ទំនាក់ទំនងរវាងតារាសម្តែងហូលីវូដ Brad Pitt និង Ines de Ramon មានការរីកចម្រើន កាន់តែខ្លាំង ខណៈអ្នកទាំងពីរបានបង្ហាញសកម្មភាពជាសាធារណៈជាមួយគ្នាកាន់តែ ច្រើន។ យ៉ាងណាមិញតារាប្រុសរូបនេះត្រូវបានគេនិយាយថាលោកគ្មានចេតនាចង់រៀប ការម្តងទៀតនោះទេ។
Brad Pitt កំពុងមានសុភមង្គលក្នុងជីវិតជាមួយមិត្តស្រីរបស់លោកមានឈ្មោះ Ines de Ramon ដែលជាអ្នករចនាគ្រឿងអលង្ការកើតក្នុងឆ្នាំ១៩៩២។ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិបានឱ្យដឹងថា អ្នកទាំងពីរកំពុងរស់នៅជាមួយគ្នានៅក្នុងវីឡាមួយ ក្នុងទីក្រុង Los Angeles ។ ទោះបីជាយ៉ាងណាក៏ដោយ Brad Pitt មិនមានគម្រោងរៀបការនោះទេ បន្ទាប់ពីរៀបការបែកបាក់ជាមួយ Angelina Jolie ។

សារព័ត៌មានបានដកស្រង់សម្តីអ្នកស្និទ្ធស្នាលនឹងតារាសម្តែងរូបនេះដោយបញ្ជាក់ថា «Brad Pitt ធ្លាប់និយាយថាលោកនឹងមិនរៀបការម្តងទៀតទេ»។ មិត្តស្រីថ្មីរបស់ Brad Pitt ត្រូវបានគេចាត់ទុកថាជាមនុស្សវិជ្ជមាន និងសុភាពដែលជួយ Brad Pitt ជំនះព្យុះជាច្រើន។នាងក៏ជាហេតុផលមួយដែលធ្វើឱ្យតារាសម្តែងវ័យ៦២ឆ្នាំរូបនេះសម្រេចចិត្តបញ្ចប់ការលែងលះរយៈពេល ៨ ឆ្នាំជាមួយ Angelina នៅចុងឆ្នាំ ២០២៤ ។

ថ្មីៗនេះ Brad Pitt បានបង្ហាញមុខជាសាធារណៈជាមួយមិត្តស្រី នៅក្នុងកម្មវិធីនានា ជាពិសេសក្នុងអំឡុងពេលផ្សព្វផ្សាយរឿងថ្មី F1។ អ្នកទាំងពីរមិនស្ទាក់ស្ទើរក្នុងការបង្ហាញភាពស្និទ្ធស្នាលនៅមុខកាមេរ៉ា ចាប់ពីកាន់ដៃគ្នាទៅឱបយ៉ាងស្និទ្ធស្នាល។

ទោះជាយ៉ាងណា លោកមិនបានគេចផុតពីបញ្ហាផ្ទាល់ខ្លួនឡើយ។ ការតស៊ូផ្លូវច្បាប់ជាមួយ អតីតភរិយាលើអចលនទ្រព្យនៅតែតានតឹង ខណៈដែលទំនាក់ទំនងជាមួយកូនៗ មិនមានសញ្ញាណាមួយប្រសើរឡើងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានឱ្យដឹងថាតារាសម្តែង Brad Pitt នៅតែសង្ឃឹមថានឹងផ្សះផ្សាជាមួយកូនៗរបស់លោក ហើយបញ្ជាក់ថាទ្រព្យសម្បត្តិនៅ Miraval នឹងជាកម្មសិទ្ធិរបស់ពួកគេ(កូនៗ) នាពេលអនាគត៕










