្របល់ និងតាមដានការប្រកាសគ្រោះធម្មជាតិពីស្ថាប័នរដ្ឋប៉ុណ្ណោះ ។ ពលរដ្ឋកុំជឿព័ត៌មានចចាមអារ៉ាមដែលចែកចាយបន្តគ្នាក្នុងបណ្តាញសង្គម ពីព្រោះវាជាព័ត៌មានក្លែងក្លាយ ។
នាយកដ្ឋានឧតុនិយមថៃសូមឱ្យពលរដ្ឋទាំងអស់ចូលរួមសហការ និងពិចារណាមុនពេលជឿជាក់លើព័ត៌មានណាមួយ ឬចែកចាយក្នុងបណ្តាញសង្គម ។ ពលរដ្ឋត្រូវជឿជាក់លើព័ត៌មានផ្លូវការប៉ុណ្ណោះដើម្បីការពារការចែកចាយព័ត៌មានក្លែងក្លាយ និងធ្វើឱ្យសង្គមយល់ខុស ។
គួរបញ្ជាក់ថា ពលរដ្ឋថៃបានចែកចាយព័ត៌មានមួយក្នុងបណ្តាញសង្គមដែលសរសេរថា ប្រទេសថៃនឹងកើតរលកយក្សស៊ូណាមិ នៅថ្ងៃទី៥ ខែកក្កដា វានឹងកើតឡើងនៅខេត្តភាគខាងត្បូងប៉ុណ្ណោះ រួមមាន ៖ ខេត្តឈុមផន និងណារ៉ាធីវ៉ាត ។ រលកស៊ូណាមិនឹងកើតឡើងរយៈពេល៩ថ្ងៃ មានកម្ពស់២០០ម៉ែត្រ ដែលផ្តល់ផលប៉ះពាល់ទាំងសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ ហើយអ្នករស់នៅតាមឆ្នេរសមុទ្រ ឬតំបន់ទំនាប នឹងរងគ្រោះខ្លាំង ។ រលកស៊ូណាមិនឹងកើតឡើងនៅប្រទេសផ្សេងៗផងដែរ ពលរដ្ឋថៃពុំបាច់ភ័យខ្លាចទេ ឬអាចផ្លាស់ប្តូរទីលំនៅ ៕










