មនុស្សភាគច្រើនតែងតែលេងទូរស័ព្ទដៃគ្រប់ពេលវេលា មិនថាពេលបរិភោគអាហារ នៅទីសាធារណៈ និងពេលបន្ទោរបង់ក្នុងបន្ទប់ទឹក ។ ប៉ុន្តែគ្រូពេទ្យដាស់តឿនថា ការលេងទូរស័ព្ទដៃពេលអង្គុយបន្ទោរបង់រយៈពេលយូរពុំមែនជារឿងគួរឱ្យអស់សំណើចទេ ប៉ុន្តែយើងប្រឈមនឹងជំងឺជាច្រើន ថែមទាំងប៉ះពាល់ដល់ការផ្តោតអារម្មណ៍ពេលបន្ទោរបង់ និងធ្វើឱ្យមានសុខភាពផ្លូវចិត្តដោយពុំដឹងខ្លួន ។
លទ្ធផលការស្រាវជ្រាវថ្មីបញ្ជាក់ថា ពលរដ្ឋអាមេរិកបានចំណាយពេលយ៉ាងច្រើនលេងទូរស័ព្ទដៃពេលបន្ទោរបង់ ហើយឥរិយាបថនេះគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ រីឯក្រុមស្រាវជ្រាវមកពីស្ថាប័ន QS Supplies ឱ្យដឹងថា ក្រុមហ៊ុនលក់សម្ភារៈបន្ទប់ទឹកបានស្រាវជ្រាវពីឥរិយាបថពលរដ្ឋអាមេរិកក្នុងបន្ទប់ទឹក ជាង៥០០នាក់ ហើយលទ្ធផលបង្ហាញថា ពលរដ្ឋអាមេរិកចំណាយពេលជាមធ្យមរហូតដល់៤៩ម៉ោងក្នុង១ឆ្នាំ សម្រាប់ការលេងទូរស័ព្ទពេលបន្ទោរបង់ ឬស្មើពប្រមាណ២ថ្ងៃ ដែលពួកគេបានចំណាយក្នុងបន្ទប់ទឹក ។
ពេលបន្ទោរបង់ ពលរដ្ឋអាមេរិកបានមើលបណ្តាញសង្គម ៦៦%, មើលវីដេអូ ៤០%, មើលអត្ថបទ ៣៧%, អានព័ត៌មាន ៣៦%, ផ្ញើអ៊ីម៉ែល ៣៦%, លេងហ្គេម ២៩%, ទិញទំនិញអនឡាញ ១៤%, ធ្វើការ ៩% និងនិយាយទូរស័ព្ទ ៨% ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុត គឺពលរដ្ឋអាមេរិក ២% ប្រាប់ថា ពួកគេបាន Video Call ពេលអង្គុយបន្ទោរបង់ ។
លទ្ធផលការស្ទង់មតិបង្ហាញទៀតថា ពលរដ្ឋអាមេររិកក្រុម Gen Z (កើតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២) ចូលចិត្តលេងទូរស័ព្ទពេលបន្ទោរបង់ច្រើនជាងគេ ហើយពួកគេទទួលស្គាល់ថា បានចំណាយពេលលេងទូរស័ព្ទក្នុងបន្ទប់ទឹកជាមធ្យមរហូតដល់៥៤ម៉ោងក្នុង១ឆ្នាំ ។ ប៉ុន្តែឥរិយាបថនេះប្រឈមនឹងផលប៉ះពាល់សុខភាពដោយមិនដឹងខ្លួន និងក្លាយជាទម្លាប់ញៀនទូរស័ព្ទ ។
នាយកស្ថាប័ន QS Supplies និយាយថា ទិន្នន័យនេះបង្ហាញពីការប្រើប្រាស់បណ្តាញសង្គម ជាពិសេស TikTok បានដណ្តើមពេលវេលាឯកជនរបស់មនុស្សម្នាក់ៗខ្លាំងកម្រិតណា ។ មនុស្សភាគច្រើនពុំដឹងថា ការប្រើទូរស័ព្ទក្នុងបន្ទប់ទឹក គឺកខ្វក់ខ្លាំង ហើយមានមនុស្សតែម្នាក់ប៉ុណ្ណោះក្នុងចំណោម៤នាក់ ដែលបានសម្អាតទូរស័ព្ទក្រោយប្រើរួច មានន័យថា ទូរស័ព្ទដែលយើងកំពុងកាន់ប្រមូលផ្តុំដោយមេរោគ ។
ទោះជាបានលាងដៃ និងជូតសម្អាតទូរស័ព្ទក្រោយចូលបន្ទប់ទឹកក្តី ប៉ុន្តែឥរិយាបថនេះនៅតែប្រឈមនឹងផលប៉ះពាល់សុខភាពដដែល រួមទាំងកើតជំងឺឫសដូងបាត ហើមពោះវៀនធំ ឬចេញឈាមពេលបន្ទោរបង់ ។ ដូច្នេះ គ្រូពេទ្យបានណែនាំគួរប្រើទូរស័ព្ទមិនលើស១៥នាទី និងសម្អាតទូរស័ព្ទជានិច្ច ឬចៀសវាងយកទូរស័ព្ទចូលបន្ទប់ទឹកដើម្បីរក្សាអនាម័យ និងការពារសុខភាពរយៈពេលយូរ ៕