ប្រទេសបារាំង ៖ ពលរដ្ឋរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង និងភ្ញៀវទេសចរបរទេសជាច្រើននាក់ពុំអាចទ្រាំទ្រនឹងអាកាសធាតុក្តៅខ្លាំងបានសម្រុកទិញកង្ហារតូច-ធំ និងម៉ាស៊ីនត្រជាក់នៅតាមហាងទូទាំងទីក្រុងប៉ារីស ក្រោយពីសីតុណ្ហភាពក្នុងទីក្រុងនេះកើនឡើងរហូតដល់៣៧អង្សាសេ បណ្តាលឱ្យរលកកំដៅគ្របដណ្តប់ពេញទីក្រុង ។
.png)
នាយកទីផ្សារហាងលក់សម្ភារៈអគ្គិសនី «Darty» នៅភាគខាងលិចទីក្រុងប៉ារីស ប្រាប់ថា ហាងបានលក់កង្ហាររាប់រយគ្រឿងកាលពីចុងខែមិថុនា ឆ្នាំ២០២៥ ដោយអតិថិជនមានតម្រូវការទិញកង្ហារ ចាប់ពីទំហំតូច រហូតដល់ធំ ដើម្បីប្រើប្រាស់ក្នុងបន្ទប់ ។ ក្រៅពីនេះ ហាងក៏បានលក់កង្ហារទឹក និងម៉ាស៊ីនត្រជាក់ផងដែរ ក្រោយពីអតិថិជនមានតម្រូវការច្រើនដោយសារអាកាសធាតុក្តៅខ្លាំង ។

លោក លីអូម៉េល ឌីវូល នាយកទីផ្សារហាងលក់សម្ភារៈអគ្គិសនី «Darty» និយាយថា ៖ «យើងមានវិធីដោះស្រាយបញ្ហាចំពោះមុខ ដោយសារលំនៅឋានជាច្រើននៅទីក្រុងប៉ារីស ពុំសូវមានរបាំងការពារកំដៅថ្ងៃបានល្អទេ ។ សីតុណ្ហភាពក្នុងបន្ទប់សម្រាក បន្ទប់ទទួលភ្ញៀវ និងបន្ទប់ផ្សេងៗ គឺលើសពី៣០អង្សាសេ ហើយវាពិបាកណាស់ក្នុងការសម្របខ្លួន» ។
ពលរដ្ឋនៅទីក្រុងប៉ារីសពុំអាចទ្រាំទ្រនឹងអាកាសធាតុក្តៅខ្លាំងបានទេ ពួកគេក៏សម្រុកទៅទិញកង្ហារ និងម៉ាស៊ីនត្រជាក់នៅតាមហាងបន្ថែមទៀត ដោយសារពុំអាចសម្របខ្លួននឹងអាកាសធាតុក្តៅបែបនេះ ។

ភ្នាក់ងារឧតុនិយមបារាំងបានជូនដំណឹងទៅកាន់ពលរដ្ឋពីអាកាសធាតុក្តៅបំផុតក្នុងតំបន់ចំនួន១៦ រួមទាំងទីក្រុងប៉ារីស ហើយភ្នាក់ងារឧតុនិយមព្យាករថា សីតុណ្ហភាពនឹងកើនឡើងកាន់តែខ្ពស់ រហូតដល់ថ្ងៃទី២ ខែកក្កដា ។.png)
គួរបញ្ជាក់ថា ភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ (UN) បញ្ជាក់ថា នាថ្ងៃអនាគត ពិភពលោកនឹងប្រឈមជាមួយអាកាសធាតុក្តៅជាញឹកញាប់ និងកាន់តែក្តៅខ្លាំងឡើង ។ ដូច្នេះ ពិភពលោកគួរតែរៀនសូត្រ និងត្រៀមខ្លួនរស់នៅជាមួយរលកកំដៅ ដោយសារទង្វើរបស់មនុស្សធ្វើឱ្យអាកាសធាតុប្រែប្រួល ៕










